- 2015-07-16 16:10:18
- ព័ត៌មាន
ម៉ូតូអគ្គិសនីជប៉ុនសម្លឹងឃើញឱកាស ឈានពង្រីកទីផ្សារមកកម្ពុជា
- 2015-07-16 16:10:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូតូអគ្គិសនីជប៉ុនសម្លឹងឃើញឱកាស ឈានពង្រីកទីផ្សារមកកម្ពុជា
ចន្លោះមិនឃើញ
ដោយមើលឃើញតម្រូវការប្រើប្រាស់ម៉ូតូអគ្គិសនីនឹងមានការកើនឡើង ក្រុមហ៊ុន Terra Motors បានសម្រេចចិត្តវិនិយោគក្នុងការនាំចូលម៉ូតូអគ្គិសនីពីប្រទេសជប៉ុនមកកាន់ទីផ្សារប្រទេសកម្ពុជា។
លោក សៀ មារឌី អនុប្រធានគ្រប់គ្រងក្រុមហ៊ុន Terra Motors បានឲ្យដឹងថា កម្ពុជាជាទីផ្សារថ្មីមួយទៀត ដែលក្រុមហ៊ុនសាជីវកម្ម Terra Motors បានវិនិយោគក្នុងការនាំម៉ូតូអគ្គិសនីមកលក់ចែកចាយដល់អ្នកប្រើប្រាស់។
លោកថា ក្រុមហ៊ុន Terra Motors បានបង្កើតឡើងនៅឆ្នាំ ២០១០ ជាក្រុមហ៊ុនផលិតម៉ូតូអគ្គិសនីលំដាប់លេខមួយនៅប្រទេសជប៉ុន ហើយការបើកសម្ពោធទីផ្សារនៅកម្ពុជាជាការពង្រីកបន្ថែម បន្ទាប់ពីក្រុមហ៊ុនទទួលបានជោគជ័យនៅអឺរ៉ុបនិងអាស៊ី។
ការប្រើប្រាស់ម៉ូតូអគ្គិសនីកំពុងមានការចាប់អារម្មណ៍កាន់តែច្រើនឡើង ដោយសារពលរដ្ឋមានខ្វល់ខ្វាយពីតម្លៃប្រេងឥន្ធនៈដែលចេះតែមានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលការប្រើប្រាស់ម៉ូតូអគ្គិសនីជាជម្រើសដ៏ប្រសើរអាចជួយកាត់បន្ថយការចំណាយបានយ៉ាងច្រើន។
លោក សៀ មារឌី បញ្ជាក់ថា ទីផ្សារគោលដៅដែលប្រើប្រាស់ម៉ូតូអគ្គិសនីជាសិស្សសាលា ឬស្រ្តីមេផ្ទះ។ ទោះបីបែបនេះក្តី លោកទទួលស្គាល់ថា ពលរដ្ឋកម្ពុជានៅមិនទាន់មានទំនុកចិត្តក្នុងការទិញម៉ូតូអគ្គិសនី ដោយសារពួកគេបារម្ភបញ្ហាការប្រើប្រាស់និងកត្តាសុវត្ថិភាពជាដើម។ ប៉ុន្តែលោកថា Terra Motor ជាក្រុមហ៊ុនផលិតម៉ូតូអគ្គិសនីដ៏ល្បីនៅប្រទេសជប៉ុន ដែលមានទីផ្សារគ្របដណ្តប់ដល់ទៅជាង ៤០ ភាគរយ។ ផលិតផលដែលក្រុមហ៊ុននាំចូលប្រកបដោយគុណភាពខ្ពស់ មានការសន្សំសំចៃរហូតដល់ ៩០ ភាគរយបើប្រៀបធៀបម៉ូតូដែលប្រើសាំង។
លោករំពឹងទុកថា នៅថ្ងៃអនាគតតម្រូវការប្រើប្រាស់ម៉ូតូអគ្គិសនីរបស់ពលរដ្ឋកម្ពុជានឹងមានការកើនឡើងកាន់តែខ្លាំង ដោយសារការកើនតម្លៃប្រេងឥន្ធនៈ និងបញ្ហាកង្វល់លើបញ្ហាផលប៉ះពាល់ដល់បរិស្ថាន៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
វីដេអូ៖ បុប្ឆា