- 2015-10-05 16:37:08
- ព័ត៌មាន
ដឹងទេហេតុអ្វី Homepage របស់ Google មានតែប្រអប់ Search និងអក្សរតែប៉ុន្មាន?
- 2015-10-05 16:37:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងទេហេតុអ្វី Homepage របស់ Google មានតែប្រអប់ Search និងអក្សរតែប៉ុន្មាន?
ចន្លោះមិនឃើញ
Google ជាក្រុមហ៊ុនបច្ចេកវិទ្យាផ្នែក Search Engine ធំមួយលើពិភពលោក ដែលមានអ្នកប្រើប្រាស់រាប់ពាន់លាននាក់។ ប៉ុន្តែ បើក្រឡេកទៅមើល Homepage របស់ក្រុមហ៊ុននេះវិញគឺពិតជាសាមញ្ញ មិនមានអ្វីច្រើននោះទេ ដោយមានតែផ្នែកសំខាន់ៗដូចជាអក្សរ Google និងប្រអប់ស្វែងរកព័ត៌មាន (Search Box) មួយប៉ុណ្ណោះ។ អ៊ីចឹងតើ មូលហេតុអ្វីបានជាក្រុមហ៊ុនយក្សមួយនេះ រចនា Homepage របស់ខ្លួនសាមញ្ញដល់ម្ល៉ឹង?
បើតាមប្រសាសន៍របស់លោកស្រី Amy Kunrojpanya ប្រធានទំនាក់ទំនងនិងកិច្ចការសាធារណៈសម្រាប់ទីផ្សារថ្មីរបស់ក្រុមហ៊ុន Google ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានឱ្យដឹងថា មូលហេតុដែលក្រុមហ៊ុន Google រចនា Homepageបែបសាមញ្ញដោយមានតែ Logo (អក្សរ Google) ប្រអប់ Search ហើយមានផ្ទៃទំនេរពណ៌សដូច្នេះ គឺដោយសារក្រុមហ៊ុនចង់ផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់រាប់ពាន់លាននាក់ជុំវិញពិភពលោក ក្នុងការស្វែងរកព័ត៌មានផ្សេងៗតាមការចង់បាន។
កាលណាអ្នកប្រើប្រាស់ចូលទៅដល់ Homepage របស់ Google នោះពួកគេនឹងផ្ដោតអារម្មណ៍តែមួយមុខប៉ុណ្ណោះ គឺការស្វែងរកព័ត៌មាន ដោយចាប់ផ្ដើមតាមរយៈការវាយព័ត៌មានដែលគេចង់រកក្នុងប្រអប់ Search ក្រោមពាក្យ Google នេះឯង។
លោកស្រីបានបន្ថែមទៀតថា ដូចដែលប្រិយមិត្តបានឃើញស្រាប់ Homepage របស់ Google មានផ្ទៃទំនេរពណ៌សយ៉ាងធំទូលាយគ្មានផ្ទាំងផ្សាយពាណិជ្ជកម្ម (Ads) និងផ្ទាំងផ្ទុកទិន្នន័យរញ៉េរញ៉ៃផ្សេងទៀតដូច Homepage របស់ក្រុមហ៊ុនបច្ចេកវិទ្យាដទៃ គឺដោយសារតែ Google គិតថាផ្ទាំង Ads ទាំងនោះជាឧបសគ្គធ្វើឱ្យដំណើរការផ្ទុកទិន្នន័យ (Load) យឺត ពេលបើកចូលទៅក្នុង Homepage ហើយវានឹងរឹតតែលំបាកថែមមួយកម្រិតទៀតសម្រាប់អ្នកប្រើប្រាស់ណាដែលមានល្បឿនអ៊ីនធឺណិតយឺត។
ចក្ខុវិស័យចម្បងរបស់ Google គឺ “Organize the world’s information and make it universally accessible and useful.” ដែលមានន័យថា ប្រមូលនិងរៀបចំព័ត៌មានជុំវិញពិភពលោក ហើយធ្វើឱ្យវាងាយ មានប្រយោជន៍និងអាចដំណើរការបានស្រួលទូទាំងសាកលលោក។
សេវាកម្មដែល Google ផ្តល់ជូនសព្វថ្ងៃមានដូចជា Web-based Products, Operating Systems, Desktop Applications, Mobile Application, Hardware និងសេវាកម្មដទៃជាច្រើនផ្សេងទៀត៕
អត្ថបទ៖ ប៉ែត ផាន់និត