• 2018-11-25 02:14:00
  • គន្លឹះ

ចង់​ប្រើ Smartphone ថតរូប Portrait ស្អាតល្អ សាក​គន្លឹះ​​ទាំង១០​នេះ

  • 2018-11-25 02:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រឹមតែប្រើស្មាតហ្វូន ក៏អាចថតរូប Portrait បាន​​ស្អាត​ដូច​​​កាមេរ៉ា​អាជីពដែរ បើសិន​ជា​អ្នក​យល់​ពី​គន្លឹះ​សំខាន់​មួយ​ចំនួន​​ ហើយ​​ខាង​ក្រោម​នេះ ជាគន្លឹះទាំង ១០ ដែលអ្នកអាចអនុវត្តបាន។

១. រក​កម្មវត្ថុ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ ដើម្បី​ទាក់​ភ្នែក​អ្នក​មើល

ក្នុង​រូប​មួយ​សន្លឹក Subject សំខាន់​បំផុត​ ហើយ​ក៏​ជា​កន្លែង​ដែល​ទាក់ទាញ​អ្នក​មើល​ឲ្យ​ផ្ដោត​ក្រសែ​ភ្នែក​ទៅ​រក​ ផងដែរ។ Subject ​ដែល​បង្កើត​ភាព​ទាក់ទាញ​បាន គួរ​តែ​នៅ​កន្លែង​​​មាន​ពន្លឺ​ជាង​គេ មាន​ពណ៌​ប្លែក​ពី​គេ មាន​កិរិយា អាការៈ ​លេច​ធ្លោ​ជាង​គេ ប្រៀប​ដូច​ជា​ហង្ស​នៅ​កណ្ដាល​ហ្វូង​ទា​ដូច្នោះ​ដែរ​។

២. រក Background ដែល​ធ្វើ​ឲ្យ​កម្មវត្ថុ​លេច​ធ្លោ​ឡើង

នៅ​ពី​ក្រោយ Subject គួរ​តែ​ជា Background ដែល​មិន​រញ៉េរញ៉ៃ និង​មាន​ពណ៌​ស្រអាប់​ជាង និង​ខុស​គ្នា​ពី​Subject​។ ឧទាហរណ៍​ថា កម្មវត្ថុ​ពាក់​អាវ​ក្រហម Background គួរ​តែ​ពណ៌-ស​។

៣. ថត​រូប​ដោយ​ប្រើ​ពន្លឺ​ចាំង​ចែង ដើម្បី​ឲ្យ​ Subject មើល​ទៅ​ស្រស់ថ្លា

ត្រង់ចំណុចនេះ Subject ​​មាន​ទីតាំងនៅ​កន្លែង​មាន​ពន្លឺ​តិច ដូចជា ពន្លឺ​ពេល​ព្រឹក​ថ្ងៃ​ទើប​រះ និង​ពន្លឺ​ពេល​ល្ងាច ថ្ងៃ​ជិត​លិច ដែល​ពន្លឺ​ទាំង​នេះ ​មាន​លក្ខណៈ​ស្រទន់ ធ្វើ​ឲ្យ​សាច់​មនុស្ស ឬ​ស្លឹក​ឈើ​ចាំង​ភ្លឺ​ថ្លា​។ អ្នក​ក៏​អាច​បង្កើត​ពន្លឺ​ដោយ​អំពូល​ពិល ទាន ឬ​ចង្កៀង​ផង​ដែរ​។

៤. សម្រេច​ចិត្ត​ប្រើ Composition ណា​មួយ ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ទាក់​ទាញ

Composition ជា​កត្តា​សំខាន់​ក្នុង​ការ​ផលិត​រូបភាព​។ វា​ពឹង​ផ្អែក​ទៅ​លើ​ស្ថាន​ភាព​អំណោយផល​នៃ​ទី​តាំង​របស់​អ្នក និង​ការ​ច្នៃ​ប្រឌិត​របស់​អ្នក​ ថាតើ​អ្នក​ត្រូវ​ប្រើ​ទ្រឹស្ដី Composition មួយ​ណា​ក្នុង​ការ​ថត​រូប​។Composition ដែល​ពេញ​និយម​ប្រើ និង​ស័ក្ដិសម​ជាង​គេ​សម្រាប់​ថត​រូប​តាម​ទូរស័ព្ទ​គឺ Rule of third និង Leading line ។

៥. ប្រើ Portrait Mode ដើម្បី​ជួយ​ឲ្យ Blur Background

សម្រាប់កាមេរ៉ា iPhone ​គឺ​មាន Portrait Mode ប៉ុន្តែ​កាមេរ៉ា​ទូរស័ព្ទ​ផ្សេង​ទៀត​ ប្រហែល​ជា​អត់​មាន​​​។ ទោះ​បី​ជា​អត់​មាន​ក៏​ដោយ អ្នក​នៅ​តែ​អាច​ថត​បាន​ជា​ធម្មតា ដោយ​ប្រើ​វិធិ​សាស្ត្រ​ដូច​បាន​រៀប​រាប់​ខាង​លើ​។

៦.​ចំណុច​សំខាន់​បំផុត គឺ Focus នៅ​ត្រង់​ភ្នែក

មិន​ថា​ថត​រូប​តាម​ទូរស័ព្ទ ឬ​កាមេរ៉ា​ទេ ចំណុច​សំខាន់​នៃ​ការ Focus គឺ​ត្រង់​ភ្នែក (មនុស្ស) ចំណែក​វត្ថុ ឬ​រុក្ខជាតិ​ក៏​មាន​ចំណុច​សំខាន់​របស់​វា​ដែរ ឲ្យ​តែ​អ្នក​ព្យាយាម​ស្វែង​រក​។ ភ្នែក​មនុស្ស​ គឺ​ជា​ចំណុចដែល​បង្ហាញ​ពី​ថាមពល​ខ្លាំង​ជាង​គេ ព្រោះ​វា​បាន​បង្ហាញ​មនោសញ្ចេតនា​ ​តាម​ក្រសែ​ភ្នែក​ទៅ​កាន់​អ្នក​មើល​។ ដូច្នេះ​អ្នក​កុំ​រារែក ស្រពេចស្រពិល​ថា តើ​ត្រូវ​ចុច Focus ត្រង់​ណា​។ ចំណុច​ដំបូង​បង្អស់​ គឺភ្នែក​ហ្នឹងឯង បន្ទាប់​មក​ ចាំ​គិត​ទៀត​ថា តើ​កន្លែង​ណា​ដែល​អ្នក​ចង់​ផ្ដោត​សំខាន់​។

៧. ថត​ឲ្យ​ច្រើន​ប្លង់​​​ខុសៗ​គ្នា

បើ​អ្នក​ឈរ​មួយ​កន្លែង​ដើម្បី​ថត រូប​របស់​អ្នក​មិន​មាន​អ្វី​ប្លែក​ទេ ទោះ​ថត​ ១០-២០ រូប​ក៏​ដោយ មើល​ទៅ​ដដែលៗ​។ ប៉ុន្តែ​បើ​អ្នក​ផ្លាស់​ឥរិយាបថ​តែ​បន្តិច អ្នក​នឹង​ទទួល​បាន​អ្វី​ដែល​ថ្មី​ប្លែក​ជាង​មុន​។ អ្នក​ឈរ​ថត បន្ទាប់​មក អង្គុយ​ចុះ បន្ទាប់​មក​ឱន​ទាប​នឹង​ដី ឬ​ចូល​កៀក​ Subject ជាង​មុន ថយ​ឲ្យ​ឆ្ងាយ​ជា​ងមុន ថត​ពី​ខាង​លើ​ចុះ​មក​ក្រោម​។ តាម​រយៈ​ឥរិយាបថ​ទាំង​អស់​នេះ អ្នក​នឹង​ទទួល​បាន​រូប​ខុស​គ្នា​ទាំង​អស់ ហើយ​រូប​នីមួយៗ​មាន​លក្ខណៈ​ពិសេស​ផ្សេងៗ​គ្នា​។

៨. ប្រើ​របស់​ជំនួយ (Props) ដើម្បីឲ្យ​រូប​អ្នក​កាន់​តែ​ទាក់ទាញ

ពេល​ខ្លះ​មនុស្ស ដែល​ជា​កម្មវត្ថុ​ (Subject) របស់​អ្នក​ពិបាក​នឹង​បញ្ចេញ​កាយវិការ​ឲ្យ​ស័ក្ដិសម​តាម​លក្ខណៈ​ធម្មជាតិ​ណាស់ ព្រោះ​ពួក​គេ​មិន​ដឹង​ថា ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​សម ឬ​មួយ​ពេល​ខ្លះ​កម្មវត្ថុ​រ​អៀនខ្មាស់។ ត្រង់​នេះ​អ្នក​អាច​ប្រើ សម្ភារៈ​ជំនួយ​​ ដើម្បី​ឲ្យ​ពួក​គេ​សំដែង​បាន​​ល្អ។

៩. ឱ្យ Subject បង្ហាញ​ពី​អារម្មណ៍​ខាង​ក្នុង​​ឲ្យ​លេច​ធ្លោ​ឡើង ដើម្បី​ឲ្យ​មើល​ឃើញ​ពី​ថាមពល​​​រូប

វា​ពាក់ព័ន្ធ​នឹង​ភាព​ជា​ឯកជន​របស់​តួអង្គ​​អ្នក។ តើ​ពួក​គេ​ចូល​ចិត្ត​អ្វី មាន​អារម្មណ៍​បែប​ណា ហើយ​ឲ្យ​ពួក​គេ​បញ្ចេញ​មក​ក្រៅ​តាម​ធម្មជាតិ​។ រូបភាព​បែប​នេះ គឺ​ប្រកប​ដោយ​ថាមពល ដែល​ទាក់ទាញ​បំផុត​។

១០. Edit រូប​ដោយ​ប្រុង​ប្រយ័ត្ន

ប្រាកដ​ណាស់ ថត​រូប​ហើយ​ចៀស​មិន​ផុត​ទេ​គឺ​ត្រូវ​ការ​កែច្នៃ​បន្ថែម​ក្នុង App ដើម្បី​បង្កើន​សម្រស់​។ តែ​កុំ Edit ជ្រុល​ពេក​ក្រែង​ខូច​រូប​។ ចំណុច​ដែល​ត្រូវ​ធ្វើ​មុន​គេ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​សាច់​របស់​តួ​អង្គ (កម្មវត្ថុ) មើល​ទៅ​ស្រទន់ អ្នក​ត្រូវ​មើល​ទៅ​លើ Exposure និង Temperature ។ ចង់​ឲ្យ​រ៉ូមេនទិក​បន្តិច អ្នក​គួរ​មើល​ទៅ​លើ Contrast ។ មាន App ច្រើន​ទៀត ​ដែល​ជួយ​ឲ្យ​អ្នក​អាច​កែ​រូប​បាន​ស្អាត​ តាម​រយៈ​ទូរស័ព្ទ​ដូច​ជា Snapseed, VSCO និង Mextures៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់