• 2019-05-01 06:00:00
  • ចំណេះដឹង

មកស្គាល់ មេរោគ​សាហាវ​ទាំង ៤ ហ៊ាន​តែ​ប្រហែស ដឹង​តែ​ខ្ទេច​មិន​ខាន

  • 2019-05-01 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ដែល​អ្នក​ប្រើ​កុំព្យូទ័រចង់​ដោត​ Flash Drive ឬ​ក៏​អ្នក​ប្រើប្រាស់​ទូរសព្ទ​ចង់​ផ្ញើ​ទិន្នន័យ​ឲ្យ​គ្នា​តាម​ប្រព័ន្ធ Bluetooth រឿង​ដែល​អ្នក​ប្រើប្រាស់​ភាគ​ច្រើន​​ប្រយ័ត្ន​មុន​គេ គឺ​រឿង​ឆ្លង​មេរោគ​ (Malware) នេះ​តែ​ម្ដង។

តាម​ពិត​ វា​នៅ​មាន​វិធី​ច្រើន​ទៀត ដែល​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​ឧបករណ៍​ប្រើប្រាស់​ឆ្លង​មេរោគទាំង​នោះ​បាន ដូច​ជា​ការ​បើក​មើល​សារ​ដែល​មាន​ផ្ទុក​កូដ​មេរោគ ការ​ទាញ​យក​កម្មវិធី​នានា​ពី​ប្រភព​មិន​ច្បាស់​លាស់​ជា​ដើម។

យ៉ាងណាមិញ កូដ​មិន​ល្អ​ទាំង​នោះ​មិន​មែន​មាន​តែមេរោគ ដែល​អ្នក​ហៅ​ថា Virus តែ​ម៉្យាង​នោះ​ទេ។ ខាង​ក្រោម​នេះ ជា​កូដ​មេរោគ​សាហាវ​ទាំង ៤ ប្រភេទ​ ដែល​ជន​ទុច្ចរិត​ប្រើ​ដើម្បី​គ្រប់​គ្រង និង​ទាញ​យក​ទិន្នន័យ​របស់​យើង​មក​ប្រើប្រាស់៖

១. Virus

ដោយ​វា​មាន​ឈ្មោះ​ថា Virus ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​មេរោគ​នោះ ជា​ប្រភេទ​កូដ​មេរោគ (Malware) ដែល​សាមញ្ញ​បំផុត ដែល​មនុស្ស​ភាគ​ច្រើន​តែង​ជួប​ប្រទះ។ វា​ភ្ជាប់​ខ្លួន​វា​ទៅ​នឹង​កម្មវិធី​នានា​ ហើយ​វា​នឹង​ឆ្លង​ទៅ​គ្រប់​កុំព្យូទ័រ​ដែល​វា​បាន​ប្រាស្រ័យ​ទាក់​ទង។ Virus នឹង​មិន​អភិវឌ្ឍ​ខ្លួន​វា​ឡើយ ប្រសិន​បើ​អ្នក​ប្រើប្រាស់​មិន​បាន​ចុច​ដំឡើង​កម្មវិធី​ដែល​ផ្ទុក​វា (.exe file)។ ប៉ុន្តែ បើ​អ្នក​បាន​ចុច​លើ​កម្មវិធី​ដែល​មាន​ផ្ទុក Virus នោះ​ហើយ វា​នឹង​ចាប់​ផ្ដើម​បំបែក​ខ្លួន និង​ធ្វើ​សកម្មភាព​លុក​លុយ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ។ លទ្ធផល​ចំពោះ​កុំព្យូទ័រ​ដែល​ត្រូវ​បាន​លុក​លុយ​ដោយ Virus អាច​មាន​ដូច​ជា​ការ​ដើរ​យឺត​ជាង​មុន ខូច​កម្មវិធី បើក​លែង​កើត និង​អាច​ឲ្យ​កុំព្យូទ័រ​ប្រើប្រាស់​លែង​បាន​ (DOS Attack)។

២. Worm

កូដ​មេរោគ​ប្រភេទ Worm អាច​បំបែក​ខ្លួន​បាន​ដូច​ជា Virus ដែរ តែ​វា​មាន​សមត្ថភាព​បំបែក​ខ្លួន​ដោយ​ឯក​ឯង​មិន​ចាំ​បាច់​ត្រូវ​តែ​ឲ្យ​អ្នក​ប្រើប្រាស់​ចុច​លើ​កម្មវិធី​ណា​មួយ​ឡើយ។ វា​នឹង​ស្វែង​រក​ចំណុច​ខ្សោយ​នៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ឬ​ក៏​ប្រើប្រាស់​ព័ត៌មាន​ក្លែង​ក្លាយ​ណា​មួយ​មក​បោក​បញ្ឆោត​អ្នក​ប្រើប្រាស់​ឲ្យ​ផ្ដល់​ដំណើរ​ការ​ឲ្យ​វា​បាន​ពេញ​លេញ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ នៅ​ពេល​ដែល Worm ជ្រៀត​ចូល​ក្នុង​កុំព្យូទ័រ​របស់​អ្នក​ហើយ វា​នឹង​ប្រើប្រាស់​ប្រព័ន្ធ​បញ្ជូន​ទិន្នន័យ និង​ព័ត៌មាន​ដើម្បី​ឆ្លង​កាត់​ទៅ​ក្នុង​ប្រព័ន្ធ​ទាំង​មូល​ដោយ​មិន​ឲ្យ​អ្នក​ប្រើប្រាស់​ដឹង​ឡើយ។

៣. Trojan

Trojan ជា​កូដ​មេរោគ​ដ៏​មាន​គ្រោះ​ថ្នាក់​មួយ ព្រោះ​វា​ស្ថិត​នៅ​ក្រោម​ទម្រង់​ជា​កម្មវិធី ដែល​មាន​ភាព​ត្រឹមត្រូវ ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ច្រឡំ​ហើយ​ត្រូវ​ឆ្លង Trojan ចូល​ក្នុង​កុំព្យូទ័រ​ខ្លួន។ វា​មាន​សមត្ថភាព អាច​រំខាន​អ្នក​ប្រើប្រាស់​ដោយ​វា​អាច​លោត​ផ្ទាំង​នានា​ដោយ​ខ្លួន​ឯង បំផ្លាញ​ឬ​លួច​យក​ទិន្នន័យ​អ្នក​ប្រើប្រាស់ ហើយ​ចុង​ក្រោយ​វា​ក៏​អាច​បើក​ផ្លូវ​ឲ្យ Hacker លួច​ចូល​ក្នុង​កុំព្យូទ័រ​របស់​យើង​បាន។

៤. Bot

Bot ជា​ប្រភេទ​កូដ​មេរោគ​ ដែល​គេ​អាច​ប្រើប្រាស់​ក្នុង​ផ្លូវ​ល្អ​ផង និង​ក្នុង​ផ្លូវ​អាក្រក់​ផង។ ក្នុង​ផ្លូវ​ល្អ គេ​អាច​ប្រើ Bot ដើម្បី​វាយ​លុយ​កុំព្យូទ័រ​មួយ ហើយ​ទាញ​វា​យក​មក​គ្រប់​គ្រង​ក្រោម​ម៉ាស៊ីន​មេ​វិញ។ បើ​និយាយ​ពី​រឿង​មិន​ល្អ​វិញ Bot មាន​សមត្ថភាព​ខ្លាំង​ដោយ​វា​មិន​ត្រឹម​តែ​អាច​បំបែក​ខ្លួន​ដោយ​ខ្លួន​ឯង​ដូច Worm ទេ​ តែ​វា​អាច​លួច​លេខ​សម្ងាត់ លេខ​គណនី​ហិរញ្ញវត្ថុ ព័ត៌មាន​ផ្ទាល់​ខ្លួន ចាប់​យក​ការ​ឆ្លង​ឆ្លើយ និង​បើក​ផ្លូវ​ឲ្យ Hacker ចូល​លុក​លុយ​កុំព្យូទ័រ​ថែម​ទៀត​ផង៕

អត្ថបទ៖ ផាត សុវត្ថិ

មតិយោបល់