• 2018-08-02 01:22:24
  • ប្រវត្តិបច្ចេកវិទ្យា

បណ្ដាញ​សង្គម Tik Tok ឃើញ​គេ​លេង​គ្រប់គ្នា ដឹង​ប្រភព​មកពី​ប្រទេស​ណា​ទេ?

  • 2018-08-02 01:22:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tik Tok ឬ​ឲ្យ​ឈ្មោះ​ម្យ៉ាង​ទៀត Douyin ជា​កម្មវិធី​មាតិកា​ចម្រៀង​និង​បណ្តាញ​សង្គម​របស់​ប្រទេស​ចិន ដែល​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​នា​ខែ​កញ្ញា ឆ្នាំ ២០១៦ ដោយ​ស្ថាបនិក​ក្រុមហ៊ុន Toutiao លោក Zhang Yiming ។ បុរស​មាន​ទ្រព្យសម្បត្តិ ៤ ពាន់​លាន​ដុល្លារ​រូប​នេះ បាន​ត្រួសត្រាយ​ផ្លូវ​ឲ្យ​កម្មវិធី​របស់​ខ្លួន ទទួល​បាន​ភាព​ល្បីល្បាញ​ខ្លាំង​នៅ​ប៉ែក​អាស៊ី ពោល​មាន​កំណើន​អ្នក​ប្រើប្រាស់​លឿន​បំផុត​នៃ​សហគមន៍​វីដេអូ​ជុំវិញ​ពិភពលោក។

រូបតំណាងលោក Zhang Yiming

គិត​ត្រឹម​ខែ​មិថុនា ឆ្នាំ ២០១៨ កម្មវិធី Tik Tok មាន​អ្នក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ១៥០ លាន​នាក់ និង​ប្រចាំ​ខែ​ដល់ ៥០០ លាន​នាក់ ជាប់​ឈ្មោះ​ជា App ទទួល​បាន​ការ​ចុច​ទាញ​យក​ច្រើន​បំផុត​ក្នុង​ត្រីមាស​ទី ១ ឆ្នាំ ២០១៨ ដល់​ទៅ ៤៥,៨ លាន​ដង។ កម្មវិធី​លើ​ទូរសព្ទ​នេះ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​អាច​ទស្សនា​វីដេអូ ថត​វីដេអូ​ខ្លីៗ​និង​កែច្នៃ លាយ​ឡំ​ការ​បន្ថែម Effects ពិសេស​ជា​ច្រើន រហូត​បង្កើត​ចេញ​ជា​វីដេអូ​កម្សាន្ត​អារម្មណ៍​ដ៏​ប្លែក​ភ្នែក​មួយ។ ភាគច្រើន​នៃ​អ្នក​លេង​ក្នុង​ស្រុក រមែង​ថត​វីដេអូ​ខ្លួន​ឯង ប៉ុន្តែ​បញ្ចូល​សំឡេង​ចេញ​ពី​វីដេអូ​ផ្សេង អាច​មាន​ជម្រើស​ចម្រៀង​រាប់ពាន់​ប្រភេទ​ខុស​ពី​គ្នា មាន​តាំង​ពី Hip-hop ដល់​ Electronic ដោយ​ឥទ្ធិពល​នេះ​ហើយ​បណ្តាល​ឲ្យ​​ផ្ទុះ​ភាព​ល្បីល្បាញ​ដល់​តារា​អ៊ីនធឺណិត​ជុំវិញ​សកលលោក​មក​ចូលរួម​និង​ចែករំលែក​ការ​កម្សាន្ត​រួម​គ្នា។

មុន​ការ​បង្កើត​ចេញ​ជា​រូបរាង Tik Tok ទទួល​ការ​វិនិយោគ​ដំបូង​បង្អស់​ពី​ Toutiao Group នូវ​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ លុះ​ចូល​ដល់​ឆ្នាំ ២០១៧ ទើប​ពង្រីក​ទីផ្សារ​ចូល​ប្រទេស​ឥណ្ឌូណេស៊ី បន្ទាប់​ពី​ជោគជ័យ​ចាប់​ផ្តើម​កើត​មាន ជំរុញ​ឲ្យ​ក្រុមហ៊ុន​មេ Beijing Bytedance Technology សម្រេច​ជះ​លុយ​ទិញ​យក Musical.ly និង Modern Sky មក​ពង្រឹង​គោលជំហរ​លើ​វិស័យ​តន្ត្រី។ Tik Tok ធ្លាប់​ជាប់​ឈ្មោះ​ជា App លំដាប់​ទី ១ លើ App Store កាល​ពី​ខែ​មករា ក្នុង​ប្រទេស​ថៃ។

យ៉ាងណាមិញ​ក៏​ធ្លាប់​ជួប​រឿង​សៅហ្មង​ចិត្ត កាល​ពី​ថ្ងៃ​ទី ៣ ​កក្កដា ឆ្នាំ ២០១៨ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បាន​ប្រកាស​បិទ Tik Tok ជា​បណ្ដោះអាសន្ន​ក្រោម​ហេតុផល​ចែកចាយ​មាតិកា​អាសអាភាស​និង​ល្មើស​ច្បាប់ ប៉ុន្តែ​ក្រោយ​ការ​កែប្រែ​មួយ​សប្ដាហ៍​បន្ទាប់​ក៏​បើក​ឲ្យ​ប្រើប្រាស់​ជា​ធម្មតា​វិញ ប៉ុន្តែ​មាន​ការ​ពង្រឹង​និង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ជាង​មុន។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Wikipedia ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់