- 2021-01-22 07:22:50
- ព័ត៌មាន
Henaa Gaming ចាប់ផ្ដើមប្ដូរទម្លាប់ក្រោយចាប់អាជីពអ្នក Live Game លើ Facebook
- 2021-01-22 07:22:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Henaa Gaming ចាប់ផ្ដើមប្ដូរទម្លាប់ក្រោយចាប់អាជីពអ្នក Live Game លើ Facebook
ចន្លោះមិនឃើញ
Henaa Gaming គឺជា Streamer មួយរូបដែលអ្នកលេងបណ្ដាញសង្គមជាច្រើននៅប្រទេសកម្ពុជាស្គាល់តាមរយៈការលេងហ្គេមឡាយនៅលើបណ្ដាញសង្គមហ្វេសបុក។
ឆ្លើយតបជាមួយ Sabay កញ្ញាបានប្រាប់ថាខ្លួនមានចំណង់ចំណូលចិត្តលេងហ្គេមតាំងពីក្មេងៗហើយចាប់ផ្ដើមចំណាយពេលច្រើននៅឆ្នាំ២០១២ តែគ្រាន់តែជាការលេងកម្សាន្តអារម្មណ៍ពេលទំនេរពីការសិក្សាប៉ុណ្ណោះ។ កញ្ញាបានបន្តថា ដំបូងឡើយគ្រួសារពុំសូវពេញចិត្តជាមួយការលេងហ្គេមនេះដែរ តែរហូតដល់មានលទ្ធផលល្អដោយទទួលបានការងារជាច្រើននៅក្រុមហ៊ុនធំៗទាក់ទងជាមួយវិស័យហ្គេម ទើបពួកគាត់ចាប់ផ្ដើមទទួលយក។
Henaa Gaming បានរៀបរាប់បន្តថាកញ្ញាចាប់ផ្ដើមផ្ដោតសំខាន់លើការលេងហ្គេមនៅឆ្នាំ២០១៩ និងបានចាប់ផ្ដើមឡាយនៅលើហ្វេសបុកប្រហែលជាជាង ១ឆ្នាំប៉ុណ្ណោះ។ ដំបូងៗឡើយកញ្ញាបានប្រាប់ថាការឡាយរបស់ខ្លួនបែបធម្មតាប៉ុណ្ណោះ តែក្រោយមកក៏ចាប់ផ្ដើមស្វែងយល់ និងសិក្សាបន្ថែមហើយចាប់យកការលេងហ្គេមនេះជាការងារមួយសម្រាប់រកចំណូល ដែលការលេងហ្គេមនេះបានធ្វើឲ្យកញ្ញាប្ដូរទម្លាប់ច្រើន។
កញ្ញាបានបន្ថែមថា សម្រាប់ខ្លួន ការលេងហ្គេមនេះអាចចាត់ទុកថាគឺជាការងារមួយ ព្រោះថាកញ្ញាបានចំណាយពេលច្រើនលើការលេងហ្គេមនេះ។ កញ្ញាបានលើកឡើងថា បើទោះបីជាការលេងហ្គេមនេះនៅតែក្នុងបន្ទប់ម្នាក់ឯងក៏ដោយតែក៏អាចជាការកម្សាន្តមួយដែលបំបាត់ភាពអផ្សុក និងត្រូវចេះឆ្នៃការលេងនេះទៅជាការកម្សាន្ត លេងដើម្បីអភិវឌ្ឍន៍ចំណេះដឹង លើសពីនេះក៏អាចរកចំណូលបាន។
Henaa ក៏បានបន្ថែមថាការឡាយហ្គេមនេះក៏មិនមែនជារឿងងាយដែរព្រោះថារាល់ពេលឡាយម្ដងៗត្រូវរក្សាស្នាមញញឹមទៅកាន់ហ្វេនរយៈពេល ៤ទៅ ៥ម៉ោង។ ចំពោះផលវិបាកវិញកញ្ញាបានប្រាប់ថាមានការលំបាកច្រើនដំបូងៗ ព្រោះត្រូវផ្លាស់ប្ដូរទម្លាប់ ការគេង និងមានការងាររវល់ច្រើន។
នារីដ៏ស្រស់ស្អាតពូកែតែងខ្លួនមិនចាញ់តារានេះ មានជំនាញលេងហ្គេមជាច្រើន និងអាចច្រៀង Cover បទចម្រៀងបានយ៉ាងពីរោះ បានធ្វើឆក់យកចិត្តប្រុសស្រីជាច្រើនធ្វើការតាមដានចុច Follow ផេករបស់ខ្លួនមានជាង 400K នាពេលបច្ចុប្បន្ន។
បើទោះរាល់ពេលឡាយម្ដងៗកញ្ញាទទួលបានពាក្យសសើរ និងពាក្យរិះគន់ក៏ដោយតែនេះគឺជាគោលដៅរបស់ខ្លួន នឹងអាចនៅបន្តច្រើនឆ្នាំទៅមុខទៀតប្រសិនបើនៅតែមានអ្នកគាំទ្រ។ កញ្ញាក៏បានប្រាប់ថាអាជីពជាអ្នក Streamer នេះក៏មិនល្អនៅពេលបច្ចុប្បន្ន តែនៅថ្ងៃអនាគតកញ្ញាសង្ឃឹមថានឹងបានល្អប្រសើរ ស្របពេលប្រទេសយើងកំពុងមានការប្រកួតកីឡា E-sport នេះជាច្រើន។
ជាចុងក្រោយកញ្ញាក៏បានប្រាប់ថាការលេងហ្គេមនាពេលបច្ចុប្បន្ននេះមិនដូចសម័យមុនដែលត្រូវយកលុយទៅភ្នាល់គ្នា តែជាការលេងហ្គេមដែលប្រើប្រាស់ចំណេះដឹងការគិតច្រើនជាង។ លើសពីនេះកញ្ញាក៏បានប្រាប់ទៅកាន់អ្នកដែលចាប់ផ្ដើមចាប់អាជីពនេះក៏ត្រូវចេះបែងចែកពេលវេលាឲ្យបានត្រឹមត្រូវ កុំយកពេលរៀន ធ្វើការងារ មកលេងហ្គេម សំខាន់ពេលវេលានៅជាមួយគ្រួសារ៕
ប្រភពរូប ៖ ផេក Henaa Gaming