• 2014-12-04 01:46:27
  • ព័ត៌មាន

យុវវ័យ​ជិះ​ម៉ូតូ​ធំ​​ ច្រើន​តែ​រង​ការ​រិះ​គន់​​ថា​មាន​ឥរិយា​បទ​​មិន​ល្អ?

  • 2014-12-04 01:46:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំនោរ​ថ្មី​ក្នុង​ចំណោម​យុវវ័យ​ខ្មែរ​សព្វ​ថ្ងៃ​ ហាក់​ដូច​ជា​កំពុង​តែ​មាន​​ការ​ចាប់​អារម្មណ៍​ខ្លាំង​នឹង​ការ​ប្រើ​ប្រាប់​​ម៉ូតូ​ធំៗ ហើយ​កន្លង​មក ​ក៏​ឃើញ​មាន​ការ​បង្កើត​ជា​ក្រុម​ម៉ូតូ​ធំ ផ្សេងៗ​ជា​ច្រើន​។ ទន្ទឹម​នឹង​ការ​​​ប្រមូល​ផ្ដុំ​ជា​ក្រុម​ម៉ូតូ​ធំ​ ​ក្រុម​យុវវ័យ​​​ជិះ​ម៉ូតូ​ធំ​ទាំង​នោះ​​ ហាក់​​​ទទួល​រង​នូវ​ព្យុះ​រិះគន់​ពី​សំណាក់​​សាធារណៈ​ជន​ថា​ ​​មាន​ឥរិយា​បថ​មិន​ល្អ​ ​ក្នុង​ការ​​បើក​បរ ខ្លះ​ទៀត​ថា​ ភាគ​ច្រើន​ជា​ក្រុម​ក្មេង​ទំនើង​​​ជា​ដើម​។

តើ​រាល់​ការ​លើក​ឡើង​ទាំង​នោះ​ ជា​ការ​ពិត​ដែរ​ ឬ​ទេ? ចុះ​ប្រិយមិត្ត​វិញ ​ដឹង​អ្វី​ខ្លះ​ពី​ក្រុម​ម៉ូត​ធំ​របស់​យុវវ័យ​ខ្មែរ​យើង​?  

តាម​ការ​លើក​ឡើង​របស់​​យុវជន​ ប៉ាង​យួង ថាមពល​ អាយុ​២៨ឆ្នាំ ជា​​សមាជិក​​ម៉ូតូ​ធំ​​ម្នាក់​នៅ​ក្នុង​ក្រុម​ខ្មែរ​ម៉ូតូ​ស្ព័រ (KSB)​ បាន​លើក​ឡើង​ថា៖​ បើ​តាម​ការ​ប៉ាន់​ស្មាន​របស់​ខ្ញុំ​ សព្វ​ថ្ងៃ​នេះ​ ចំនួន​ម៉ូតូ​ធំ​ដែល​​កំពុង​ប្រើ​ប្រាស់​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​​មាន​មិន​តិច​ជាង​១ពាន់​គ្រឿង​នោះ​​ទេ ហើយ​​ម៉ូតូ​ធំ​ភាគ​ច្រើន​​​សុទ្ធ​តែ​មាន​កម្លាំង​​ម៉ាស៊ីន​ចាប់​ពី​៦០០សេសេ​ឡើង​ទៅ។  

មតិ​សាធារណៈ​ជន​មួយ​ចំនួន​ នៅ​មាន​ផ្នត់​គំនិត​​មួយ​ថា​ ឲ្យ​តែ​ក្រុម​យុវជន​ដែល​ចូល​ចិត្ត​​ជិះ​ម៉ូតូ​ធំ​ ភាគ​ច្រើន​ជា​ក្រុម​ក្មេង​ទំនើង​ ជើង​កាង​ មិន​ចូល​សាលា តែ​ធាតុ​ពិត​មិន​ដូច​អ្វី​ដែល​រិះ​គន់​​នេះ​ទេ។

  ការ​លើក​ឡើង​នេះ​ត្រូវ​បាន​យុវជន​ថាមពល​ ពន្យល់​ថា៖ "ខ្ញុំ​ថា ​មិន​មែន​បែប​ហ្នឹង​ទេ ​ជាក់​ស្ដែង​សមាជិក​ក្នុង​​​ក្រុម​ម៉ូតូ​ខ្មែរ​ស្ព័រ​​(KSB) របស់​ពួក​យើង​ខ្ញុំ​ សុទ្ធ​តែ​ជា​ពាណិជ្ជករ​ អ្នក​ជំនួញ អ្នក​ធ្វើ​ការ​ងារ​ និង​អ្នក​ដែល​ចូល​ចិត្ត​ជិះ​ម៉ូតូ​ធំ។ ក្រៅ​ពី​នេះ ​​កន្លង​មក​ក្រុម​ម៉ូតូ​របស់​ពួក​ខ្ញុំ​ ក៏​បាន​​​ចុះ​ជួយ​ក្នុង​សកម្មភាព​សង្គម និង​មនុស្ស​ធម៌​ជា​ច្រើន​​ដូច​ជា​ ការ​បង្កើត​មូលនិធិ​រៃ​អង្គាស​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ជួយ​ដល់​កុមារ​កំព្រា សាលា​បឋម​សិក្សា​នៅ​តាម​បណ្ដា​​ខេត្ត​ឆ្ងាយ​ៗ​ទៀត​ផង"។  

 

សកម្មភាព​មនុស្ស​ធម៌​របស់​ក្រុម​ម៉ូតូ​ធំ KSB

 

"ខ្ញុំ​ក៏​មិន​បដិសេធ​ទាំង​អស់​ដែរ ព្រោះ​អី​ ​ក្នុង​ចំណោម​​យុវវ័យ​ជិះ​ម៉ូតូ​ធំ​មួយ​ចំនួន ដែល​ពួក​គាត់​ ជិះ​មិន​មាន​ក្រុម​ត្រឹម​ត្រូវ​ បញ្ចេញ​ឥរិយា​បថ​​មិន​សូវ​សមរម្យ​ នៅ​ពេល​បើក​បរ​ដែរ នេះ​ហើយ​ជា​មូល​ហេតុ​ដែល​មាន​ការ​រិះ​គន់​មិន​ល្អ"។ ថាមពល បញ្ជាក់​ដូច្នេះ។  

យុវជន​ក្នុង​ក្រុម​ម៉ូតូ​ធំ​ដដែល​រូប​នេះ ​ប្រាប់​ទៀត​ថា៖ "មូល​ហេតុ​ចម្បង​ដែល​ពួក​ខ្ញុំ​ បង្កើត​ឲ្យ​មាន​ជា​ក្រុម​ម៉ូតូ​ធំ​នេះ​ឡើង គឺ​​ដោយ​សារ​តែ​ពួក​យើង​សុទ្ធ​តែ​ជា​អ្នក​​ស្រលាញ់​ចូល​ចិត្ត​ជិះ​ម៉ូតូ​ធំ និង​ដើម្បី​ដក​បទ​ពិសោធន៍​ ក៏​ដូច​ជា​ស្វែង​យល់​ពី​វា។ មួយ​វិញ​ទៀត ពួក​​យើង​ចង់​ឲ្យ​​ការ​ជិះ​ម៉ូតូ​ធំ​នេះ​​ប្រកប​ដោយ​សុវត្ថិភាព ព្រោះ​កាល​ណា​យើង​មាន​ក្រុម​​ត្រឹម​​ត្រូវ​ យើង​នឹង​​មាន​​វិន័យ​ និង​សណ្ដាប់​ធ្នាប់​ល្អ​ក្នុង​ការ​ជិះ​"។

  "មួយ​វិញ​ទៀត ពួក​យើង​ក៏​ចង់​បញ្ជាក់​ប្រាប់​ផង​ដែរ​ថា​ការ​ជិះ​ម៉ូតូ​ធំ​ គឺ​ជា​កីឡា​មួយ​ប្រភេទ ​​ហើយ​ប្រទេស​ជឿន​លឿន​មួយ​ចំនួន​​ ក៏​គេ​មាន​ការ​បង្កើត​ជា​ក្រុម​ម៉ូតូ​ធំ​អញ្ចឹង​ដែរ"​។ យុវជន​ថាមពល​ បន្ថែម​ដូច្នេះ។

  ក្រុម​ម៉ូតូ​ធំ KSB បង្កើត​ឡើង​​នៅ​ថ្ងៃ​ទី​ ៨ ខែ​មីនា ឆ្នាំ​២០១២ ​ដោយ​មាន​ការ​សមាជិក​​ចូល​រួម​ដំបូង​ចំនួន​៨ នាក់​ប៉ុណ្ណោះ តែ​គិត​មក​ទល់​ពេល​នេះ​​កើន​ដល់​ ៥០នាក់​ហើយ ដោយ​មាន​​លោក ធី ខេមរិន ជា​ប្រធាន​ក្លឹប៕​

 

 

សមាជិក​​ក្រុម KSB បង្កើត​មូលនិធិ​ជួយ​ដល់​មន្ទី​រពេទ្យ​គន្ធបុប្ផា

 

ចុះ​ប្រិយមិត្ត​វិញ​ យល់​យ៉ាង​ណា​ដែរ?

  អត្ថបទ៖ យិន សំបូរ រូប​ភាព​៖ ផ្ដល់​ដោយ​ក្រុម​ម៉ូតូ​ធំ​ KSB

​​​​ ​​​

​​

មតិយោបល់