• 2018-09-28 07:55:03
  • ចំណេះដឹង

Lexus RX 300 មាន​ប៊ូតុង​សម្ងាត់​មួយ​ អាច​ដោះស្រាយ​បញ្ហាភ្លើងចាំងភ្នែកអ្នកបើកបរបាន

  • 2018-09-28 07:55:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការបើករថយន្តនៅពេលយប់ មានជួបប្រទះបញ្ហាជាច្រើនដូចជាផ្លូវងងឹតពិបាកមើល និងជាពិសេសនោះ គឺភ្លើងចាំងភ្នែកដោយសារតែភ្លើងចង្កៀងរថយន្តដទៃតែម្ដង ទាំងដែលមកពីខាងមុខនិងមកពីខាងក្រោយ។ ដោយសារតែបែបនេះហើយ ទើបរថយន្តមួយចំនួន ដូចជា Lexus RX300 ជាដើមមានមុខងារមួយសម្រាប់ជួយសម្រួលដល់បញ្ហាភ្លើងចាំងភ្នែកអ្នកបើកបរនេះ។

នៅកញ្ចក់កណ្ដាលសម្រាប់មើលខាងក្រោយលើរថយន្ត RX300 មានប៊ូតុងមួយសម្រាប់ដំណើរការមុខងារ Anti-Glare Mirror នេះ ដោយប៊ូតុងនេះគឺប៊ូតុង AUTO។ ជាធម្មតា ប៊ូតុង AUTO នេះនឹងបើកមកដោយស្វ័យប្រវត្តិតែម្ដងនៅពេលបញ្ឆេះរថយន្ត តែអ្នកអាចចុចបើកវាបានបើសិនជាមុខងារនេះមិនដំណើរការស្រាប់នោះ។ Anti-Glare Mirror នេះនឹងធ្វើឲ្យកញ្ចក់កណ្ដាលសម្រាប់មើលផ្នែកខាងក្រោយ ឡើយពណ៌ទឹកតែស្រអាប់ជាងមុននៅពេល ដែលមានពន្លឺចង្កៀងរថយន្តនៅពីខាងក្រោយចាំងប៉ះវា។

ដំណើរការនេះប្រព្រឹត្តទៅបានដោយមានជំនួយពី Sensor ចំនួន ២ គ្រាប់ ដែលមួយមានទីតាំងស្ថិតនៅផ្នែកខាងមុខ និងមួយទៀតស្ថិតនៅផ្នែកខាងក្រោយនៃកញ្ចក់កណ្ដាលមើលក្រោយនោះ។ Sensor ខាងក្រោយនឹងចាប់យកពន្លឺពីខាងក្រៅថាតើ មេឃងងឹត (យប់ ឬភ្លៀង) ឬក៏ភ្លឺ។ បើសិនជាមេឃភ្លឺនោះ Anti-Glare Mirror នេះនឹងមិនដំណើរការឡើយ ព្រោះរថយន្តដែលបើកបរលើដងផ្លូវពេលមេឃភ្លឺនឹងមិនបើកភ្លើងឡើយ។ ប៉ុន្តែបើមេឃងងឹតវិញ Sensor ខាងក្រោយ នឹងដំណើរការ AUTO mode ដោយវាធ្វើការរួមគ្នាជាមួយនឹង Sensor នៅខាងមុខ។ នៅពេលដែលមានពន្លឺពីចង្កៀងរថយន្តនៅខាងក្រោយប៉ះនឹង Sensor ខាងមុខរបស់កញ្ចក់កណ្ដាលមើលក្រោយ នោះវានឹងធ្វើឲ្យកញ្ចក់នោះឡើងពណ៌ទឹកតែដើម្បីកុំឲ្យពន្លឹភ្លើងចាំងចូលភ្នែកខ្លាំងពេក។

គួរបញ្ជាក់ផងដែរថា មុខងារ Anti-Glare Mirror នេះ មិនមែនមានតែលើកញ្ចក់កណ្ដាល់សម្រាប់មើលក្រោយនោះទេ ប៉ុន្តែមានរថយន្តម៉ូដែលខ្លះ អាចឲ្យកញ្ចក់ត្រចៀកឆ្វេងស្ដាំ ប្រែពណ៌ស្រអាប់បានដូចគ្នា។ ម្យ៉ាងទៀត មុខងារ Anti-Glare Mirror នេះ ក៏មាននៅលើរថយន្តប្រភេទផ្សេងៗក្រៅពី Lexus RX300 ផងដែរ៕

ចុចអាន៖

អត្ថបទ៖ ផាត សុវត្ថិ

មតិយោបល់