- 2022-02-10 03:32:09
- ចំណេះដឹង
ហេតុអ្វីគេធ្វើប្រព័ន្ធហ្វ្រាំងឡានច្រើនប្រភេទ?
- 2022-02-10 03:32:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីគេធ្វើប្រព័ន្ធហ្វ្រាំងឡានច្រើនប្រភេទ?
ចន្លោះមិនឃើញ
ក្នុងចំណោមកន្លែងសំខាន់ៗរបស់រថយន្ត ពិសេសនៅពេលបើកបរ ចំណុចសុវត្ថិភាពដ៏សំខាន់ជាងគេគឺហ្វ្រាំង ដែលវាជួយបន្ថយល្បឿន និងបញ្ឈប់រថយន្តពេលមានឧបសគ្គនៅខាងមុខ ឬត្រូវការចត។
ប្រភេទហ្វ្រាំងដែលសុទ្ធតែមាននៅលើរថយន្ត គឺមានហ្វ្រាំងថាស និងហ្វ្រាំងតាំបួរ និងហ្វ្រាំងប្រើពេលអាសន្ន (ហ្វ្រាំងដៃ)។
ហ្វ្រាំងថាស ជាប្រភេទហ្វ្រាំងជើង ផ្គុំឡើងដោយ រ៉ូទ័រហ្វ្រាំងដែលភ្ជាប់ទៅនឹងកង់ផ្ទាល់តែម្ដង។ សម្ពាធរបស់ប្រព័ន្ធអ៊ីដ្រូលីក (Hydraulic System) ដែលចេញពីស៊ីឡាំងមេ នឹងធ្វើឲ្យឆ្នាប់ (Calibre) នៅជាប់នឹងថាសហ្វ្រាំងដែលជាប់នឹងកង់នោះ ចាប់ផ្ដើមផ្អឹបចូលគ្នា ដើម្បីចាប់ថាសហ្វ្រាំងនោះ។ ការចាប់នេះបង្កើតជាការកកិត ដើម្បីបន្ថយល្បឿន ឬក៏បញ្ឈប់រថយន្តតែម្ដង។
ហ្វ្រាំងតាំប៊ួរ ជាប្រភេទហ្វ្រាំងជើង ប្រើប្រាស់តាំប៊ួរដែលបំពាក់នៅខាងក្នុងដុំកង់រថយន្តផ្ទាល់តែម្ដង។ នៅពេលដែលអ្នកបើកបរជាន់ហ្វ្រាំង ប្រព័ន្ធអ៊ីដ្រូលីកនឹងរុញតាំប៊ួរ ២ ស្បែកហ្វ្រាំង ២ ដែលផ្គុំគ្នាជារង្វង់នៅក្នុងកង់នោះ ឲ្យកកិតជាមួយតាំប៊ួរហ្វ្រាំង។ ការចាប់នេះបង្កើតជាការកកិត ដើម្បីបន្ថយល្បឿន ឬក៏បញ្ឈប់រថយន្តដូចគ្នានឹងហ្វ្រាំងថាសដែរ។
ហ្វ្រាំងគ្រាអាសន្ន ឬហៅថាហ្វ្រាំងដៃនោះ គឺជាប្រព័ន្ធហ្វ្រាំងឯករាជ្យមួយ ដាច់ផ្សេងពីប្រព័ន្ធហ្វ្រាំងសម្រាប់បន្ថយល្បឿន និងបញ្ឈប់រថយន្ត។ ហ្វ្រាំងនេះមានរូបរាងច្រើន នៅច្រើនកន្លែងផ្សេងគ្នា ដោយខ្លះមានរូបរាងដូចដៃសម្រាប់ទាញឡើងលើនៅជិតចង្កឹះលេខ ផ្សេងទៀតនៅខាងក្រោមចង្កូតជាប់ទ្វារសម្រាប់ជាន់។ វាដំណើរការដោយសារតែខ្សែកាបនៅខាងក្នុង បានដាក់សម្ពាធទៅលើកង់ទាំង ៤ ធ្វើឲ្យវាពិបាកនឹងរំកិលទៅមុខក្រោយ។ ជាធម្មតាហ្វ្រាំងនេះ ប្រើប្រាស់សម្រាប់ពេលចត កុំឲ្យរថយន្តរំកិលបាន តែវាក៏អាចប្រើនៅពេលមានអាសន្នដែរ គឺនៅពេលដែលហ្វ្រាំងជើងជាន់លែងស៊ី។
ក្រៅពីហ្វ្រាំងខាងលើ គេក៏បានចាប់ផ្តើមបំពាក់ប្រព័ន្ធហ្វ្រាំងមួយទៀត ដែលបំពាក់ស្ទើរតែគ្រប់រថយន្តទៅហើយក្នុងពេលបច្ចុប្បន្ននេះ នោះគឺ ប្រព័ន្ធហ្វ្រាំង ABS (Anti-lock Braking System)។
ប្រព័ន្ធហ្វ្រាំង ឬហ្វ្រាំងកៀប ABS ជាប្រព័ន្ធដែលដាក់នៅលើហ្វ្រាំងជើង ការពារកុំឲ្យកង់ជាប់គាំង ដែលអាចបណ្ដាលឲ្យរថយន្តអូសទៅមុខ មិនអាចបញ្ជាចង្កូតបាន នៅពេលជាន់ហ្វ្រាំងភ្លាមៗ។ ប្រព័ន្ធនេះមានប្រសិទ្ធភាពបំផុត នៅពេលដែលផ្លូវមានសភាពរអិល ព្រោះវានឹងជួយមិនឲ្យរថយន្តបាត់លំនឹង ពេលជាន់ហ្វ្រាំងភ្លាមៗ។
គួរដឹងថា រថយន្តដំបូងគេដែលបំពាក់ ABS គឺរថយន្ត Mercedes-Benz S-Class W116 ដែលផលិតក្នុងឆ្នាំ១៩៧៨។ ទោះមានអាយុកាលជាង ៤០ឆ្នាំទៅហើយក្តី ប៉ុន្តែ ABS នៅតែពេញនិយមខ្លាំង ក្នុងការបំពាក់លើរថយន្តដែលផលិតក្នុងពេលសព្វថ្ងៃនេះ មិនថារថយន្តទំនើបថ្លៃ ឬធូរថ្លៃនោះទេ។
បន្ថែមលើសនេះ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធកាន់តែល្អប្រសើរ និងសកម្មភាពចរាចរណ៍កើនឡើងខ្លាំងនៅតាមបណ្តាប្រទេសជាច្រើន ពិសេសការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងការប្រកួតប្រជែងរបស់បណ្តាក្រុមហ៊ុនផលិតរថយន្ត បានជំរុញដល់ការអភិវឌ្ឍន៍ប្រព័ន្ធហ្វ្រាំងជាច្រើនបន្ថែមទៀត ដើម្បីបង្កើនសុវត្ថិភាពកាន់តែខ្ពស់ដល់អ្នកបើកបរក៏ដូចជាអ្នកដំណើរក្នុងរថយន្តលើគ្រប់ស្ថានភាពផ្លូវ។
ប្រព័ន្ធហ្រ្វាំងទំនើបៗទាំងនោះមានដូចជា EBD, BA, ESC, CSC, HA និង TC។ តោះមកមើលមុខងាររបស់ពួកវាដូចខាងក្រោមនេះ៖
EBD (Electronic Brakeforce Distribution) ជាប្រព័ន្ធបែងចែកកម្លាំងហ្វ្រាំងអេឡិចត្រូនិច ។ វាមានតួនាទីបែងចែកថាមពលហ្វ្រាំងទៅកាន់កង់រថយន្តទាំងអស់។ នៅពេលជាន់ហ្វ្រាំងខ្លាំង វានឹងបង្កើនកម្លាំងកកិតរវាងសំបកកង់ និងផ្លូវ។ ដូច្នេះប្រព័ន្ធ EBD នឹងធ្វើការថ្លឹងកម្លាំងហ្វ្រាំងលើកង់ទាំង៤ដោយត្រឹមត្រូវស្វ័យប្រវត្តិ មិនឱ្យរថយន្តរអិល និងបាត់ការគ្រប់គ្រង។
BA (Braking Assist) ជាប្រព័ន្ធជំនួយហ្វ្រាំងបន្ទាន់ ដោយមុខងាររបស់វាជួយដល់ហ្វ្រាំងឱ្យកាន់តែស៊ី ពោលគឺអាចឱ្យឈប់បានកាន់តែលឿន នៅពេលអ្នកបើកបរជាន់ហ្វ្រាំងក្នុងស្ថានភាពបន្ទាន់។ មានន័យថា ការងាររបស់វា គឺចាំអង្កេតមើលកម្លាំងជាន់ហ្វ្រាំងរបស់អ្នកបើកបរ ហើយប្រសិនបើជាន់ខ្លាំង វានឹងជួយផ្តល់កម្លាំងហ្វ្រាំងបន្ថែមទៀតដោយស្វ័យប្រវត្តិតាមរយៈសេនស័រ ECU (Engine Control Unit)។
ESC (Electronic Stability Control) ជាប្រព័ន្ធគ្រប់គ្រងលំនឹងអេឡិចត្រូនិច ដែលជួយរក្សាលំនឹងរថយន្តក្នុងការទប់ស្កាត់គ្រោះថ្នាក់។ តាមរយៈប្រព័ន្ធនេះ សេនស័រដែលដាក់ជាប់នៅលើកង់ទាំង៤ នឹងអង្កេតភាពរអិល និងហ្វ្រាំង បើមានអ្វីមិនស្រួល សេនស័នឹងធ្វើការសម្រួលភ្លាម។ ឧទាហរណ៍ដូចជាករណីរេដៃចង្កូតជាដើម។
CSC (Corner Stability Control) ជាប្រព័ន្ធសុវត្ថិភាពដែលជួយទប់លំនឹងរថយន្តពេលបើកផ្លូវកោង ក្នុងល្បឿនលឿន។ វាជាផ្នែកមួយនៃប្រព័ន្ធទប់លំនឹងអេឡិចត្រូនិច (ESP)។
HA (Hill Start Assist) ជាប្រព័ន្ធសុវត្ថិភាពមួយក្នុងការជួយទប់រថយន្តមិនឱ្យរអិលថយក្រោយពេលឡើងភ្នំ ទួល ឬឡើងចំណោត។ ជាទូទៅពេលរថយន្តកំពុងបើកបរ និងជាន់ហ្វ្រាំងឈប់នៅលើចំណោត ហើយបន្ទាប់មកបន្តដំណើរដោយព្រលែងហ្វ្រាំង មកជាន់ហ្គែរ វានឹងទួងកង់រអិលមកក្រោយបន្តិច ហើយអាចប៉ះទង្គិចគ្នាទៀតផងប្រសិនបើមានម៉ូតូ ឬរថយន្តនៅកៀកខាងក្រោយ។ ប៉ុន្តែបើមានប្រព័ន្ធ HA នេះ វានឹងជួយទប់ស្វ័យប្រវត្តិមិនឱ្យរអិលមកក្រោយវិញឡើយសូម្បីតែបន្តិច។
TC (Traction Control) ជាប្រព័ន្ធទប់លំនឹងរថយន្តពេលបត់ និងមិនឱ្យរអិលនៅពេលបើកបរលើផ្លូវសើម ឬផ្លូវដែលមានប្រឡាក់ប្រេងជាដើម។ នៅពេលចាប់ហ្វ្រាំងលើស្ថានភាពផ្លូវបែបនេះ ប្រព័ន្ធ TC នឹងធ្វើការដោយស្វ័យប្រវត្តិ ដោយកម្លាំងរង្វិលដែលនៅសល់ពីកង់ដែលរអិលនោះ នឹងត្រូវបានបញ្ជូនទៅកង់ដទៃទៀតដែលមិនរអិល ធ្វើឱ្យរថយន្តបើកបរទៅមុខដោយរលូនប្រកបដោយសុវត្ថិភាព។ តែយ៉ាងណាមិញ ប្រសិនបើក្នុងករណីរថយន្តជាប់ផុត គឺគួរបិទប្រព័ន្ធ TC នេះសិន ព្រោះបើមិនដូច្នោះទេ វានឹងចាប់ហ្វ្រាំងដល់កង់ដែលរអិលនោះ នឹងជាប់រហូត។
តែយ៉ាងណាក៏ដោយ ទោះជារថយន្តរបស់អ្នកបានបំពាក់ប្រព័ន្ធហ្វ្រាំង និងប្រព័ន្ធសុវត្ថិភាពគ្រប់ចំណុចទាំងអស់ ក៏មិនប្រាកដថា សុវត្ថិភាព១០០%ដែរ ដូច្នេះបើបំពាក់ប្រព័ន្ធទាំងនេះហើយ ថែមទាំងការបើកបរដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ ព្រមទាំងការត្រួតពិនិត្យរថយន្តមុនចេញដំណើរ នឹងជួយឱ្យលោកអ្នកអាចចៀសផុតពីគ្រោះថ្នាក់ផ្សេងៗបាន៕