- 2024-05-05 01:00:00
- ចំណេះដឹង
យល់ដឹងពីប្រព័ន្ធប៉ុងរថយន្ត ដែលមានដូចជា ប៉ុង១ ប៉ុង២ និង 4x4
- 2024-05-05 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យល់ដឹងពីប្រព័ន្ធប៉ុងរថយន្ត ដែលមានដូចជា ប៉ុង១ ប៉ុង២ និង 4x4
ចន្លោះមិនឃើញ
យើងបានស្គាល់ពាក្យ ប៉ុង១ និងប៉ុង២ រួចមកហើយ ជាពិសេសបើលោកអ្នកសម្រេចចិត្តទិញរថយន្តប្រភេទ SUV ឬ ភីកអាប់ ប្រាកដជាគិតអំពីរឿងនេះផងដែរ ក្នុងជម្រើសរថយន្ត ថាតើគួរយកមួយណា។ សម្រាប់ប្រជាជនកម្ពុជា ការជ្រើសរើសយករថយន្តប្រើប៉ុង១ ឬ ប៉ុង២ គឺគិតទៅលើតម្លៃ កម្រិតស៊ីសាំង ទីផ្សារ ការជួសជុល ដែលរថយន្តប៉ុង២ ចំណាយច្រើនជាង ប៉ុង១ ប៉ុន្តែរថយន្តប៉ុង២ បើកបរមានលំនឹងជាង ស្ទុះជាង និងងាយស្រួលរត់ជាងប៉ុង១។
តើលោកអ្នកមានចម្ងល់ទេ ហេតុអ្វីរថយន្តខ្លះប្រើប៉ុង១ ខ្លះប្រើប៉ុង២។ ការពិតទៅ ប្រព័ន្ធបើកបររថយន្ត ឬប៉ុងរថយន្តមាន៤ប្រភេទផ្សេងគ្នាគឺ៖
១. រត់កង់ទាំងអស់ (All Wheel Drive - AWD) ឬហៅថា ប៉ុង២
ជាប្រព័ន្ធដែលប្រើស្ពឺ ៣ រួមមានមុខ ក្រោយ និង កណ្ដាល ដើម្បីផ្ដល់កម្លាំងដល់កង់ទាំង ៤ របស់រថយន្ត។ ប្រព័ន្ធនេះ ត្រូវបានគេនិយមប្រើលើរថយន្ត SUV ខ្នាតតូចៗដូចជា Higlander និង CR-V ជាដើម ហើយរចនាសម្រាប់ប្រើលើផ្លូវធម្មតា ឬ ប្រើលើផ្លូវផុកម្ដងម្កាល។ ប៉ុង២ មានកម្លាំងទប់ខ្លាំងជាងពីរដងនៃ 4x4 ដែលអាចផ្ដល់សុវត្ថិភាពបានកាន់តែខ្ពស់ក្នុងករណីត្រូវឈប់ភ្លាមៗ ឬ បត់ភ្លាមៗ។
២. រត់កង់ខាងមុខ (Front Wheel Drive - FWD) ឬហៅថា ប៉ុងមុខ
ត្រូវបានរចនាឡើងដោយចំណាយតិចលើការផលិត មានទំហំធំទូលាយ និងស្រាលជាងប៉ុងផ្សេងៗ។ វាមានកម្លាំងអូសទាញជាងប៉ុងក្រោយ និងល្អសម្រាប់ការបើកឡើងជម្រាល ពីព្រោះទម្ងន់ម៉ាស៊ីនពឹងផ្អែកលើកង់មុខ។
៣. រត់កង់ខាងក្រោយ (Rear Wheel Drive – RWD) ឬហៅថា ប៉ុងក្រោយ
ភាគច្រើនប្រើលើរថយន្តភីកអាប់ និងរថយន្តដឹកទំនិញ ស្ព័រ និង Sedan ទំនើបៗកម្លាំងខ្លាំង។ ប្រព័ន្ធនេះ មានចង្កូតដែលងាយស្រួលបញ្ជាជាពិសេសលើរថយន្តកម្លាំងខ្លាំងៗ ហើយអាចទ្រាំទ្រទម្ងន់រថយន្តបានស្មើគ្នាល្អ (មុខ ៥០% និង ក្រោយ ៥០%) ដែលអាចរក្សាលំនឹងបានល្អ ល្អសម្រាប់ការដឹកឥវ៉ាន់ធ្ងន់ៗ។ យ៉ាងណាក្ដីរថយន្តប្រភេទនេះមិនអាចទ្រាំទ្របានល្អចំពោះការបើកលើផ្លូវសើម ឬ មានព្រិលធ្លាក់។
៤. រត់កង់ទាំង៤ (4 Wheel Drive – 4WD) ឬហៅថា 4x4
ជាប្រព័ន្ធដែលប្រើស្ពឺពីរ រួមជាមួយនឹង Transfer Case មួយដើម្បីផ្ដល់កម្លាំងដល់កង់ទាំង៤ នៃរថយន្ត។ ធម្មតានិយមប្រើលើរថយន្តប្រភេទ Off-Road ខ្នាតធំៗ ហើយប្រព័ន្ធនេះអាចចែកចាយកម្លាំងពីម៉ាស៊ីនរថយន្តទៅកាន់កង់ទាំង ៤ បានស្មើៗគ្នា ដោយបង្ខំឲ្យកង់រថយន្តបង្វិលក្នុងពេលដូចគ្នា។
ប្រព័ន្ធបើកបរថយន្តខាងលើ ត្រូវបានបំពាក់លើប្រភេទរថយន្តផ្សេងៗពីគ្នា ព្រោះតែរថយន្តទាំងនោះត្រូវបំពេញតាមតម្រូវការរបស់អតិថិជនផ្សេងៗគ្នាដែរ ហើយរថយន្តម៉ូដែលខ្លះទៀត មានទាំងជម្រើសប្រើប៉ុង១ និងប៉ុង២ ដែលវាក៏មានតម្លៃ និងការបំពាក់គ្រឿងបរិក្ខារ និងបច្ចេកវិទ្យាខុសគ្នាទៅតាមហ្នឹងដែរ៕