• 2019-08-15 09:04:41
  • ចំណេះដឹង

មើល YouTube រាល់​ថ្ងៃ ​ប៉ុន្តែ​ប្រហែល​អត់​ដឹង ៥ ចំណុច​នេះ​ទេ

  • 2019-08-15 09:04:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដឹង​ហើយ​ថា​ YouTube ជា​ប្រព័ន្ធ​ចែក​រំលែក​វីដេអូ​ដ៏​ធំ​ជាង​គេ​ក្នុង​លោក​ដែល​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​ ២០០៥ មក​ម្ល៉េះ។ នៅ​ពី​ក្រោយ​​ប្រព័ន្ធ​​ដែល​អ្នក​ចូល​មើល​វីដេអូ​សឹង​រាល់​ថ្ងៃ​នេះ​ មាន​រឿងរ៉ាវ​មួយ​ចំនួន​អ្នក​ប្រហែល​មិន​ដឹង​ឡើយ។

១. PayPal ជា​អ្នក​រួម​ចំណែក​​បង្កើត​ YouTube

YouTube បង្កើត​ឡើង​ដោយ​ Chad Hurley, Steve Chen និង Jawed Karim ដែល​ពួក​គេ​បាន​ស្គាល់​គ្នា​ដោយ​សារ​ធ្វើ​ការ​ជា​មួយ​គ្នា​​នៅ​ក្រុមហ៊ុន​ PayPal។ អ្វី​គួរ​ចាប់​អារម្មណ៍​នោះ​គឺ​​ទុន​​​សម្រាប់​បង្កើត​ YouTube គឺ​ទទួល​បាន​ពី​ប្រាក់​រង្វាន់​ដែល​បាន​នៅ​ពេល​ eBay ទិញ​យក​ PayPal។ ហេតុ​នេះ​អាច​និយាយ​បាន​ថា​បើ​គ្មាន​ PayPal ទេ​ក៏​គ្មាន​ YouTube ដែរ។

២. ដើម​ឡើយ​ YouTube ជា​វិបសាយ​ផ្គូផ្គង​មនុស្ស

ដើមឡើយ​ស្ថាបនិក​ទាំង​ ៣ មិន​បាន​គិត​ឃើញ​គំនិត​បង្កើត​ YouTube ដូច​ជា​ពេល​បច្ចុប្បន្ន​ភ្លាមៗ​នោះ​ទេ។ ដំបូង​ YouTube រស់​រាន​មាន​​ជីវិត​​ក្នុង​នាម​ជា​វិបសាយ​ផ្គូផ្គង​មនុស្ស​ប្រភេទ​វីដេអូ ​មាន​ឈ្មោះ​ថា​ "Tune In Hook Up” ដែល​ទទួល​បាន​ឥទ្ធិពល​ពី​វិបសាយ​ HotorNot។ យ៉ាងណា​ចុង​ក្រោយ​អ្នក​ទាំង​ ៣ មិន​បាន​​ដើរ​តាម​គន្លង​នេះ​ឡើយ។ គំនិត​បង្កើត​ YouTube ​ដូច​បច្ចុប្បន្ន​​នេះ​គឺ​ដោយ​សារ​រឿង​ពីរ​ ទី​មួយ​​ដោយ​សារ​ Karim មិន​អាច​ស្វែង​រក​វីដេអូ​​ខុស​បច្ចេកទេស​របស់​តារា​ល្បី​មួយ​រូប​បាន និង​ទីពីរ​​ពេល​ Hurley និង Chen មិន​អាច​ចែក​រំលែក​វីដេអូ​ថ្ងៃ​ជប់​លៀង​បាន​ដោយ​សារ​ការ​​កម្រិត​ទំហំ​​ឯកសារ​របស់​អ៊ីមែល។

៣. YouTube បាន​បង្ក​បញ្ហា​ដល់​ Utube

ឈ្មោះ​វិបសាយ​ youtube.com បាន​ចុះ​បញ្ជី​នៅ​ថ្ងៃ​ ១៤ កុម្ភៈ ឆ្នាំ​ ២០០៥។ យ៉ាងណា​ក្ដី​ឈ្មោះ​នេះ​បាន​បង្ក​ជា​បញ្ហា​ក្រពុល​មុខ​មួយ​ដល់​ក្រុមហ៊ុន ​Universal Tube & Rollform Equipment ដែល​មាន​ឈ្មោះ​វិបសាយ​ utube.com។ ដោយ​សារ​តែ​មាន​មនុស្ស​ប្រកប​ឈ្មោះ​​វិបសាយ​ YouTube ខុស​ហេតុ​នេះ​ក៏​ជ្រុល​ទៅ​ចូល​វិបសាយ​ utube.com វិញ​​ ធ្វើ​ឲ្យ​ចរាចរ​​​​អ៊ីនធឺណិត​របស់​វិបសាយ​នេះ​កក​ស្ទះ​ជា​ខ្លាំង។ ក្រុមហ៊ុន​ដែល​មាន​វិបសាយ​ utube.com ក៏​បាន​ប្ដឹង​ទៅ​ YouTube ដោយ​ថា​​ការ​កក​ស្ទះ​របស់​ខ្លួន​បណ្ដាល​មក​ពី​ YouTube ប៉ុន្តែ​ការ​ប្ដឹង​នេះ​ត្រូវ​បាន​ច្រាន​ចោល។

៤. វីដេអូ​ដំបូង​លើ YouTube

វីដេអូ​ដំបូង​លើ​ YouTube ​ថត​ដោយ​បុរស​ឈ្មោះ​ Yakov Lapitsky នៅ​សួន​ San Diego ដែល​ក្នុង​វីដេអូ​បង្ហាញ​ពី​សហ​ស្ថានិក YouTube លោក​ Jawed Karim ​កំពុង​ឈរ​នៅ​មុខ​សត្វ​ដំរី។ ចាប់​តាំង​ពី​ថ្ងៃ​ទី​ ២៣ មេសា​ ឆ្នាំ​ ២០០៥ មក​ទល់​ពេល​នេះ​វីដេអូ​មាន​ចំនួន​ទស្សនា​ ៨២ លាន​ដង។

៥. ស្ថិតិ​ដ៏​អស្ចារ្យ​​​

YouTube សាង​បាន​សមិទ្ធផល​ថ្មី​នៅ​ឆ្នាំ​នេះ ដោយ​អាច​ប្រមូល​អ្នក​ប្រើ​ប្រាស់​ជា​ប្រចាំ​ខែ​ដល់​ខ្ទង់ ២ ពាន់​លាន​នាក់ ដែល​នេះ​ស្មើ​នឹង​ប្រមាណ ២៥% នៃ​ចំនួន​ប្រជាជន​សរុប។ ផ្អែក​តាម​របាយការណ៍​មួយ​ចំនួន បាន​ឲ្យ​ដឹង​ថា​អ្នក​ប្រើ​ ៦២% គឺ​ជា​ប្រុស និង​ ៣៨% ជា​មនុស្ស​ស្រី។

ប្រភព៖ Mashable ប្រែ​សម្រួល៖ សុខហេង

មតិយោបល់