• 2019-03-25 08:35:14
  • ចំណេះដឹង

អ្នកជំនាញឡាន ប្រាប់​ពី​សញ្ញា​ដែល​អាច​ដឹង​មុន ថា​​អាគុយ​ឡាន​របស់អ្នកខូច​ ​ឬ​មិន​ខូច

  • 2019-03-25 08:35:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡានមួយទឹកកាន់តែមានការកើនឡើងសម្រាប់ទីផ្សារក្នុងស្រុក ជាទូទៅ​អ្នក​ដែល​ប្រើ​ប្រាស់​ឡានទាំងនោះ​តែង​តែ​មិន​បាន​ចាប់​អារម្មណ៍​ទៅ​លើ​អាគុយ​ឡាន​របស់​ខ្លួន​ ឲ្យ​តែ​ដេរ​ទៅ​ឆេះ​មិន​សូវ​ខ្វល់​ឡើយ​។ តើយើង​គួរ​ពិនិត្យ​លើ​សញ្ញា​អ្វីខ្លះ ទើបដឹង​ថា​អាគុយ ខូច ឬមិនខូច?

​លោក អ៊ុយ សាខន ជា​គ្រូ​បង្រៀន​នៅ​សាលា​បណ្ដុះ​បណ្ដាល​បច្ចេកទេស​រថយន្ត​ JVC បាន​ប្រាប់ Sabay News Technology ថា ​អា​គុយ​ឡាន​មាន​ពីរ​​ប្រភេទ ​គឺ​អាគុយ​ស្ងួត​ និង​អាគុយ​ទឹក​។

ចំពោះ​អាគុយ​ស្ងួត យើង​អាច​ពិនិត្យ​មើល​លើ​អា​គុយ​នោះ​ បើ​មាន​​ពណ៌​បៃតង ​មាន​ន័យ​ថា​វា​នៅ​មានគុណ​ភាព​ល្អ​ ​បើ​ឃើញ​ពណ៌​ក្រហម​ បានន័យ​ថា​នៅ​ធម្មតា ​ត្រូវការ​បំពេញ​ថាមពល​បន្ថែម​ តែ​បើ​មាន​ពណ៌​ស​ នោះ​វា​អស់​រយៈពេល​នៃ​ការ​ប្រើប្រាស់​ហើយ។

ចំពោះ​អា​គុយ​ទឹក​វិញ​ ពេល​ណា​វា​អស់​គុណភាព​ ឬ​ខូច​ យើង​អាច​មើល​ឃើញ​ដោយ​ធុងអាគុយ​រាង​ប៉ោង​ មាន​ស្នឹម​លើ​ក្បាល​អា​គុយ​ច្រើន​ ហើយ​កម្រិត​ទឹក​អាស៊ីដ​ធ្លាក់​ចុះ ​ឬ​ក៏​រីង​តែ​ម្ដង​។

លើស​ពី​នេះ​ នៅ​ពេល​យើង​ដេរ​បញ្ឆេះ​ វា​មិន​ងាយ​នឹង​ឆេះ​ នេះ​បញ្ជាក់​ថា​វា​ជិត​ខូច​ហើយ។ វា​នឹង​មាន​សញ្ញា​បង្ហាញ​នៅ​តាប​ឡូ​រថយន្ត​ថា​អា​គុយ​របស់​អ្នក​កុំ​ពុង​តែ​មាន​បញ្ហា​មិន​កាន់​ភ្លើង​ ឬ​មួយ​ឌីណាម៉ូ​មិន​សាក​ភ្លើង។

ដើម្បី​ឱ្យ​កាន់តែ​ច្បាស់​ទៅ​លើ​គុណភាព​ និង​អាយុកាល​នៃ​ការ​ប្រើប្រាស់​សម្រាប់​រថយន្ត​ យើង​អាច​ទិញ​ឧបករណ៍​ធ្វើ​តេស្ត​មក​ពិនិត្យ​បន្ថែម​ក៏​បាន។

ចំពោះ​វិធី​ងាយៗ​ដើម្បី​ថែរក្សា​ លោក​ប្រាប់​ថា​យើង​ត្រូវ​ជ្រើសរើស​ប្រភេទ​អា​គុយ​ឱ្យ​ត្រូវ​នឹង​កម្លាំង​ម៉ាស៊ីន​រថយន្ត​ ដែល​ក្រុមហ៊ុន​កំណត់​ហើយ​ពេល​ដេរ​បញ្ឆេះ​ម្ដង​ ជា​២​ដង​មិន​ឆេះ​ កុំ​ព្យាយាម​ដេរ​ទៀត ​ព្រោះ​វា​អាច​ធ្វើ​ឱ្យ​អា​គុយ​ឆាប់​ខូច​។ បន្ថែម​លើ​នេះ ក្នុង​១​សប្ដាហ៍​បើ​អ្នក​មិន​ចេញ​ដំណើរ​សោះ អ្នក​ត្រូវ​បញ្ឆេះ​រថយន្ត​ពី​៣​ទៅ​៥​នាទី​ដើម្បី​បំពេញ​ថាមពល​វិញ​ ត្រូវ​ដុស​សម្អាត​ក្រចាប់​អា​គុយ​ឱ្យ​បាន​ស្អាត​កុំ​ឱ្យ​វា​ស្នឹម​ឬ​ច្រែះ​នៅ​លើ​ក្បាល​អា​គុយ (លាង​សម្អាត់​ជាមួយ​ទឹកក្ដៅ)៕

អត្ថបទ៖ ម៉េងងី

មតិយោបល់