• 2018-05-22 02:10:00
  • គន្លឹះ

១០ ចំណុច កុំ​មើល​ស្រាល​ឲ្យ​សោះ បើ​មិនចង់​ឈឺក្បាល​​ពេល​បើកបរ​រថយន្ត​​ក្នុង​រដូវ​ភ្លៀង

  • 2018-05-22 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដូវ​វស្សា​ឈាន​ចូល​មក​ដល់ ភ្លៀង​ធ្លាក់​ស្ទើរ​ពាស​ពេញ​ផ្ទៃ​ប្រទេស ធ្វើ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ភាគ​ច្រើន​ត្រូវ​ប្រើប្រាស់​រថយន្ត​ផ្ទាល់​ខ្លួន ទោះ​បី​ជា​ខ្លួន​មាន​កង់ ឬ​ម៉ូតូ​សម្រាប់​ជិះ​ក៏​ដោយ​ចុះ ដើម្បី​ការពារ​ពី​ការ​ទទឹក​ជាយថាហេតុ។

ចំពោះ​អ្នក​ប្រើប្រាស់​រថយន្ត​ទាំង​អស់ រដូវ​កាល​មាន​ភ្លៀង​ធ្លាក់​ជោគ​ជាំ តម្រូវ​ឲ្យ​រថយន្ត​របស់​អ្នក​ត្រូវ​ធ្វើ​ការ​ក្នុង​ស្ថានភាព​សើម​ច្រើន និង​ត្រូវ​ការ​ការ​ថែទាំ​ជាប់​ជានិច្ច។ ខាង​ក្រោម​នេះ ជា​គន្លឹះ​ទាំង ១០ ដែល​អ្នក​បើកបរ រថយន្ត​ទាំង​អស់​គួរ​យល់​ដឹង​ក្នុង​រដូវ​កាល​មាន​ភ្លៀង​ធ្លាក់​ច្រើន​៖

១. ឆែក​មើល​សំបក​កង់​រថយន្ត

ក្រឡា​នៅ​លើ​សំបក​កង់​រថយន្ត មិន​ត្រឹម​តែ​ជួយ​ឲ្យ​ការ​ខាំ​ជាប់​នឹង​ផ្លូវ​បាន​ប្រសើរ​ពេល​បើក​បរ​តែ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជួយ​នាំ​ទឹក​ចេញ​ពី​ផ្លូវ​ដើម្បី​ឲ្យ​កៅស៊ូ​កង់​ខាំ​ជាប់​នឹង​ផ្លូវ​ពេល​បើក​បរ​ដែរ។ អ្នក​បើកបរ​គ្រប់​រូប​ គួរ​ពិនិត្យ​មើល​សំបក​កង់​រក​មើល​ជម្រៅ​នៃ​ក្រឡាថា​តើ​គួរ​ប្ដូរ​ឬ​នៅ។ ជម្រៅ​ដែល​ត្រូវ​តែ​ប្ដូរ​ចេញ​តែ​ម្ដង​ គឺ​ពេល​ក្រឡា​កង់​សល់​ត្រឹម ១,៦ ម.ម។

ម៉្យាង​ទៀត អ្នកបើកបរ​ក៏​គួរ​សប់​កង់​ឲ្យ​ពេញ​សម្ពាធ​ ព្រោះ​កង់​ឡាន​ដែល​មាន​ខ្យល់​គ្រប់​គ្រាន់ អាច​បាច​ទឹក​ចេញ​បាន​លឿន នាំ​ឲ្យ​ការ​បើកបរ​ងាយ​ស្រួល​ជាង​កង់​ឡាន​ដែល​ធូរ។

២. សម្អាត​កញ្ចក់​ខាង​មុខ​ឲ្យ​បាន​ញឹក​ញាប់

ពេល​មាន​ភ្លៀង​ច្រើន ទឹក​ហូរ​កាត់​កញ្ចក់​មុខ​អាច​មាន​លាយ​ធូលី និង​កម្ទេចកំទី​ផ្សេង​ៗ។ ប្រការ​ល្អ​អ្នក​គួរ​មាន​ក្រណាត់​ស្អាត​សម្រាប់​ទុក​ជូត​កញ្ចក់​មុខ កុំ​ឲ្យ​មាន​ស្នាម​ទឹក​ និង​ធូលី​នៅ​ជាប់​លើ​នោះ​ច្រើន។

៣. ឧស្សាហ៍​លាង​សម្អាត និង​ប៉ូលា​រថយន្ត

អ្នក​បើកបរ​ភាគ​ច្រើន​គិត​ថា​ការ​លាង​រថយន្ត​នៅ​រដូវ​ភ្លៀង​ជា​រឿង​ខាត​បង់ ក៏​ប៉ុន្តែ​អ្នក​មិន​បាន​ដឹង​ពី​ផល​ប៉ះពាល់​នៃ​ទឹក​ភ្លៀង​ចំពោះ​ថ្នាំ និង​តួ​រថយន្ត​របស់​អ្នក​ឡើយ។ ទឹកភ្លៀង​មាន​លាយ​សារធាតុ​អាស៊ីដ​ចេញ​ពី​ផ្សែង​ដែល​បញ្ចេញ​ទៅ​ក្នុង​បរិយាកាស។ អ៊ីចឹង​ហើយ ហើយ​ទឹក​ភ្លៀង​ប៉ះ​តួ​រថយន្ត​បាន​យូរ​ប៉ុណ្ណា នោះ​អត្រា​នៃ​ការ​ហើរ​ពណ៌​ថ្នាំ និង​ពុក​តួ​ក៏​កើន​ឡើង​ដែរ។ កត្តា​ដែល​ល្អ អ្នក​គូរ​លាង​រថយន្ត​របស់​អ្នក​ជា​មួយ ទឹក​ធម្មតា ហើយ​ត្រូវ​ប៉ូលា​វា ព្រោះ​សារធាតុ​នៅ​ក្នុង​ថ្នាំ​ប៉ូលា​ជួយ​ឲ្យ​ថ្នាំ​រថយន្ត​មាន​សភាព​រលោង​ជាង​មុន ធ្វើ​ឲ្យ​ដំណក់​ទឹក​ឆាប់​រអិល​ធ្លាក់​ចុះ​អស់ ដែល​វា​អាច​ការពារ​ថ្នាំ និង​តួ​រថយន្ត​របស់​អ្នក​បាន​ច្រើន​ជាង​មុន។

៤. ពិនិត្យ​មើល​ផ្លិត​ទឹក​រថយន្ត

បើ​សិន​ផ្លិត​ទឹក​របស់​អ្នក​ចាស់​ខ្លាំង និង​កៅស៊ូ​វា​មាន​ស្នាម​រហែក​ហើយ​នោះ អ្នក​គួរ​តែ​ប្ដូរ​វា​ចោល​ទៅ ដោយ​សារ​តែ​ផ្លិត​ទឹក​ចាស់ ហើយ​រហែក​មិន​អាច​សម្អាត​កញ្ចក់​មុខ​បាន​ស្អាត​ឡើយ។ អ្នក​គួរ​ប្ដូរ​ផ្លិត​ទឹក រៀង​រាល់​មួយ​ឆ្នាំ​ម្ដង ដើម្បី​ប្រាកដ​ថា​វា​អាច​បោស​វាស​កញ្ចក់​មុខ​បាន​ស្អាត​ពេល​ដែល​អ្នក​ត្រូវការ។

៥. លាង​សម្អាត​រន្ធ​បាញ់​ទឹក​លាង​កញ្ចក់

ដោយ​សារ​តែ​ខែ​ភ្លៀង​ធ្លាក់​ច្រើន មិន​ត្រឹម​តែ​ទឹក​ភ្លៀង​ធម្មតា​ទេ សូម្បី​តែ​ភក់​ក៏​មាន​ខ្ទាត​មក​លើ​រថយន្ត​ដែរ ហើយ​ជួន​កាល​វា​អាច​ធ្វើ​ឲ្យ​ស្ទះ​រន្ធ​បាញ់​ទឹក​លាង​កញ្ចក់។ វិធី​ល្អ​បំផុត​គឺ​អ្នក​គួរ​យក​ម្ជុល​ទៅ​ឆ្កឹះ​ មុខ​រន្ធ​បាញ់​ទឹក​លាង​កញ្ចក់​បើ​សិន​ជា​ទឹក​បាញ់​ស្ទះ​ចេញ​មិន​សូវ​ច្រើន។ បើ​ធូលី​ច្រើន​ពេក​រហូត​មិន​អាច​យក​ម្ជុល​មក​ឆ្កឹះ​បាន អ្នក​គូរ​ប្ដូរ​ក្បាល​ទឹក​បាញ់​កញ្ចក់​នោះ​ចោល​ទៅ។

៦. រក​មើល​កន្លែង​លេច​ធ្លាយ

រក​មើល​ស្នាម​ខូច​ខាត​តាម​ជ័រ​ទប់​ទឹក​ភ្លៀង តាម​ទ្វារ ឃ្លុប​ក្រោយ​ និង​ដំបូល​រថយន្ត​ជាដើម​ ដើម្បី​ប្រាកដ​ថា​រថយន្ត​របស់​អ្នក​មិន​សាច​ទឹក​ចូល​ ពេល​មាន​ភ្លៀង​ធ្លាក់​មក​ខ្លាំង​នោះ។ បើ​មាន​ធូលី​ច្រើន អ្នក​អាច​លាង​វា​ចេញ ឬ​ប្រើ​ក្រណាត់​ស្អាត​មក​ជូត​តាម​ផ្នែក​ទាំង​នោះ។

៧. មើល​គ្រឿង​ក្រោម

ពេល​ភ្លៀង​ធ្លាក់​ខ្លាំង វា​តែង​តែ​មាន​ទឹក​ដក់​ក្នុង​ជង្ហុក ឬ​ក៏​នៅ​ពាស​ពេញ​ផ្លូវ​តែ​ម្ដង។ ពេល​បើកបរ​កាត់​ទឹក​ទាំង​នោះ វា​អាច​បង្ក​ជា​ការ​លេច​ជ្រាប​ចូល​ទៅ​ក្នុង​ជ័រ ដែល​គ្រប​គ្រឿង​ក្រោម និង​បន្ថយ​សមត្ថភាព​របស់​ហ្រ្វាំង​រថយន្ត​ផង​ដែរ។ ប្រការ​ល្អ អ្នក​គូរ​លាង​សម្អាត​រថយន្ត​ជាមួយ​ទឹក​ធម្មតា ពេល​អ្នក​បើក​បរ​កាត់​ទឹក​ភក់ ឬ​ទឹក​ដែល​គគ្រិច​ខ្លាំង។

៨. មើល​ខ្សែ​ពាន​ម៉ាស៊ីន

ដោយ​សារ​ខ្សែពាន​ទាំង​នេះ​ធ្វើ​មក​ពី​កៅស៊ូ អ៊ីចឹង​ហើយ​ប្រសិន​បើ​វា​ដាច់ ឬ​រហែក ម៉ាស៊ីន​ទាំង​អស់​ក្នុង​រថយន្ត​នឹង​លែង​ដំណើរ​ការ។ កត្តា​មួយ​ទៀត គឺ​ពេល​ដែល​ខ្សែពាន​ទាំង​នេះ​ត្រូវ​ទឹក វា​បង្កើត​ជា​រំអិល និង​មាន​ភាព​លំបាក​ក្នុង​ការ​អូស​ម៉ាស៊ីន។ ដូច្នេះ​ហើយ​ អ្នក​គួរ​ឧស្សាហ៍​ឆែក​មើល​ខ្សែពាន​ម៉ាស៊ីន​កុំ​ឲ្យ​មាន​ការ​លេច​ធ្លាយ​ទឹក​ពី​គម្រប​រថយន្ត​ចូល​ទៅ​ខាង​ក្នុង និង​គួរ​ប្ដូរ​វា​ចោល​ពេល​ដែល​វា​មាន​ភាព​ចាស់​ខ្លាំង។

៩. ឆែក​មើល​អាគុយ

ជានិច្ចកាល អាគុយ​ឡាន​មាន​អាយុកាល​រហូត​ដល់​ទៅ​ ៥​ឆ្នាំ តែ​បើ​សិន​មាន​ភ្លៀង​ច្រើន និង​មាន​ការ​លេច​ជ្រាប​ទឹក​ប៉ះ​អាគុយ​ទៀត​នោះ វា​អាច​មាន​អាយុ​កាល​ប្រហែល ១ ទៅ ២ ឆ្នាំ តែ​ប៉ុណ្ណោះ។ អាកាសធាតុ​សើម ហើយ​ត្រជាក់​ធ្វើ​ឲ្យ​ចរន្ត​អាគុយ​ដើរ​មិន​ស្រួល ហើយ​សំណើម​អាច​ធ្វើ​ឲ្យ​ប៉ូល​អាគុយ​ឆាប់​ឡើង​ស្នឹម​មិន​ចម្លង​អគ្គិសនី។ ដូច​នេះ បើ​សិន​ជា​អាគុយ​រថយន្ត​លោក​អ្នក មាន​លេច​ចេញ​សញ្ញា​ទាំង​នោះ អ្នក​គួរ​តែ​ប្ដូរ​អាគុយ​ថ្មី​ហើយ។

១០. ដាក់​របស់​មាន​មាន​ប្រយោជន៍​តាម​រថយន្ត

ឆត្រ អាវ​ភ្លៀង ឆ្នាំង​សាក​ទូរសព្ទ ពិល ឧបករណ៍​ដូយ​អាគុយ​ឡាន ក្បាល​សណ្ដោង សុទ្ធ​តែ​ជា​របស់​មាន​ប្រយោជន៍​ក្នុង​ពេល​ភ្លៀង ពិសេស​នៅ​ពេល​ ដែល​រថយន្ត​របស់​អ្នក​រលត់​ពេល​ភ្លៀង​ខ្លាំង លេច​ជ្រាប​ចូល​ក្នុង​ប្រព័ន្ធ​ភ្លើង ឬ​ម៉ាស៊ីន។ អ្នកបើកបរ​គ្រប់រូប គប្បី​មាន​របស់​ទាំង​នេះ​តាម​ខ្លួន​នា​រដូវ​ភ្លៀង ព្រោះ​វា​អាច​ជួយ​អ្នក​បាន​ច្រើន​លើស​ពី​អ្វី​ដែល​អ្នក​គិត។

ចុចអាន៖

ប្រភព៖ topgear ប្រែ​សម្រួល៖ ផាត សុវត្ថិ

មតិយោបល់