• 2017-08-11 07:44:53
  • ព័ត៌មាន

មុន​ទិញ Lexus ​ត្រូវដឹង​ប្រភេទ Half និង Full Option ឲ្យ​ច្បាស់​សិន​

  • 2017-08-11 07:44:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ទីផ្សារ​រថយន្ត​​មួយ​ទឹក​​​មាន​​ការ​​ពេញ​និយម​​ច្រើនពី​ពលរដ្ឋ​​ទូទៅ ​ក៏​​ព្រោះ​តែ​វា​មាន​តម្លៃ​ធូរ​ថ្លៃ​ ស្រប​តាម​ការ​រស់នៅ​របស់​ពលរដ្ឋ​។ ក្នុង​នោះ​រថយន្ត​ម៉ាក Lexus មាន​ទីផ្សារ​ប្រើប្រាស់​ច្រើន​​ជាង​គេ។

រថយន្ត​ Lexus មានការ​បែងចែក​​តាមប្រភេទឆ្នាំ​ផលិត ពណ៌ និង​សម្ភារៈ​ដែល​ភ្ជាប់​ស្រាប់​ចេញ​ពី​រោងចក្រ (option) ហើយ​តម្លៃ​​ក៏​ខុស​គ្នា​ដែរ។

បើ​តាម​ម្ចាស់​ការ៉ាស​លក់​រថយន្ត​ដែល​មាន​ឈ្មោះ​ថា បាត់ដំបង​លក់​រថយន្ត​ មុខ​ផ្សារ​ភូពុយ​ក្នុង​ក្រុង​បាត់ដំបង បាន​ប្រាប់ Sabay ថា​ រថយន្ត Lexus មួយ​ទឹក​ចែក​ជា ៣ ប្រភេទ​គឺ ប្រភេទ​ធម្មតា ប្រភេទ​ Half option និង​ប្រភេទ​ full option ហើយ​ម៉ូដែល​ពេញ​និយម​មាន​ដូចជា Lexus 300 និង 330។

លក្ខណៈ​សំគាល់​សម្រាប់ Lexus 330 full option មាន​អេក្រង់​ចុច​បញ្ជា និងភ្ជាប់ DVD ឯ Half Option មាន​តែ​​អេក្រង់​ចុច​បញ្ជា តែ​គ្មាន DVD។ ឯ Lexus 330 ធម្មតា​គ្មាន​ទាំង​អេក្រង់​ចុច​បញ្ជា​ និង​DVD ឯ​​​លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​មាន​ដូច​គ្នា។

លោក​បាន​បន្ត​ថា “បើ​និយាយ​ពី​តម្លៃ​​នាំ​ចូល​គឺ​ដូចគ្នា​​មិនថា Half Options ឫ full option។ ដោយ​ឡែក​​នៅ​ស្រុក​ខ្មែរ គេ​ឲ្យ​តម្លៃ​លើ​ចំណុច​នេះ​ច្រើន ទើប​តម្លៃ​របស់​វា​មាន​ភាព​ខុស​គ្នា​ទៅ​តាម​នឹង”។

ម្ចាស់​ការ៉ាស​ខាង​លើ​បាន​បន្ថែម​ទៀត​ថា តម្លៃ​ខុស​គ្នា​ន្លោះ​ពី ២ ០០០ ទៅ ២ ៥០០ដុល្លារ (ពី​ធម្មតា ទៅ​ពាក់កណ្តាល full) និង​ខុស​គ្នា​ចន្លោះ​ពី ២ ៥០០ ដុល្លារ ទៅ ៣ ០០០ ដុល្លារ (ពី Half ទៅ full option)។

ចំណែក​ឯ Lexus ៣០០ វិញ​ប្រភេទ Half option និង full option ឡើង​ទៅ មាន​ភ្លើង​ឡា​ស៊ែរ ដែល​វា​អាច​រេ​តាម​ស្ថានភាព​ផ្លូវ ហើយ​លក្ខណៈ​សំគាល់​មួយ​ទៀត​គឺ​អេក្រង់។ សម្រាប់ full option មាន​អេក្រង់​អាច​ប៉ះ​បញ្ជា​​ដោយ​ផ្ទាល់ តែ​ចំពោះ​ប្រភេទ Half Options វិញ មាន​អេក្រង់​ដែរ តែ​មិន​អាច​បញ្ជា​​បាន​ទេ គឺ​គេ​ប្រើ​ប៊ូតុង​ចុច ឯ​ប្រភេទ​ធម្មតា​អត់​មាន​អេក្រង់​ទេ ឯ​លក្ខណៈ​ផ្សេង​ទៀត​ដូច​គ្នា ឫ​ខុស​គ្នា​តិច​តួច។

ជា​ទូទៅ​មានការ​លើក​ឡើង​ថា ​រថយន្ត Full options សំដៅ​លើ​រថយន្ត​ប្រភេទ​​ប្រណិត ដែល​មាន​ការ​រចនា​ឡើង​យ៉ាង​ពិសេស​ជាមួយ​ការ​បំពាក់​គ្រឿង​បរិក្ខារ​និង​បច្ចេកវិទ្យា​ទំនើបច្រើន​​លើស​ពី​រោងចក្រ​កំណត់​ អាស្រ័យ​តាម​ការ​កុម្ម៉ង់​ពិសេស​​​របស់​អតិថិជន​។ ​រោងចក្រ​ផលិត​​​ជា​​ស្តង់ដារ​លក់​លើ​ទីផ្សារដូច​ជា ​គ្រឿង​​ប្រព័ន្ធ​​បច្ចេកទេស​ខាង​ក្នុង ប្រព័ន្ធ​កម្សាន្ត​ ប្រព័ន្ធ​គ្រឿង​បញ្ជា ប្ដូរ​យ៉ាន់​កង់​ថ្មី ចង្កូត ​ប្រព័ន្ធ​កាមេរ៉ា​ក៏​ដូចជា​ចំណុច​បច្ចេកទេស​ដទៃ​ទៀត​លើស​ពី​​លក្ខណៈ​ដើម​ដែល​​​ផលិត​ចេញ​ពី​រោងចក្រ​​។

បើ​មាន​ចំណុច​អ្វី​ដែល​មិន​ទាន់​រៀបរាប់​អស់​ទេ? អ្នក​អាច​បញ្ចេញ​មតិយោបល់ នៅ​ប្រអប់ comment ខាង​ក្រោម​បាន៕

អត្ថបទ៖ គឹមសាយ

មតិយោបល់