• 2021-12-13 08:31:27
  • ព័ត៌មាន

ក្រុមហ៊ុន ៣ ផលិតឡាននិងម៉ូតូហោះ ចេញជារូបពិតឲ្យហោះសាកបាន

  • 2021-12-13 08:31:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹមចុងឆ្នាំ ២០២១ នេះគេសង្កេត​ឃើញមានក្រុមហ៊ុនជាច្រើនបានខិតខំស្រាវជ្រាវផលិតយានអាច ហោះបានទុកសម្រាប់ថ្ងៃអនាគត ឬជាភាសាបរទេសហៅថា «Flying Car/Moto» សុទ្ធសឹងតែដំណើរការដោយម៉ូទ័រអគ្គិសនី ដែលជាប្រភពថាមពលបៃតង និងជាដំណោះស្រាយដ៏ល្អបំផុតមិនប៉ះពាល់ដល់បរិស្ថានក្នុងការផលិតយានយន្ត នាសតវត្សទី២១។

ថ្ងៃនេះ Sabay នឹងលើកយកឈ្មោះក្រុមហ៊ុនបច្ចេកវិទ្យា ៣ ដែលផលិតបានចេញជារូបរាងពិតប្រាកដ និងអនុញ្ញាតឲ្យលោកអ្នកបើកសាកល្បងបាន ដូចមានរៀបរាប់ខាងក្រោម៖

៣) ក្រុមហ៊ុន Startup ជប៉ុនឈ្មោះ «A.L.I. Technologies»

ម៉ូតូហោះនេះសាកភ្លើងពេញអាចហោះ ដល់ល្បឿន ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ វាអាចហោះយូរបំផុត ៤០ នាទីដាក់លក់ក្នុងតម្លៃ ៧០ ម៉ឺនដុល្លារ។

ម៉ូតូហោះប្រភេទ Limited Editions មួយគ្រឿងនេះប្រើប្រាស់ម៉ូទ័រធំៗចំនួន៤ មានស្លាបធំៗ២ និងស្លាប តូចជុំវិញចំនួន៤ ទៀតដើម្បីអាចទ្រម៉ូតូទាំងមូលដែលមានទម្ងន់ជាង ៣០០ គីឡូក្រាមឲ្យវាហោះ ព្រមទាំងមានដៃចង្កូតនិងមានអេក្រង់តាបឡូដូចម៉ូតូ បើកលើដី។

ប្រទេសជប៉ុន មិនទាន់ចេញច្បាប់អនុញ្ញាតឲ្យចរាចរយានប្រភេទនេះ បើកបរលើផ្លូវសាធារណៈនៅឡើយ។ បើសិនចង់បើក សាកបាន ប៉ុន្តែស្ថិតក្នុងបរិវេណដែលក្រុមហ៊ុនផ្តល់ជូនដែលមានដូចជាទីលានប្រណាំងម៉ូតូជាដើម។

២) ក្រុមហ៊ុន Startup ស្លូវ៉ាគីឈ្មោះ «Klein-vision»

​ឡាន​នេះ​បំពាក់​ម៉ាស៊ីន​រថយន្ត​ BMW ​ប្រើ​សាំង​សុទ្ធ​ អាច​ហោះ​បាន​កម្ពស់ ២៥០០ ម៉ែត្រ​ចម្ងាយ ១០០០ គីឡូម៉ែត្រ​ក្នុង​ល្បឿន​លឿន​បំផុត​ ១៧០ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ​និង​អាច​សំកាំង​លើ​អាកាស​ បាន ​៤០ ​ម៉ោង​ដូច​យន្តហោះ​ខ្នាត​តូច​។

បើ​គិត​សរុបទាំង​ការ​ឌីហ្សាញ​ផលិត​គ្រោង​ឆ្អឹង​ទាំង​មូល​ ​និងពេលឲ្យវាហោះរួចចុះដីក្លាយជាឡានវិញ​នេះចំណាយ​ពេល ២ ឆ្នាំ​។ ឡាននេះមានតម្លៃសរុប​ ២ ​លាន​ដុល្លារ​អាមេរិក​​។

ឡាននេះធ្វើតេស្តច្រើនលើកច្រើនសារមកហើយបញ្ចប់​ការ​ហោះ​សាកល្បង​រយៈពេល ៣០ នាទី​ជោគជ័យ។ ឥឡូវនេះ កំពុងបើកឲ្យសាធារណជនហោះសាកបាន។

១) ក្រុមហ៊ុន Startup ស៊ុយអែតឈ្មោះ «Jetson»

ឡានហោះនេះ បំពាក់មកនូវមានមុខងារសង្គ្រោះបន្ទាន់ដែលគ្រប់គ្រងពេលហោះមានបញ្ហា វាបំពាក់សែនស័រ LiDAR តាមដានស្ថានភាពដីដើម្បីបញ្ចៀសឧបសគ្គ និងមានឆ័ត្រយោងសម្រាប់ប្រើប្រាស់គ្រាអាសន្នផងដែរ។

Jetson One ប្រើប្រាស់ថាមពលអគ្គិសនីដើម្បីហោះ សណ្ដោងដោយម៉ូទ័រ ៨គ្រាប់ បង្កើតជាកម្លាំង ១០២សេះ និងអាចហោះហើរក្នុងល្បឿន ១០០គីឡូម៉ែត្រ/ម៉ោង ក្នុងរយពេលប្រមាណ ២០នាទី។

ឡានហោះចេញរូបរាងពិតមែនមួយនេះដាក់លក់ផ្លូវការ តម្លៃ ៩២០០០ ដុល្លារ ត្រូវបានបញ្ជារទិញអស់ហើយសម្រាប់ឆ្នាំ ២០២២ ប៉ុន្ដែក្រុមហ៊ុនផលិតឡានហោះនេះនឹងបន្ថែមផលិតសម្រាប់ឆ្នាំ ២០២៣ ព្រមទាំងបើកឲ្យសាកថែមទៀតផង។

នៅមិនទាន់អស់ត្រឹមនេះ នៅមានក្រុមហ៊ុនជាច្រើនប្រទេសផ្សេងទៀតបាន​ងាក​មក​អភិវឌ្ឃន៍ Flying /Car/Taxi កំពុងស្ថិតក្នុងដំណាក់កាល Concept ដែលជាយានដំណើរ​ការដោយបច្ចេកវិទ្យា​ជំនាន់ចុងក្រោយបង្អស់​ទុកសម្រាប់អនាគត។ យើងនឹងចុះផ្សាយជូននៅលេខបន្ទាប់៕

អត្ថបទ៖ រក្សា

មតិយោបល់