• 2019-07-17 07:28:47
  • ចំណេះដឹង

ដឹង ៧ ចំណុច​ងាយ​សម្រេចចិត្តទិញ RX330 មួយទឹក​ជិះកុំឲ្យខកចិត្ត

  • 2019-07-17 07:28:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

RX 330 ជា​ប្រភេទ​ឡាន​តួខ្ពស់ សម្រាប់ប្រើប្រាស់ជា​លក្ខណៈ​​គ្រួសារ​។ ត្រកូលនេះ​កាលីប​និង​ស៊េរី​ខ្ពស់​ជាង RX300 តែ​តម្លៃ​ខ្ពស់ជាង។

សម្រាប់​អ្នក​មាន​បំណង​ចង់​ទិញ RX330 អាច​ស្វែង​យល់ពី​លក្ខណៈ​បច្ចេកទេស​និង​ទីផ្សារ​នៃ​រថយន្ត​នេះ​សិន​មុន​សម្រេច​ចិត្ត​ទិញ​ជិះ។

  • ស៊េរី​ឆ្នាំ

ត្រកូល Lexus RX330 មាន​ចាប់​ពី​ស៊េរី​ ២០០៤ និង ២០០៥ ដែល​កំពុង​​មានការ​ប្រើប្រាស់ច្រើន។ ចំពោះ​ស៊េរី ២០០៦ ឡើង​ដល់ជំនាន់​ RX400h ជា​ប្រភេទ Hybrid។

  • ប្រភេទ Option

RX330 មាន ៣ ប្រភេទ​គឺ ប្រភេទ Base Option, Half Full និង​ full option។

ប្រភេទ Half option ឬfull option ខុស​គ្នា​ស៊េរី Base Option ដូច​ជា អេក្រង់​បង្ហាញ​ព័ត៌មាន​ធំ, មាន DVD​, មាន​កាមេរ៉ា​ក្រោយ, ​មាន​ទឹក​បាញ់​ចង្កៀង, ប៊ូតុង​ចុច​បិត​ឃ្លុប​ក្រោយ​អូតូ (ប្រភេទ Base Option អាច​មាន​ឬ​អត់) កៅអី​អង្គុយ​បញ្ជា​អូតូ, ចំពោះ​ពោង​សុវត្ថិភាព​មាន​ប្រាំបួន​គ្រាប់​ដូច​គ្នា​។

សម្រាប់ full option មាន​លក្ខណៈ​ពិសេស​ជាង Base និង Half គឺ​កន្លែង​ដាំបាយ​អគ្គិសនី​នៅ​ផ្នែក​ខាង​ក្រោយ មាន​ផ្លិត​ទឹក​ដំណើរ​ការ​អូតូ​នៅ​​ពេល​ភ្លៀង។

  • ប្រភេទ​ប៉ុង

Lexus RX330 ក៏​មានប្រភេទ​ប៉ុង ១ និង ប៉ុង ២ មិន​ខុស​ពី RX300។ តាម​អ្នក​ជំនាញ​ផ្នែក​រថយន្ត បាន​ណែនាំ​ឲ្យអ្នកប្រើប្រាស់​គួរ​ទិញ​ប្រភេទ​ប៉ុង ១ ព្រោះ​ឡាន​ប្រភេទ​នេះ​នាំ​ចូល​ពី​សហរដ្ឋអាមេរិក មាន​ស្ថានភាព​ប្រើ​ប្រាស់​នៅ​មាន​សភាព​ស្អាត។ ចំណែក​​ប៉ុង ២ ប្រើ​នៅ​តំបន់​មាន​ព្រិល តំបន់​ទឹក​លិច​ក្បែរ​​មាត់​សមុទ្រ និង​ផ្លូវ​ប្រភេទ​ពិបាកៗ​ ហើយ​ឡាន​មិន​សូវ​ស្អាត ឆាប់​ច្រេះ ខូច​គ្រឿង​ក្រោម ជាហេតុ​ពុំ​សូវ​មាន​គេ​នាំ​ចូល។

  • កម្រិត​ស៊ី​សាំង

អ្នក​ប្រើ​ប្រាស់​តែង​តែ​ចង់​បាន​រថយន្ត​ប៉ុង ១ ជាង​ប៉ុង ២ ព្រោះ​គិត​ថា​ស៊ី​សាំង​តិច ជាង​រថយន្ត​ប៉ុង ២។ ម្យ៉ាង​ទៀត​ឡាន​ប្រភេទ​ប៉ុង ១​ មាន​ទី​ផ្សារ​ជាង ងាយ​ស្រួល​លក់​ចេញ ឬ​ចង់​ប្ដូរ​ស៊េរី​ថ្មី​ក៏​មិន​សូវ​ខាត​ច្រើន។

  • ប្រភេទ​ប៉ុង​មួយ​ ម៉ាស៊ីន​ស៊ីឡាំង​ ៦​ ទំហំ​ ៣,៣ លីត្រ ៖ ក្នុង​ក្រុង​ ១៣,៣៨ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,២២ លីត្រ/ ១០០ គ.ម។

  • ប្រភេទ​ប៉ុង​ពីរ​​ ម៉ាស៊ីន​ស៊ីឡាំង​ ៦ ទំហំ​ ៣,៣ លីត្រ ៖ ក្នុង​ក្រុង​ ១៤,៧ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,៦៩ លីត្រ/ ១០០ គ.ម។

កម្រិត​ស៊ីសាំង អាស្រ័យ​តាមការ​ប្រើប្រាស់​ជាក់ស្តែង។

  • ពណ៌

អ្នកប្រើប្រាស់គួរ​ជ្រើសរើស RX 330 ពណ៌​ស​ ជា​ពណ៌​ពេញនិយម​​មាន​អ្នក​ប្រើ​ប្រាស់​ច្រើន ទោះ​បី​រាង​​ថ្លៃ​ជាង​បន្តិច​។ ភាគ​ច្រើន​ឡាន​ពណ៌​ផ្សេង​មិន​សូវ​និយម​ បើ​មាន​ក៏​តិចតួច​ដែរ​ដូចជា​ពណ៌​មាស ពណ៌​ស្ករ ពណ៌​ខៀវ ពណ៌​ខ្មៅ​ជាដើម។

  • តម្លៃ

បើ​និយាយ​ពី​តម្លៃ​វិញ​ RX330 មាន​តម្លៃ​ខុស​គ្នា​តាម​ប្រភេទ Option និង​ពណ៌។ RX330 ​ប្រភេទ Base Option ទៅ Full option តម្លៃ​ខុស​គ្នា​ចន្លោះ​ពី ៣ ០០០ ទៅ ៤ ០០០ ដុល្លារ តាម Option នីមួយៗ​ និង​ពណ៌​ពេញ​និយម។

  • ពេល​លក់​ចេញ

ស៊េរី​ពួក Lexus RX មួយ​ទឹក​ មានការ​ពេញនិយម​​ងាយស្រួល​លក់​ចេញ​មិន​សូវ​ខាត​ច្រើន​ដូច​ស៊េរី​ដទៃ​ឡើយ ដោយ​សារ​ជា​ប្រភេទ​រថយន្ត​ដែល​ត្រូវ​ប៉ាន់​ទាំង​អ្នកមានជីវភាព​មធ្យម​និងអ្នក​មាន​ទិញ​ជិះ៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

មតិយោបល់