- 2018-10-03 07:23:12
- ចំណេះដឹង
Apple មិនខ្ចីពឹងលើ Facebook ដូចក្រុមហ៊ុនដទៃ ដឹងហេតុអ្វីទេ?
- 2018-10-03 07:23:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple មិនខ្ចីពឹងលើ Facebook ដូចក្រុមហ៊ុនដទៃ ដឹងហេតុអ្វីទេ?
ចន្លោះមិនឃើញ
លើបណ្ដាញសង្គមធំៗឃើញមានទំព័រ Apple ដែលមានអ្នកគាំទ្រច្រើនលើសលប់។ យ៉ាងណាក្ដីនៅលើទំព័រតាមបណ្ដាញនីមួយៗដូចជា Facebook ឬ Twitter កម្រឃើញមាន Apple បង្ហោះសារផ្សាយពីផលិតរបស់ខ្លួន ដូចជាក្រុមហ៊ុនដទៃណាស់។
ចំណែកនៅលើបណ្ដាញ YouTube វិញ Apple រាងសកម្មបន្តិចដោយឧស្សាហ៍បង្ហោះវីដេអូជាញឹកញាប់ ប៉ុន្តែគ្រប់វីដេអូទាំងអស់មិនមានបើកដៃឲ្យទស្សនិកជនបញ្ចេញមតិនោះឡើយ។ លើ Instagram ក៏ឃើញ Apple មានសកម្មភាពណាស់ដែរ ប៉ុន្តែ Apple បានចាត់ទុកវាត្រឹមជាសាលបង្ហោះរូបភាពមួយ មិនមែនដើម្បីបង្កើតទំនាក់ទំនងជាមួយអតិថិជននោះទេ។
ដោយឡែកផលិតផលឌីជីថលមួយចំនួនដូចជា Apple Music ឬ App Store មានគណនី Twitter ដែលមានភាពសកម្មឆ្លើយឆ្លងជាមួយអតិថិជន។ បុគ្គលល្បីៗមួយចំនួននៅក្រុមហ៊ុននេះក៏មានគណនី Twitter ដែលសកម្មផងដែរ ដូចជាលោក Tim Cook ជាដើម។ ប៉ុន្តែកម្រឃើញបង្ហោះសារនិយាយទាក់ទងនឹងផលិតផលរបស់ខ្លួន ផ្ទុយស្រឡះពីក្រុមហ៊ុនបច្ចេកវិទ្យាដទៃទៀត។
ជាការពិតបណ្ដាញសង្គមអាចផ្ដល់ផលប្រយោជន៍ធំៗចំនួនបី ដែលល្អជាងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត រួមមានការ Feedback (បញ្ចេញមតិប្រតិកម្ម), បង្កើនចំនួនលក់ និងការឃោសនា។ នេះអាចជាផលប្រយោជន៍សម្រាប់ម៉ាកសញ្ញាដទៃ ប៉ុន្តែមិនចំពោះ Apple នោះទេ។
១.ការបញ្ចេញមតិប្រតិកម្ម
Apple មិនពឹងផ្អែកលើការបញ្ចេញមតិរបស់អ្នកប្រើប្រាស់ដើម្បីកែច្នៃផលិតផលរបស់ខ្លួនឲ្យកាន់តែល្អប្រសើរដូចក្រុមហ៊ុនដទៃនោះទេ។ គំនិតច្នៃប្រឌិតភាគច្រើនរបស់ Apple គឺកើតមានជាលក្ខណៈផ្ទៃក្នុង ហេតុដូចនេះ Apple មិនត្រូវការមតិរបស់អ្នកប្រើប្រាស់នោះទេ។ បន្ថែមពីនេះ Apple អាចរកក្រុមមនុស្សមួយក្រុមដើម្បីទទួលបានការ Feedback ពីផលិតផលមួយ ដោយមិនចាំបាច់មានភាពសកម្មលើបណ្ដាញសង្គមណាមួយនោះទេ។
២. បង្កើនការលក់
ការបង្កើនចំនួនលក់តាមបណ្ដាញសង្គមមានដូចជាការបញ្ចុះតម្លៃ, ទិញមួយថែមមួយ និងចូលរួមកម្មវិធីប្រកួតប្រជែងដើម្បីបានរង្វាន់ជាដើម ហើយនេះមិនមែនជាការផ្សព្វផ្សាយបែបអាជីពដែល Apple ចង់បាននោះឡើយ។ ផ្ទុយទៅវិញ Apple សុខចិត្តចាយលើការផ្សព្វផ្សាយបែបឡូយឆាយដូចជាផលិតវីដេអូស្ប៉តចាក់តាមទូរទស្សន៍ ឬ ផ្ទាំងពាណិជ្ជកម្មជាដើម។
៣. ការឃោសនា
Apple រក្សាការសម្ងាត់បានយ៉ាងល្អបំផុតលើផលិតផលថ្មីៗដែលត្រៀមប្រកាសចេញរបស់ខ្លួន មិនដូចក្រុមហ៊ុនផ្សេងដូចជា OnePlus ជាដើមនោះដែលតែងតែបង្ហើបចំណុចពិសេសខ្លះៗពីស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន។ ការប្រកាសផលិតផលថ្មីរបស់ Apple ធ្វើឡើងក្នុងទីស្នាក់ការរបស់ខ្លួន ដែលបានអញ្ជើញបុគ្គលល្បីៗជាច្រើនឲ្យចូលរួម ដើម្បីឲ្យផ្សព្វផ្សាយផលិតផលជំនួសខ្លួន៕