- 2022-01-20 03:56:05
- ចំណេះដឹង
ឃើញចាប់ផ្តើមជិះច្រើនហើយ! ហេតុអ្វីគេសម្រុកផលិតឡានអគ្គិសនី?
- 2022-01-20 03:56:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញចាប់ផ្តើមជិះច្រើនហើយ! ហេតុអ្វីគេសម្រុកផលិតឡានអគ្គិសនី?
ចន្លោះមិនឃើញ
អគ្គិសនីពិតជាសំខាន់ខ្លាំងណាស់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។ បច្ចុប្បន្ននេះ ការប្រើប្រាស់ថាមពលអគ្គិសនីលើរថយន្តក៏កាន់តែមានការពេញនិយមខ្លាំង ដោយហេតុថា ក្រុមហ៊ុនរថយន្តជាច្រើនហើយ បាននឹងកំពុងបោះជំហានទៅរកការផលិតរថយន្តអគ្គិសនី បន្ទាប់ពីរថយន្ត Hybrid និង Plug-in Hybrid ដែលសន្សំសំចៃពីការប្រើប្រាស់សាំង។
រថយន្តអគ្គិសនី ជាប្រភេទរថយន្តដែលដំណើរការដោយថាមពលអគ្គិសនីតែមួយប៉ុណ្ណោះតាមរយៈការប្រើប្រាស់អាគុយដែលអាចសាកឡើងវិញបាន ពោលគឺមិនត្រូវការចាក់សាំងនោះទេ ហើយវាបំពាក់ម៉ូទ័រអគ្គិសនីដែលបញ្ជាលើការរត់របស់កង់រថយន្ត។ អាគុយដែលដាក់លើរថយន្តអគ្គិសនីបច្ចុប្បន្ន ភាគច្រើនបំផុតគឺជាអាគុយលីចូម (lithium-ion) ដោយសារវាមានដង់ស៊ីតែថាមពលខ្ពស់ អាចផ្ទុកភ្លើងបានច្រើន។
មូលហេតុចម្បងៗ ដែលនិន្នាការប្រើប្រាស់រថយន្តអគ្គិសនីកាន់តែកើនឡើងខ្លាំងមានដូចជា៖
-កាត់បន្ថយផលប៉ះពាល់បរិស្ថាន៖ រថយន្តអគ្គិសនី ឬហៅថា រថយន្តបៃតង ពុំមានដំណើរការដុតចំហេះដូចរថយន្តសាំងទេ ដូច្នេះវាមិនបញ្ចេញផ្សែងពុលចូលទៅក្នុងបរិយាកាសឡើយ។
-សំឡេងស្ងាត់៖ ម៉ូទ័រអគ្គិសនី គឺវាធ្វើការដោយស្ងៀមស្ងាត់ ដូច្នេះសំឡេងរំខានរបស់វាគឺទាបជាង រថយន្តម៉ាស៊ូត ឬសាំង។
-សាកភ្លើងនៅផ្ទះបាន៖ នៅពេលរថយន្តជិតអស់ ឬអស់ថាមពល គេអាចសាកអាគុយរថយន្តនៅផ្ទះរបស់អ្នកប្រើប្រាស់ផ្ទាល់ ដោយគ្រាន់តែដំឡើងដុំសាកបន្ថែម។
-សន្សំសំចៃបំផុត និងអាចធ្វើដំណើរបានកាន់តែឆ្ងាយ៖ ប្រសិនបើសាកភ្លើងនៅតាមស្ថានីយនានា គឺតម្លៃរបស់វាពិតជាថោកមែនទែន មានរបាយការណ៍ខ្លះថា វាចំណេញជាងការចាក់សាំងដល់ទៅ ៩០% ឯណោះ។ បន្ថែមលើសនេះ ដោយសារតែការប្រកួតប្រជែង ក្រុមហ៊ុននីមួយៗបានខិតខំពង្រីកថាមពលអាគុយ ដើម្បីអាចឱ្យរថយន្តធ្វើដំណើរបានកាន់តែឆ្ងាយ ក្នុងពេលសាកភ្លើងពេញម្តង។
-តម្រូវការកើនឡើងនាំឱ្យមានការច្នៃប្រឌិតកាន់តែប្លែកថ្មី៖ នៅពេលដែលការនិយមប្រើប្រាស់រថយន្តអគ្គិសនីកើនឡើង នោះនឹងធ្វើឱ្យក្រុមហ៊ុនផលិតប្រជែងគ្នាបង្កើនការខិតខំច្នៃប្រឌិតរកអ្វីដែលកាន់តែថ្មីទាក់ទាញ ដូចជាការឌីហ្សាញរូបរាងខាងក្រៅ និងខាងក្នុង ការបំពាក់បរិក្ខារ និងបច្ចេកវិទ្យា។
-ស្ថានីយសាកភ្លើងសម្រាប់រថយន្តអគ្គិសនី នឹងត្រូវដំឡើងកាន់តែច្រើនឡើង នៅពេលរថយន្តប្រភេទនេះ មានការប្រើប្រាស់ទូលំទូលាយ ពោលគឺវានឹងទាក់ទាញដល់ការវិនិយោគ។
-បំពាក់បច្ចេកវិទ្យាទំនើបបំផុត៖ រថយន្តអគ្គិសនីបច្ចុប្បន្ន បានបំពាក់បច្ចេកវិទ្យាទំនើបៗ ក៏ដូចជាប្រព័ន្ធសុវត្ថិភាពកាន់តែខ្ពស់ជាងរថយន្តសាំង ក្នុងការផ្តល់ភាពកម្សាន្ត ផាសុកភាព ជាពិសេសមុខងារបើកបរស្វ័យប្រវត្តិ។
-ទទួលបានការលើកទឹកចិត្តពីរដ្ឋាភិបាល៖ ប្រទេសជាច្រើនហើយបានជំរុញឱ្យប្រជាជនខ្លួនប្រើប្រាស់រថយន្តអគ្គិសនី តាមរយៈការមិនយកពន្ធ ឬពន្ធទាប និងលក្ខណ្ឌអនុគ្រោះនានា ធ្វើឱ្យរថយន្តប្រភេទនេះមានតម្លៃធូរថ្លៃ។
-រថយន្តអគ្គិសនីខ្លះ អាចដើរតួធ្វើជាម៉ាស៊ីនភ្លើងទៀតផង ដូចជា Ford F-150 Lighting ជាដើម។
មកដល់ពេលនេះ ក្រុមហ៊ុនដែលបានផលិត និងបង្ហាញចេញរថយន្តអគ្គិសនីរួចមកហើយនោះរួមមានដូចជា៖
-ក្រុមហ៊ុនចិន៖ Aiways, BAIC, Wuling, FAW Group, BYD, Changan, Chery, Dongfeng, Denza, DFSK, Enovate, GAC, Geely, Great Wall Motors, Higer, HiPhi, IM Motors, JAC Motors, Kandi, Leapmotor, SAIC Motors, Beijing Automobile Works, Nanjing Automobile-SAIC Motor, Hozon, NIO, Qiantu Motor, Singulato, Shineray, Welmeister និង Xpeng។
-ក្រុមហ៊ុនមិនមែនចិន៖ Aspark, Audi, BMW, General Motors, Stellantis, SEAT, Ford, Genesis, Honda, Hyundai, Jaguar Land Rover, Kia, Lexus, Toyota, Volvo, Porsche, Renault, Rimac-Automobili, Rivian, Skoda Auto, Daimler AG, Subaru, Tata Motors, Tesla, Volkswagen និង VinFast។
គួរកត់សម្គាល់ថា ក្នុងឆ្នាំ២០២១ ការលក់រថយន្តអគ្គិសនី បានកើនឡើងយ៉ាងគំហុក ពោលគឺជាង ៦លានគ្រឿង កើនឡើងប្រមាណ ២៦% នៃឆ្នាំ២០២០។ ក្នុងនោះរថយន្តរបស់ក្រុមហ៊ុនចិន បានចូលរួមចំណែក ១២%។ ប៉ុន្តែបើនិយាយពីក្រុមហ៊ុននាំមុខគេ គឺក្រុមហ៊ុនអាមេរិក Tesla។
សម្រាប់ប្រទេសកម្ពុជា គឺឃើញមានការនាំចូលរថយន្តអគ្គិសនី និងមានចរាចរណ៍លើដងផ្លូវបណ្តើរៗដែរហើយ។ លើសពីនេះ កម្ពុជាមានផែនការដំឡើងស្ថានីយសាកអាគុយ ដើម្បីជំរុញការប្រើប្រាស់រថយន្តអគ្គិសនីនាពេលអនាគត ខណៈដែលនិន្នាការប្រើប្រាស់រថយន្តប្រភេទនេះកំពុងកើនឡើងនៅលើពិភពលោក និងនៅក្នុងស្រុក ដែលវាបានជួយសន្សំសំចៃ និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន។
ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងរៀបចំគោលនយោបាយ និងការគាំទ្រសម្រាប់រថយន្តដើរដោយថាមពលអគ្គិសនី (EVs) ដើម្បីធានាឱ្យមានហេដ្ឋារចនាសម្ព័ន្ធទាំងមូលសម្រាប់ EVsនៅកម្ពុជា ក្នុងនោះរួមមាន៖ ស្ថានីយសាកអាគុយ កន្លែងផ្តល់សេវា គ្រឿងបន្លាស់ បុគ្គលិកទទួលការបណ្តុះបណ្តាល និងកន្លែងបោះចោលអាគុយ និងធានា ថាEVs ដែលនាំចូលមកកម្ពុជាមានគុណភាពល្អ។
ទោះជាយ៉ាងណាក៏ដោយ គេត្រូវការពេលវេលាច្រើនឆ្នាំបន្ថែមទៀត ដើម្បីអាចចូលខ្លួនមកជំនួសរថយន្តសាំង ឬម៉ាស៊ូតទាំងស្រុង ដោយសារតែបញ្ហាមួយចំនួនដូចជា៖
-ការបារម្ភរបស់អ្នកប្រើប្រាស់ ចំពោះបញ្ហាសុវត្ថិភាព (ផ្ទុះឆេះអាគុយ)
-តម្លៃនៅតែថ្លៃ បើប្រៀបធៀបនឹងរថយន្តសាំង
-កម្លាំងម៉ាស៊ីនមិនខ្លាំងដូចរថយន្តសាំង
-ស្ថានីយសាកអាគុយ និងហេដ្ឋារចនាសម្ព័ន្ធ នៅខ្វះខាតច្រើនណាស់
-ចំណេះដឹងជួសជុលរថយន្តអគ្គិសនីនៅមានកម្រិត ពិសេសនៅប្រទេសកំពុងអភិវឌ្ឍន៍៕