- 2017-10-22 05:30:00
- គន្លឹះ
ដឹង ១០ ចំណុចនេះ ជួយកាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍បាន!
- 2017-10-22 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹង ១០ ចំណុចនេះ ជួយកាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍បាន!
ចន្លោះមិនឃើញ
លើដងផ្លូវ មានអ្នកបើកបរគ្រប់ប្រភេទ ដែលមានឥរិយាបថក្នុងការបើកបរផ្សេងៗគ្នា។ គ្រោះថ្នាក់ចរាចរណ៍ បានឆក់យកអាយុជីវិត ពិការ ខូចខាតទ្រព្យសម្បត្តិ និងខាតបង់ពេលវេលា ដែលមានទាក់ទងតាំងពីលក្ខណៈយានយន្ត រហូតដល់ឥរិយាបថអ្នកបើកបរ។
ក្នុងការកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ អ្នកអាចពិនិត្យមើល សម្រាប់ឲ្យការបើកបរលើដងផ្លូវកាន់តែមានសុវត្ថិភាព ហើយកត្តាដែលសំខាន់បំផុតគឺប្រយ័ត្ន និងអនុវត្តនូវគន្លឹះខាងក្រោម៖
១ ប្រាកដថារថយន្តដំណើរការប្រក្រតី
ការថែទាំរថយន្តមិនត្រឹមតែធ្វើឲ្យការប្រើប្រាស់រថយន្តបានយូរអង្វែងប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវសុវត្ថិភាពកំឡុងពេលបើកបរទៀតផង។ ដូច្នេះម្ចាស់រថយន្តពុំគួរមើលរំលងបញ្ហាតិចៗលើរថយន្តនោះទេ បើអាចគួរជួសជុលតែម្តង។
បញ្ហាប្រឈមខ្លាំងគឺ ខ្យល់កង់រថយន្ត កាលណាសំពាធខ្យល់ខ្ពស់ពេក ឬទាបពេក អាចមានផលប៉ះពាល់ដល់ដំណើររថយន្តលើដងផ្លូវជាពិសេសរថយន្តល្បឿនលឿន ឬទម្ងន់ធ្ងន់ដូចជា SUVs។ អ្នកគួរស្ទង់សំពាធខ្យល់ដោយខ្លួនឯងដោយប្រើឧបករណ៍ Pressure gauge ឬទៅយានដ្ឋានសម្រាប់ពិនិត្យមើលនូវតុល្យភាពខ្យល់ឲ្យបានត្រឹមត្រូវ។ បញ្ហាមួយផ្សេងទៀតគឺប្រព័ន្ធហ្វ្រាំង អ្នកគួរប្រាកដថាហ្វ្រាំងមានដំណើរការប្រក្រតី ស៊ី និងងាយស្រួលជាន់ ឬអាចពិនិត្យនៅយានដ្ឋានមុនពេលធ្វើដំណើរផ្លូវឆ្ងាយ ព្រោះក្នុងករណីប្រព័ន្ធហ្វ្រាំងសឹក នឹងអាចមានបញ្ហាជាមួយនឹងប្រព័ន្ធ Hydraulic (ប្រើក្នុងប្រព័ន្ធហ្វ្រាំង បន្ថយល្បឿនរថយន្តដោយសំពាធ) របស់រថយន្ត។
២ អនុវត្តការបើកបរដោយមានភាពការពារខ្លួន
ការបើកបរលើដងផ្លូវកុំព្យាយាម បើកលឿន វ៉ា ហើយរេចុះឡើងនៅពីមុខរថយន្តអ្នកដទៃ ការបើកបរបែបនេះ មិនសង្ហារទេ តែគ្រោះថ្នាក់។ យ៉ាងណាមិញ បើទោះជាអ្នកមិនមែនជាមនុស្សបើកបរបែបនោះ ក៏អាចជួបនឹងអ្នកបើកបរបែបនោះដែរ លើដងផ្លូវ។ ជារួម អ្នកគួរបើកបរនៅលើជួរផ្លូវរថយន្ត រក្សាគម្លាតបើកបរឲ្យបានត្រឹមត្រូវ ហើយព្យាយាមអត់ធ្មត់ពេលស្ទះចរាចរណ៍។
៣ ប្រយ័ត្នអ្នកបើកបរផ្សេងទៀត
ពេលខ្លះអ្នកបានបើកបរក្នុងល្បឿនកំណត់ គោរពច្បាប់ចរាចរណ៍បានល្អ តែនៅតែមានអ្នកបុកអ្នក។ សូមចាំថា នៅលើផ្លូវមានមនុស្សគ្រប់ប្រភេទ មានឥរិយាបថបើកបរផ្សេងគ្នា ដូច្នេះអ្នកគួរមានការប្រុងប្រយ័ត្នចំពោះហេតុការណ៍ដែលនឹកស្មានមិនដល់ ដូចជា វៃស៊ីញរឆ្វេងបត់ស្តាំ ជិះបញ្ច្រាសទិស ជិះវ៉ាគារខាងមុខរថយន្ត ជាន់ហ្វ្រាំងភ្លាមៗ បត់មិនវៃស៊ីញរ និងករណីផ្សេងៗទៀត។ ជារួម អ្នកគួរពិនិត្យមើលស្ថានភាពតាមកញ្ចក់ និងសម្លឹងមើលនៅសងខាង នូវកាលបើកបររបស់អ្នកដទៃ កុំគ្រាន់តែផ្ដោតអារម្មណ៍លើផ្លូវខាងមុខរថយន្ត អ្នកគួរសម្លឹងមើលទៅឆ្ងាយបន្តិចប្រហែលជា ៤០ ម៉ែត្រឡើងទៅ។
៤ កុំបើកពីក្រោយជិតពេក
ពេលអ្នកបើកបរលើដងផ្លូវ គួរប្រាកដពីគម្លាតរវាងរថយន្តខាងមុខ ដើម្បីផ្តល់នូវពេលវេលាគ្រប់គ្រាន់ដល់រថយន្តក្នុងការបន្ថយល្បឿន ឬឈប់ពេលរថយន្តខាងមុខបន្ថយ ឬឈប់រថយន្តភ្លាមៗដោយចៃដន្យ។ អ្នកអាចអនុវត្តនូវក្បួន បីវិនាទី ដែលណែនាំដោយអ្នកជំនាញ ដោយ ពេលរថយន្តខាងមុខឆ្លងកាត់នូវដើមឈើ ឬវត្ថុផ្សេងនៅក្បែរផ្លូវ អ្នកអាចរាប់ចំនួនបីវិនាទី ប្រសិនបើមិនទាន់ដល់បីវិនាទីផង អ្នកដល់ដើមឈើនោះ មានន័យថា អ្នកស្ថិតនៅគម្លាតគួរឲ្យបារម្ភណាស់ ដូច្នេះអ្នកអាចបន្ថយល្បឿនរួចសាកល្បងរាប់ម្តងទៀត ដើម្បីឲ្យប្រាកដថាអ្នកដល់ដើមឈើនោះដែរ ក្រោយបីវិនាទី។ ប្រសិនបើអ្នកបើកពេលយប់ ឬអាកាសធាតុមិនល្អ គួររាប់ ៦វិនាទី។ យ៉ាងណាមិញ អ្នកគួរប្រើប្រាស់ល្បឿន ដែលអាចគ្រប់គ្រងបាន។
៥ បន្ថែមការប្រុងប្រយ័ត្នពេលអាកាសធាតុមិនល្អ
ប្រសិនបើអ្នកបើកបរក្នុងស្ថានភាពភ្លៀងតិច ឬខ្លាំង ឬខ្យល់ខ្លាំង អ្នកត្រូវបន្ថែមការប្រុងប្រយ័ត្នទ្វេដង ដោយប្រើប្រាស់ល្បឿនសមល្មម កុំជិះកៀកនឹងយានយន្តខាងមុខ និងជាពិសេសប្រយ័ត្នផ្លូវបត់។ ម្យ៉ាងទៀត ក្នុងករណី ផ្លូវមានលក្ខណៈរអិល ឬឧបសគ្គច្រើន បើសិនជាអ្នកមិនប្រាកដនឹងការបើកបរលើឧបសគ្គទាំងនេះ អ្នកអាចឲ្យអ្នកផ្សេង (ធ្លាប់បើកផ្លូវបែបនេះ) បើកជំនួសបាន។
ចុចអាន៖ របស់សាមញ្ញៗ ៣ យ៉ាងមិនគួរទុកចោលនៅក្នុងរថយន្ត
៦ ពាក់ខ្សែក្រវាត់សុវត្ថិភាព
ការពាក់ខ្សែក្រវាត់សុវត្ថិភាពរាល់ពេលធ្វើដំណើរនឹងអាចជួយកាត់បន្ថយអត្រាគ្រោះថ្នាក់បានមួយចំនួនផងដែរ ពីការប៉ះទង្គិច ឬអកសឺនឹងអ្វីមួយ។ ទោះជាក្មេងក៏ដោយ ចាស់ក៏ដោយគួរពាក់ខ្សែក្រវាត់សុវត្ថិភាព។ ក្នុងករណីអ្នកមិនពាក់ខ្សែក្រវាត់ នៅកម្រិតល្បឿនយឺតពេលប៉ះទង្គិច អាចនឹងធ្វើឲ្យអ្នកប៉ះនឹងផ្ទៃខាងមុខរថយន្ត បែកក្បាល ឬបាក់ឆ្អឹងជាដើម ហើយបើនៅកម្រិតល្បឿនលឿនវិញ កាន់តែគ្រោះថ្នាក់ដោយអាចប្លោងចេញក្រៅតាមកញ្ចក់ខាងមុខ ទៅប៉ះនឹងអ្វីមួយថែមទៀត ជារួមរាល់ពេលធ្វើដំណើរគួរពាក់ខ្សែក្រវាត់សុវត្ថិភាព។
៧ កុំបើកបរក្នុងសភាពងោក
ក្នុងករណីអ្នកបើកបរមានភាពនឿយហត់ ឬល្វើយ ដល់ថ្នាក់ដេកលក់ ឬងោកតែបន្តិច អាចនឹងមានផលអាក្រក់ដោយអាចប៉ះទង្គិចនឹងដើមឈើ មនុស្ស របាំងទ្រូងផ្លូវ ឬស្ពាន ដែលបង្កជាគ្រោះថ្នាក់ដ៏អាក្រក់។ អ្នកគួរសម្រាកឲ្យបានគ្រប់គ្រាន់ដោយ ៨ ម៉ោងជារៀងរាល់យប់។ ការគេងមិនគ្រប់គ្រាន់អាចធ្វើឲ្យអ្នកឆាប់ល្វើយ និងបាត់បង់នូវការផ្ដោតអារម្មណ៍។ អ្នកគួរដឹងខ្លួនឯង សូមកុំប្រថុយប្រថាន ប្រសិនបើអ្នកងងុយ ឬល្វើយ អ្នកអាចឈប់សម្រាក ប៉ុន្មានម៉ោង ឬឲ្យមិត្តភក្ដិជួយបើកបរជំនួសប្រសិនបើមាន ជារួមប្រាកដថាខ្លួនស្វាងល្អ ពេលបើកបរ។
៨ ជៀសវាងការរំខានកំឡុងពេលបើកបរ
ការប្រើប្រាស់ទូរស័ព្ទ បរិភោគអាហារ ផាត់មុខ ឬការជជែកកំសាន្តជាមួយនឹងអ្នកក្នុងរថយន្ត ក៏អាចមានហានិភ័យចំពោះសុវត្ថិភាពក្នុងការបើកបរផងដែរ ព្រោះសកម្មភាពទាំងនេះធ្វើឲ្យអ្នកបាត់បង់នូវកម្រិតយកចិត្តទុកដាក់លើយានយន្ត និងដងផ្លូវ។ បើតាមដំបូន្មានរបស់លោក Jim Morrison ដែលជាតន្ត្រីករផ្នែក Rock គឺរក្សាភ្នែកអ្នកនៅនឹងផ្លូវ ហើយដៃទាំងពីរលើចង្កូត។
៩ ប្រើល្បឿនដែលអាចគ្រប់គ្រងបាន
ល្បឿនជាកត្តាចំបងក្នុងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដូច្នេះអ្នកគួរប្រើល្បឿនក្នុងកម្រិតដែលអាចគ្រប់គ្រងបាន ដោយកំណត់ល្បឿនក្នុងទីប្រជុំជន ៤០ គីឡូម៉ែត្រ ក្នុង ១ម៉ោង និងក្រៅទីប្រជុំជន ៨០ គីឡូម៉ែត្រ ក្នុង ១ម៉ោង សម្រាប់រថយន្តគ្រប់ប្រភេទ។ យ៉ាងណាមិញ វាអាចពិបាកក្នុងការកំណត់ល្បឿនបែបនេះ ពេលអ្នកមានកាលប្រញាប់ ប៉ុន្តែបើប្រញាប់អ្នកអាចចេញដំណើរមុនម៉ោងបន្តិចនោះពិតជាល្អ។
១០ កុំបើកបរក្នុងស្ថានភាពស្រវឹង
ការបើកបរក្នុងស្ថានភាពស្រវឹងធ្វើឲ្យអ្នកបើកបរបាត់បង់នូវស្មារតីក្នុងការគ្រប់គ្រងរថយន្ត ជាពិសេសទាក់ទងនឹងល្បឿន ការបត់ និងការឆ្លើយតបទៅនឹងឧបសគ្គនៅផ្លូវខាងមុខ។ ម្យ៉ាងទៀតការប្រើជាតិស្រវឹងលើសប្រមាណអាចធ្វើឲ្យភ្នែកមានលក្ខណៈស្រវាំង មើលមិនសូវច្បាស់ ជាពិសេសពេលយប់។ កន្លងមក មានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាច្រើន ដែលភាគច្រើនបណ្តាលមកពីសារធាតុស្រវឹង។ ជារួម បើអ្នកមានជាតិស្រវឹងក្នុងខ្លួន តិច ឬច្រើន ពុំគួរបើកបរនោះទេ ដោយអាចពឹងមិត្តភក្ដិ ឬចាំស្វាងសិនសឹមធ្វើដំណើរបន្ត៕
ចុចអានបន្ត៖