- 2016-05-23 21:28:25
- ព័ត៌មាន
លីហេង បង្កើតក្ដារចុចលក្ខណៈខ្មែរ ទទួលស្គាល់រហូតស្ថាបនិកខ្មែរយូនីកូដ
- 2016-05-23 21:28:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លីហេង បង្កើតក្ដារចុចលក្ខណៈខ្មែរ ទទួលស្គាល់រហូតស្ថាបនិកខ្មែរយូនីកូដ
ចន្លោះមិនឃើញ
ភួយ លីហេង ជាវិស្វករមេកានិចដែលបានស្រាវជ្រាវបង្កើតបានក្ដារចុចថ្មីមួយ ទាំងខ្លួនមិនដែលបានរៀនជំនាញ IT ទាល់តែសោះ។ ក្តារចុចនេះមានឈ្មោះថា លក្ខណៈខ្មែរ (Khmerism Layout)។ ការបង្កើតបានក្តារចុចនេះ ក៏មានការទទួលស្គាល់ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមស្ថាបនិកខ្មែរយូនីកូដផងដែរ។
តើមានមូលហេតុអ្វីដែលបណ្ដាលចិត្តឲ្យវិស្វករវ័យក្មេងរូបនេះ អាចបង្កើតក្ដារចុចថ្មីមួយបាន បើទោះបីខ្លួនមិនមានជំនាញ IT ទាល់តែសោះ?
លីហេង ដែលបានបញ្ចប់បរិញ្ញាបត្រមេកានិចនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានប្រាប់ឱ្យដឹងថា ការបង្កើតក្ដារចុចថ្មីនេះឡើង ដោយសារមើលឃើញការសរសេរអក្សរខ្មែរម្ដងៗនៅលើឧបករណ៍នានាមានភាពយឺតយ៉ាវ ស៊ាំញាំ សូម្បីតែការសរសេរប្រយោគធម្មតា ឬ ន័យសាមញ្ញក៏មានការលំបាកច្រើន។
យុវជនរូបនេះបន្តថា លក្ខណៈពិសេសរបស់ក្ដារចុចថ្មីមួយនេះ ងាយស្រួលមើល ( ព្យញ្ជនៈមួយចំហៀង ស្រៈមួយចំហៀង) បង្ហាញពីលក្ខណៈនៃអក្សរក្រមខ្មែរ កាត់បន្ថយនៃការប្រើប្រាស់ shift បានច្រើន កាត់បន្ថយនៃការប្រើកម្លាំងលើម្រាមដៃ ឆ្លាស់ដៃ និង កន្លាស់ដៃ និងអាចវាយចំនួនអក្សរបានច្រើនមានភាពរលូន។
លោក ដាញ់ ហុង ស្ថាបនិកខ្មែរយូនីកូដក៏បានលើកសរសើរពីក្ដារចុចលក្ខណៈខ្មែរនេះ ដែលបានសិក្សាស៊ីជម្រៅ ត្រឹមត្រូវទៅតាមទម្រង់ក្ដារចុច។
ការតម្រៀបពុម្ពអក្សរនៃក្ដារចុច លក្ខណៈខ្មែរ ខុសគ្នាពីពុម្ពអក្សរក្ដារចុចដែលធ្លាប់ប្រើពីមុន។ តាមយុវជនដែលជាស្ថាបនិករូបនេះបញ្ជាក់ថា មានគោលគំនិតរួមមួយ គឺចង់បង្ហាញឱ្យប្រជាជនខ្មែរគ្រប់រូប មានអត្តសញ្ញាណមួយច្បាស់លាស់ លើក្ដារចុចមួយនេះ។ ពលរដ្ឋត្រូវហ៊ានទទួលស្គាល់ថា កូនខ្មែរមួយចំនួនបានចេះវាយភាសាគេ មុនចេះវាយភាសាកំណើតរបស់ខ្លួន នៅលើកុំព្យូទ័រ ព្រោះថា Keyboard របស់គេនីមួយៗ ភ្ជាប់និងភាសារបស់គេដែលមានស្រាប់ ឬអាចនិយាយបានថា ទាំងអស់គ្នាប្រឹងសម្របតាមបច្ចេកវិទ្យារបស់គេ។
លីហេង បានបន្តថា ការបង្កើតក្តារចុចនេះដោយសារបទពិសោធន៍ ដែលគេបានសិក្សានៅប្រទេសថៃមើលឃើញជនជាតិថៃមានការគាំទ្រអក្សរសាស្រ្តរបស់ពួកគេយ៉ាងខ្លាំងមិនថាការប្រើប្រាស់ឬសរសេរ ដូច្នេះគេចង់បង្កើតក្តារចុចនេះឲ្យជនជាតិខ្មែរឲ្យតម្លៃអក្សរសាស្រ្តជាតិខ្លួនដោយត្រូវតែប្រើប្រាស់ឲ្យបានច្រើនលើបណ្តាញអ៊ីនធឺណិត ដើម្បីលើកស្ទួយដល់អក្សរសាស្រ្តជាតិរបស់ខ្លួន។
ចុចលើតំណភ្ជាប់ខាងក្រោមដើម្បីទាញយកកម្មវិធីសម្រាប់ដំឡើងក្ដារចុចថ្មីលើកុំព្យូទ័រ៖
សម្រាប់ Window
សម្រាប់ Mac OS
ចុចអាន៖ ហ្គេមថ្មីស្នាដៃកូនខ្មែរ Wrath of Fighters ល្អលេងមិនចាញ់បរទេស
អត្ថបទ៖ រក្សា