- 2019-09-11 01:55:12
- ចំណេះដឹង
ប្រៀបធៀបឲ្យដាច់! គួរទិញ iPhone 11 Pro ឬលៃលកត្រឹម iPhone XS Max?
- 2019-09-11 01:55:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រៀបធៀបឲ្យដាច់! គួរទិញ iPhone 11 Pro ឬលៃលកត្រឹម iPhone XS Max?
ចន្លោះមិនឃើញ
Apple បានប្រកាសផ្សាយនូវ iPhone ចំនួន ៣ ម៉ូឌែលនៅឯព្រឹត្តិការណ៍ Apple Event របស់ខ្លួនកាលពីយប់មិញ។ ការប្រកាសលក់ផ្លូវការនឹងធ្វើឡើងនាថ្ងៃទី ២០ កញ្ញា ប៉ុន្តែមកទល់ពេលនេះក៏នៅមានភាពស្ទាក់ស្ទើរសម្រាប់អតិថិជនអ្នកប្រើប្រាស់ ក្នុងការសម្រេចចិត្តថាតើគួរទិញ iPhone សេរ៊ីឆ្នាំ ២០១៩ ឬលៃលកត្រឹម iPhone XS Max សិន?
Sabay បង្ហាញនូវភាពខុសគ្នាប៉ុន្មានចំណុចរវាង iPhoneជំនាន់ទាំងពីរ និងវាយតម្លៃនូវការសម្រេចចិត្តដ៏សមរម្យមួយ៖
រចនាបថ
ចំពោះរូបរាងហាក់ពុំមានភាពខុសប្លែកគ្នាច្រើនឡើយ ពោលគឺរចនាបថអេក្រង់ខាងមុខនៅឆ្នាំ ២០១៩ ក្រុមហ៊ុន Apple នៅតែបន្តប្រើប្រាស់អេក្រង់ឆកធំដដែល ដោយខុសត្រឹមគន្លងនៃកាមេរ៉ាក្រោយរចនាជារាងបញ្ឈរភ្លោះលើ iPhone 11 និងជារាងការេលើ iPhone 11 Pro។
ទម្ងន់តួខ្លួន iPhone 11 Pro/11 Pro Max មាន ១៨៨ ក្រាម និង ២២៦ ក្រាមធ្ងន់ជាងជំនាន់ចាស់ iPhone XS/XS Max មាន ១៧៧ ក្រាម និង ២០៨ ក្រាម។ ចំពោះកម្រាស់តួខ្លួនក៏សេរ៊ីក្រោយរាងក្រាស់ជាងមុនបន្តិចផងដែរ។
អេក្រង់
ទំហំអេក្រង់ ៥,៨ អ៊ីញ និង ៦,៥ អ៊ីញនៅតែជាទំហំស្តង់ដារដែលប្រើប្រាស់លើ iPhone ឆ្នាំ ២០១៩។ ចំណុចខុសប្លែកខ្លាំងត្រង់កម្រិតពន្លឺបង្ហាញមានភាពខ្ពស់ជាងដល់ទៅ ៨០០ nits ស្របពេល iPhone XS លោតបានត្រឹម ៦២៥nits និងប្រព័ន្ធដំណើរការ 3D Touch ត្រូវផ្លាស់ប្តូរទៅជា Haptic Touch។
កាមេរ៉ា
នេះជាចំណុចរសើបនៃការអភិវឌ្ឍខ្លាំងបំផុតលើ iPhone ឆ្នាំ ២០១៩ ដោយជំនាន់ចាស់មានប្រើប្រាស់ត្រឹមកាមេរ៉ាក្រោយ ២ គ្រាប់ លុះមកដល់ជំនាន់ក្រោយឡើងដល់ ៣ គ្រាប់ ដែលបន្ថែមឡេនសំខាន់ជាប្រភេទ Ultra-wide។ អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចថតរូបបែបទូលាយ ជាមួយនឹងការគាំទ្រនូវមុខងារ Night Mode អាចថតនៅទីតាំងងងឹតបានកាន់តែល្អជាងមុន។
ក្រឡេកទៅកាមេរ៉ាមុខលើជំនាន់ចាស់មានទំហំត្រឹម 7MP លុះមកដល់ iPhone 11 មាន 12MP ខ្លាំងត្រង់អាចថតវីដេអូ Slo-mo នូវកម្រិត 1 080p លើលក្ខខណ្ឌ 120fps ថែមទៀតផង។
ផ្នែក Hardware
iPhone 11 Pro បានពាំនាំនូវបន្ទះឈីបថ្មីគឺ A13 Binonic បន្តគាំទ្រមុខងារសាកថ្មឥតខ្សែ Wireless Charge ប៉ុន្តែមិនទាន់វិវត្តដល់មុខងារ Reverse Wireless Charging ដូចគូប្រជែងដទៃឡើយ។ ជាងនេះប្រព័ន្ធ 5G ក៏មិនមានផ្តល់ជូនលើជម្រើសនៃម៉ូឌែលណាមួយ ពោលគឺប្រើប្រាស់ 4G ស្របពេលក្រុមហ៊ុនធំតូចមួយចំនួនក្នុងលោកបាននឹងកំពុងតេស្តសាកល្បងអ៊ីនធឺណិតល្បឿនលឿនជាបណ្តើរៗ។
ទំហំថ្ម (mAh) ទំហំ RAM ខាងក្រុមហ៊ុន Apple មិនទាន់លម្អិតជាក់ច្បាស់ តែត្រង់ចំណុចខ្លឹមលើ iPhone 11 Pro គឺការផ្តល់ជូនឆ្នាំងសាកល្បឿនលឿនកម្លាំង ១៨ វ៉ាត់មកស្រាប់ខាងក្នុងប្រអប់។
តម្លៃ
iPhone 11 Pro មានតម្លៃចាប់ពី ៩៩៩ ដុល្លារឡើងទៅ ស្របពេល iPhone 11 Pro Max មានតម្លៃចាប់ពី ១ ០៩៩ ដុល្លារ។ គិតត្រឹមព្រឹកថ្ងៃពុធនេះ ក្រុមហ៊ុន Apple បានបិទមិនមានការលក់ iPhone XS/XS Max លើគេហទំព័រខ្លួនឡើយ ពោលគឺទម្លាក់ថ្លៃត្រឹម iPhone XR មកសល់ ៥៩៩ ដុល្លារ និង iPhone 8 មកសល់ ៤៤៩ ដុល្លារ។
ការវាយតម្លៃរួម
និយាយឲ្យសាមញ្ញបំផុតប្រសិនអ្នកស្ថិតក្នុងប្រភេទអ្នកប្រើប្រាស់ចូលចិត្តការថតរូប នោះការចំណាយលុយទៅលើ iPhone 11 Pro ឬ 11 Pro Max ពិតជាសក្ដិសមបំផុត ព្រោះចំណុចខ្លាំងត្រង់ផ្នែកកាមេរ៉ានៃការបន្ថែមឡេន Ultra-wide វាជាលើកដំបូងនិងបទពិសោធន៍ថ្មី ដែលធៀបនឹង iPhone សេរ៊ិចាស់គ្មានដូច។
ផ្ទុយទៅវិញប្រសិនអ្នកត្រឹមស្ថិតក្នុងប្រភេទអ្នកប្រើប្រាស់ទូទៅ មិនសូវជាខ្វល់ខ្វាយលើការថតរូប នោះជម្រើស iPhone តម្លៃថោកត្រកូល XS/XS Max អាចថាជាជម្រើសល្អជាង។ ប៉ុន្តែប្រសិនអ្នកចង់ភ្លក់រសជាតិ iPhone សេរ៊ីឆ្នាំ ២០១៩ ហើយមិនចង់ចំណាយច្រើន នោះក៏គួរតែសាកល្បងជាមួយ iPhone 11 ឬ iPhone XR ជំនាន់ទីពីរ ព្រោះធុននេះក៏មានឡេន Ultra-Wide ដូចគ្នា គួបផ្សំជម្រើសពណ៌ស៊ីវិល័យច្រើន ខុសខ្លាំងត្រង់ផ្នែកអេក្រង់ដែលមិនមែនជា OLED តែប៉ុណ្ណោះ៕
អានអត្ថបទ: