• 2022-02-17 03:35:29
  • ចំណេះដឹង

ហេតុអ្វី ឡាន​កាន់តែ​ទំនើប តែ​ម៉ាស៊ីន​កាន់តែតូច?

  • 2022-02-17 03:35:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចេកវិទ្យា​កាន់តែរីកចម្រើន​ខ្លាំង បាន​ធ្វើឱ្យ​ផលិតផល​ដែល​ធំៗពីមុន តួយ៉ាង​ដូចជា ឧបករណ៍អេឡិចត្រូនិច ត្រូវបានបង្រួម​មកកាន់តែតូចប៉ុន្តែកាន់តែមានមុខងារច្រើន​សម្បូរបែប និង​មាន​ប្រសិទ្ធភាព។ មិនខុសគ្នាទេ ដូច​នឹង​ម៉ាស៊ីន​រថយន្ត​ដែរ ពោលគឺ​រថយន្ត​កាន់តែទំនើប តែទំហំ​ម៉ាស៊ីន​កាន់តែតូច ដោយ​បច្ចុប្បន្ន​ក្រុមហ៊ុនផលិតនីមួយៗ បាន​ចាប់ផ្តើម​បោះបង់​ម៉ាស៊ីនធំៗចោលហើយ ដោយ​សារកត្តាមួយចំនួន​ដូចជា វត្ថុធាតុដើម តម្លៃ ការប្រកួតប្រជែង​ចំពោះ​រថយន្ត​ដែលស៊ីសាំងតិច ច្បាប់ ពិសេស​គឺ​ការ​កាត់​បន្ថយ​ផលប៉ះពាល់​បរិស្ថាន ខណៈ​ដែល​រថយន្ត​អគ្គិសនី​ក៏កំពុង​វាយលុក​ខ្លាំង។

កាន់តែគួរឱ្យ​កត់សម្គាល់​ទៀត​នោះ រថយន្ត​ស៊េរីឆ្នាំ​២០២២នេះ ពិសេស​រថយន្ត​របស់ Toyota, Lexus, និង Ford បាន​ទម្លាក់​ទំហំម៉ាស៊ីនពី V8 មកនៅត្រឹម V6 ជំនួស​វិញ ដោយ​បំពាក់​ជាមួយ​នឹង​ទាក់បូ (Turbo)។ ម៉ាស៊ីន​ Turbo នេះហើយ ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​រថយន្តងាក​មក​ប្រើប្រាស់វា ហើយ​ឈប់​ប្រើម៉ាស៊ីនធំដើមធម្មតា (Naturally Aspirated)។

Turbo មាន​តួនាទី​ជំនួយ​ ដែល​បឺតខ្យល់ពី​អ៊ែរ​ចូលទៅ​ស៊ីម៉ាំង​ជំរុញដល់​ម៉ាស៊ីន​ស្ទុះខ្លាំង។ វាបំពាក់​ជាមួយម៉ាស៊ីនទំហំល្មម ឬតូចៗ ប៉ុន្តែ​វាផ្តល់​នូវកម្លាំងសេះ និងកម្លាំងរមួល ប្រហែល​ ឬខ្ពស់​ជាង​ម៉ាស៊ីនធំ​ទៀត ហើយ​ស៊ីប្រេងតិច។

ជាក់ស្តែង​រថយន្ត​​ Lexus LX 600 ប្រើម៉ាស៊ីន Twin-Turbo V6 ចំណុះ ៣,៥លីត្រ ផលិត​បាន​កម្លាំង ៤០៩សេះ និងកម្លាំង​រមួល ៦៤៩ញ៉ូតុនម៉ែត្រ ខណៈ​រថយន្ត Lexus LX 570 ប្រើម៉ាស៊ីន V8 ចំណុះ ៥,៧លីត្រ ផលិតបានកម្លាំង ៣៨៣សេះ និងកម្លាំងរមួល ៥៤៦ញ៉ូតុនម៉ែត្រ។

ដូច Turbo ដែរ គឺ​នៅមាន​ម៉ាស៊ីន​មួយទៀត​ដែល​កំពុង​ត្រូវបាន​ប្រើប្រាស់​លើ​រថយន្ត Ford ស៊េរីថ្មីៗ គឺ​ម៉ាស៊ីន EcoBoost ដែល​វាជួយជំរុញ​ដល់​កម្លាំងម៉ាស៊ីន​ និង​ជួយឱ្យ​រថយន្ត​សន្សំសំចៃ​ដូចគ្នា។ តួយ៉ាង រថយន្ត​ Ford ដែល​ប្រើ​ម៉ាស៊ីន EcoBoost V6 ចំណុះ ៣,៥លីត្រ គឺ​ខ្លាំង​ប្រហែល​នឹង​រថយន្ត​ប្រើម៉ាស៊ីនដើម Naturally Aspirated V8 ចំណុះ ៥លីត្រ គ្រាន់តែ​មាន​កម្លាំងសេះតូច​ជាងបន្តិច ប៉ុន្តែ​មានកម្លាំងរមួល​ធំជាង។

យ៉ាងណាក៏ដោយ ការបំពាក់​ម៉ាស៊ីន Turboក៏ផ្តល់​គុណវិបត្តិ​ដល់​រថយន្ត​ផងដែរ បើ​ប្រៀបធៀប​នឹង​រថយន្ត​ប្រើ​ម៉ាស៊ីន​ធម្មតា។ រថយន្តដែល​ប្រើ Turbo មិនមានសន្ទុះខ្លាំងពេល​ចេញ​ដេប៉ាដំបូង​ឡើយ រហូត​ទាល់តែ​រថយន្ត​បើក​បាន smooth ទើប​ Turbo ធ្វើការជំរុញ​ម៉ាស៊ីនបន្ថែម។ មិនតែប៉ុណ្ណោះ បើរថយន្ត​បើកក្នុងល្បឿនយឺត វា​ក៏មិនអំណោយផល​សម្រាប់ Turbo ដែរ។ ម្យ៉ាងវិញទៀត ការបំពាក់​ Turbo គឺ​ត្រូវការ​បំពាក់​គ្រឿង​បង្គុំ​ច្រើន​បន្ថែម​ទៀត​ទៅតាមហ្នឹងដែរ ដូច្នេះ​នៅពេល​ខូច ឬមាន​បញ្ហា​ម៉ាស៊ីន គឺ​សំាញុំា និង​ចំណាយ​ច្រើន​ជាងរថយន្ត​ប្រើ​ម៉ាស៊ីន​ធម្មតា៕

អត្ថបទ៖ សំភី

មតិយោបល់