• 2019-04-29 03:33:20
  • ព័ត៌មាន

នេះ​អាច​ជា​មូលហេតុ Huawei មាន​គំនិត​ច្នៃ​ប្រឌិត​ខ្លាំង​

  • 2019-04-29 03:33:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួ​លេខ​​របស់​ Bloomberg បាន​បង្ហាញ​ថា​ នៅ​ក្នុង​ឆ្នាំ ២០១៨ ក្រុមហ៊ុន Huawei បាន​ចំណាយ​ទឹក​ប្រាក់​រហូត​ដល់ ១៥,៣ ពាន់​លាន​ដុល្លារ​លើ​ផ្នែក​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ (R&D)។

​​ការ​ចំណាយ​របស់​ Huawei គឺ​ឈរ​នៅ​លំដាប់​លេខ​ ៤ ក្នុង​ចំណោម​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ដទៃ។ ក្រុមហ៊ុន​ Amazon ចំណាយ​ ២៨,៨ ពាន់​លាន​ដុល្លារ, ក្រុមហ៊ុន Alphabet ចំណាយ​ ២១,៤ ពាន់​លាន​ដុល្លារ, Samsung ចំណាយ​ ១៦,៧ ពាន់​លាន​ដុល្លារ ហើយ​ Apple ឈរ​នៅ​លេខ​ ៧ ចំណាយ​ ១៤,២ ​ពាន់​លាន​ដុល្លារ។

មើល​ពី​ជ្រុង​មួយ​ទៀត​​ឃើញ​ថា​ Huawei បាន​ចំណាយ​​​ចំនួន ១៤% នៃ​ចំណូល​សរុប​ប្រចាំ​ឆ្នាំ ២០១៨ របស់​ខ្លួន​លើ​ការ​ស្រាវជ្រាវ​ នៅ​ពី​ក្រោយ​​តែ​ក្រុមហ៊ុន Alphabet ដែល​ចំណាយ​ ១៦% នៃ​ចំណូល​របស់​ខ្លួន។ ចំណែក​ Samsung ចំណាយ​ ៨% ហើយ​ Apple ចំណាយ​ ៥% នៃ​ចំណូល​សរុប​ប្រចាំ​ឆ្នាំ ២០១៨។

ជាង​នេះ​ទៅ​ទៀត​នោះ ការ​ចំណាយ​លើ​ផ្នែក R&D របស់​ Huawei គឺ​មាន​ការ​កើន​ឡើង​ ១៤៩% បើ​ធៀប​នឹង​រយៈពេល ៥ ឆ្នាំ​មុន ​នៅ​ពី​ក្រោយ​ Amazon ដែល​ការ​ចំណាយ​មាន​ការ​កើន​ឡើង​ដល់ ២១០%។ សម្រាប់​ Apple មាន​ការ​កើន​ឡើង ១៣៧% និង Samsung កើន​ឡើង​ត្រឹម ២៨% ប៉ុណ្ណោះ។

តួលេខ​មួយ​ចំនួន​នេះ អាច​ជា​ការ​បក​ស្រាយ​​ថា​ហេតុអ្វី​បាន​ជា​ Huawei រំពឹង​ថា​ខ្លួន​នឹង​ក្លាយ​ជា​ក្រុមហ៊ុន​​ស្មាតហ្វូន​ធំ​ជាង​គេ​​លើ​​ពិភពលោក​ នៅ​ឆ្នាំ ២០២០ ខាង​មុខ​នេះ។ កាល​ពី​ឆ្នាំ ២០១៨ ក្រុមហ៊ុន​នេះ​អាច​បញ្ចេញ​លក់​ស្មាតហ្វូន​បាន​ជាង ២០០ លាន​គ្រឿង​ ឈរ​នៅ​លំដាប់​លេខ​ ៣ ពី​ក្រោយ​ Samsung និង Apple។

​​ការ​ចំណាយ​ទឹក​ប្រាក់​​មហាសាល​លើ​​ការ​ស្រាវជ្រាវ​នេះ​ដែរ បាន​ជួយ​ឲ្យ Huawei ​មាន​បច្ចេកវិទ្យា​ច្នៃ​ប្រឌិត​ប្លែកៗ​ រហូត​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ដទៃ​​ធ្វើ​តាម​ទៀត​ផង។​ ជាក់​ស្ដែង​ P20 Pro គឺ​ជា​ស្មាតហ្វូន​ដំបូង​ដែល​មាន​កាមេរ៉ា​រហូត​ដល់ ៣ គ្រាប់ ហើយ​ Mate 20 Pro មាន​មុខងារ​ Reverse Wireless Charging ដែល​អាច​សាក​ថ្ម​ឲ្យ​ស្មាតហ្វូន​ដទៃ​បាន​។ លើស​ពី​នេះ​ Huawei ក៏​បាន​​ណែនាំ​ពណ៌​ប្រភេទ​ថ្មី​លើ​ស្មាតហ្វូន P20 កាល​ពី​ឆ្នាំ​មុន ដែល​​ក្រោយ​មក​មាន​ក្រុមហ៊ុន​ជា​ច្រើន​បាន​ធ្វើ​តាម៕

ចុចអាន៖

ប្រភព៖ PhoneArena | Bloomberg ប្រែ​សម្រួល៖ សុខហេង

មតិយោបល់