• 2017-08-28 03:19:56
  • ផលិតផលថ្មី

មើល​ Galaxy Note 7 និង 8 ​ខុស​គ្នា​ម៉េច​ខ្លះ?

  • 2017-08-28 03:19:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សប្ដាហ៍​មុន​ Samsung បាន​ប្រកាស​ចេញ​ Galaxy Note 8 ដែល​ជា​ត្រកូល​ Note ជំនាន់​ថ្មី​​បន្ទាប់​ពី​ Galaxy Note 7។ ខាង​ក្រោម​នេះ​ជា​ការ​ប្រៀប​ធៀប​ដើម្បី​​បង្ហាញ​ថា​រវាង​ Note 7 និង Note 8 ​មាន​ចំណុច​ខុស​គ្នា​អ្វី​ខ្លះ៖

​@ ការ​រចនា​រូបរាង ៖

Galaxy Note 8 ​ទទួល​បាន​ការ​​រចនា​រូបរាង​ថ្មី​ស្ទើរ​តែ​ទាំង​ស្រុង​ខុស​ប្លែក​ពី​ Galaxy Note 7 ជា​ពិសេស​ត្រង់​ការ​រចនា​ផ្ទៃ​អេក្រង់​ដែល​មាន​ស៊ុម​ជុំវិញ​ស្ដើង​បំផុត។ ចំពោះ​រូបរាង​ខាង​ក្រោយ​វិញ​ Galaxy Note 8 មើល​ទៅ​ហាក់​ស្អេក​ស្កះ​បន្តិច​ដោយ​សារ​តែ​កាមេរ៉ា​ភ្លោះ, ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ និង Sesnor វាស់​ចង្វាក់​បេះដូង​ស្ថិត​នៅ​លើ​គ្រឿង​បង្គំ​តែ​មួយ ហេតុ​នេះ​ពេល​មើល​ទៅ​ហាក់​ដូច​ចម្លែកៗ។ ដោយ​ឡែក​រូបរាង​ខាង​ក្រោយ​​ Note 7 នៅ​តែ​មាន​ភាព​ទាក់​ទាញ​ជាង​បើ​ប្រៀប​នឹង​ Note 8។

Galaxy Note 7 មាន​វិមាត្រ​ ១៥៣,៥x ៧៣,៩ x ៧,៩៩ ម.ម និង មាន​ទម្ងន់​ ១៦៩ ក្រាម​ប៉ុណ្ណោះ​ ដែល​ស្ដើង​ជាង​ និង​ស្រាល​ជាង​ Galaxy Note 8 មាន​វិមាត្រ​ ១៦២,៥x ៧៤,៨ x ៨,៦ ម.ម ទម្ងន់​ ១៩៥ ក្រាម។

@ អេក្រង់ ៖

និយាយ​ពី​រចនា​បថ​អេក្រង់​ Galaxy Note 8 ដឹង​តែ​ស៊ីដាច់​ Galaxy Note 7 ហើយ ប៉ុន្តែ​ចំពោះ​សមត្ថភាព​បង្ហាញ​រូប​វិញ​មិន​ជា​ខុស​គ្នា​ប៉ុន្មាន​ឡើយ។ Galaxy Note 7 អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ ១៤៤០x២៥៦០ ភីកសែល​ ជា​មួយ​ដង់ស៊ីតេ​រូបភាព​ ៥១៨ ភីកសែល​ក្នុង​មួយ​អ៊ីញ ដោយ​​មាន​អេក្រង់​ទំហំ​ ៥,៧ អ៊ីញ។

ចំណែក​ Galaxy Note 8 មាន​អេក្រង់​ទំហំ​ដល់​ ៦,៣ អ៊ីញ​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ ១៤៤០x២៩៦០ ភីកសែល​ជា​មួយ​ដង់ស៊ីតេ​រូបភាព​ ៥២១ ភីកសែល​ក្នុង​មួយ​អ៊ីញ។ អេក្រង់​ស្មាតហ្វូន​ទាំង​ពីរ​សុទ្ធ​តែ​ជា​ប្រភេទ​ Super AMOLED ដូច​គ្នា។

​@ កាមេរ៉ា ៖

ទាំង​ Note 7 និង Note 8 មាន​កាមេរ៉ា​មេ​ដែល​មាន​ទំហំ​ ១២ MP, Aperture f/1.7, មាន​មុខងារ​រក្សា​លំនឹង​ OIS និង អាច​ចាប់​យក​វីដេអូ​បាន​ដល់​កម្រិត​ 4K ដូច​គ្នា។ ប៉ុន្តែ​ Note 8 ពិសេស​ជាង​ត្រង់​ថា​មាន​បន្ថែម​កាមេរ៉ា​មួយ​គ្រាប់​ទៀត​ទំហំ​ ១២ MP ជា​ប្រភេទ Telephoto ដែល​ជំនួយ​ដល់​ការ​ពង្រីក​ពេល​ថត​រូបភាព​មិន​ឲ្យ​ចេញ​គ្រាប់​ Noise និង​ជំនួយ​ដល់​ការ​ប្រើ​មុខងារ​ Live Focus ដែល​អាច​ថត​រូប​​ព្រាល​ Background បាន។ មិន​តែ​ប៉ុណ្ណោះ​កាមេរ៉ា​ភ្លោះ​​ទីពីរ​របស់​ Note 8 ថែម​មាន​មុខងារ​រក្សា​លំនឹង​ OIS ថែម​ទៀត​ផង។

ចំពោះ​កាមេរ៉ា​ខាង​មុខ​ Note 7 មាន​ទំហំ​ ៥ MP Aperture f/1.7 និង Note 8 មាន​ទំហំ​ ៨ MP Aperture f/1.7 ដូច​គ្នា ប៉ុន្តែ​មាន​មុខងារ​ Autofocus ដែល​ Note 7 មិន​មាន។

@ ម៉ាស៊ីន ៖

Note 7 ប្រើ​​បន្ទះ​ឈីប Exynos 8890, RAM ទំហំ ៤ GB, អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ ៦៤ GB អាច​បន្ថែម​ទំហំ​បាន។ ចំពោះ​ Note 8 មាន​បន្ទះ​ឈីប​ពីរ​ប្រភេទ​សម្រាប់​ទីផ្សារ​ខុស​គ្នា​ដោយ​ Snapdragon 835 សម្រាប់​សហរដ្ឋ​អាមេរិក/ចិន និង Exynos 8895 សម្រាប់​ទីផ្សារ​ដទៃ​ទៀត, RAM មាន​ទំហំ​ ៦ GB និង​អង្គ​ផ្ទុក​ទិន្នន័យ​មាន​ជម្រើស​ ៦៤/១២៨/២៥៦ GB ដែល​អាច​បន្ថែម​ទំហំ​បាន​តាម​មេមូរី​កាត។

@ ទំហំ​ថ្ម ៖

Note 7 មាន​ទំហំ​ថ្ម​ ៣៥០០ mAh ចំណែក​លើ​ Note 8 បាន​បន្ថយ​ទំហំ​ថ្ម​មក​នៅ​ត្រឹម​ ៣៣០០ mAh វិញ។ ​លោក​ DJ Koh ប្រធាន​ក្រុមហ៊ុន​ Samsung Mobile បាន​លើក​ឡើង​​ពី​មូលហេតុ​បន្ថយ​ទំហំ​ថ្ម​ថា ៖ "មាន​មូលហេតុ​ខ្លះ​ទាក់​ទង​នឹង​ការ​បន្ថយ​ទំហំ​ថ្ម​នេះ។ មួយ​ក្នុង​ចំណោម​នោះ​គឺ​ទាក់​ទង​នឹង​បន្ទះ​ឈីប​ទំហំ​ ១០ ណាណូម៉ែត្រ​ដែល​អាច​សន្សំ​សំចៃ​ថាមពល​បាន​ ៣០%។ ពេល​នេះ​ខ្ញុំ​អាច​ធានា​បាន​ថា​ថ្ម​គឺ​មាន​សុវត្ថិភាព។ ​ថ្ម​​នឹង​អាច​រក្សា​សុពលភាព​បាន​ ៩៥% បន្ទាប់​ពី​ការ​ប្រើ​ប្រាស់​រយៈពេល​ ២ ឆ្នាំ​​”។

@ តម្លៃ ៖

​Note 7 ពេល​ចេញ​លក់​ដំបូង​នៅ​សហរដ្ឋអាមេរិក​មាន​តម្លៃ​ ៨៥០ ដុល្លារ។ ពេល​មក​ដល់​ Note 8 តម្លៃ​ក៏​បាន​ឡើង​ដល់​ខ្ទង់​ ៩៥០ ដុល្លារ​ឯណោះ។

តាម​រយៈ​ការ​ប្រៀប​ធៀប​ខាង​លើ​នេះ​ឃើញ​ថា​ Note 8 មាន​ចំណុច​ខុស​ពី​ Note 7 ជា​ច្រើន​ដូច​ជា​អេក្រង់, ការ​រចនា​រូបរាង, កាមេរ៉ា, សមត្ថភាព​ម៉ាស៊ីន, ថាមពល​ថ្ម និង តម្លៃ​ផង​ដែរ។ ​ការ​ប្រែ​ប្រួល​នៃ​ចំណុច​ទាំង​នេះ​ធ្វើ​ឲ្យ​ Galaxy Note 8 កាន់​តែ​លេច​ធ្លោ​ក្នុង​ចំណោម​គូ​ប្រជែង​ដទៃ៕​

អត្ថបទ៖ សុខហេង

មតិយោបល់