• 2017-03-20 03:11:21
  • ព័ត៌មាន

ទី​បំផុត ​គ្មាន​ការ​គាំទ្រ​លើក​ទឹកចិត្ត ​អ្នក​បង្កើត​ពុម្ព​​អក្សរ​បោះ​បង់​ការងារ​​ចោល​

  • 2017-03-20 03:11:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​បង្កើត​ពុម្ព​អក្សរ​ខ្មែរ​បាន​បោះបង់​ការងារ​ បង្កើត​ពុម្ព​អក្សរ ដោយ​សារ​មក​ទល់​ពេល​នេះ​នៅ​តែ​គ្មាន​អ្នក​លើក​ទឹកចិត្ត​គាំទ្រ ដល់​ស្នាដៃ​ខិត​ខំ​បង្កើត​​​ពុម្ព​អក្សរ​ទាំង​លំបាក។

លោក នៅ​ សំណាង ប្រធាន​ក្រុម​អ្នក​បង្កើត​ពុម្ព​អក្សរ​ខ្មែរ ឲ្យ​ដឹង​នៅ​ព្រឹក​នេះ​ថា លោក​បាន​សម្រេច​ចិត្ត​បោះបង់ ការងារ​បង្កើត​ពុម្ព​អក្សរ​ ក៏​ព្រោះ​តែ​​បណ្តា​ស្ថាប័ន​ធំៗ នៅ​តែ​បន្ត​យក​ពុម្ព​អក្សរ​​ទាំង​ថ្មី​និង​ចាស់​ទៅ​ប្រើ ដោយ​មិន​គិត​ពី​ថ្លៃ​ទឹកចិត្ត​និង​កម្លាំង​ពលកម្ម​​របស់​ពួក​លោក​ទាល់​តែ​សោះ។

“និយាយ​ទៅ​បង គេ (បណ្ដា​ស្ថាប័ន)​ គាំទ្រ ​​គឺ​ឲ្យ​តែ​មាន​​​ពុម្ព​ថ្មីៗ​ គេ​ដោនឡូត​ទៅ​ប្រើ​ភ្លាម...អាហ្នឹង​គេ​គាំទ្រ តែ​អា​រឿង​ផ្ដល់​ជា​ថវិកា​លើក​ទឹកចិត្ត​ដល់​ពួក​ខ្ញុំ កុំ​សង្ឃឹម។ ដល់​អ៊ីចឹង ពួក​ខ្ញុំ​ត្រូវ​ផ្អាក​ ត្រូវ​ទៅ​ធ្វើ​អី​ផ្សេង​​ ព្រោះ​បើ​នៅ​តែ​ប្រឹង​ធ្វើ​បែប​គ្មាន​លុយ​បង់​ថ្លៃ​អ៊ីនធឺណិត​ទេ។ មាន​តែ​ស្រុក​យើង​ទេ ដែល​គ្រប់គ្នា​​អាច​ទាញ​យក​ពុម្ព​អក្សរ​ទៅ​ប្រើ​សេរី អត់​គិត​លុយ ខុស​ពី​ស្រុក​គេ​ផ្សេង"។

សំណាង​ថា បច្ចុប្បន្ន​លោក​​ទៅ​ចាប់​​ការ​រចនា​អាវ​យឺត ដោយ​មាន​​​បញ្ចូល​ម៉ូដ​និង​ពុម្ព​អក្សរ​ប្លែកៗ លក់​ដល់​អតិថិជន ក្រែង​បាន​ចំណេញ​ខ្លះ។ ចំពោះ​រឿង​ពុម្ព​អក្សរ​ទាំង​ថ្មី​ទាំង​ចាស់ លោក​ឲ្យ​អ្នក​ប្រើប្រាស់​ធម្មតា​ទាញ​យក​ទៅ​ប្រើ​ដោយ​ឥត​គិត​ថ្លៃ តែ​មិន​លើក​ទឹកចិត្ត​ចំពោះ​​អ្នក​ដែល​យក​ពុម្ព​អក្សរ​ពួក​លោក ទៅ​ប្រើ​ជា​អាជីវកម្ម​រក​ផល​ចំណេញ​ផ្ទាល់​ខ្លួន​​នោះ​ឡើយ។

មក​ដល់​ប៉ុន្មាន​ខែ​​ដើម​ឆ្នាំ ២០១៧ នេះ សំណាង​ថា ក្រុម​​លោក បាន​បង្កើត​ពុម្ព​អក្សរ​បាន​ដល់​ទៅ​​ប្រហែល​ ៤០០ ពុម្ព​ ហើយ​អ្នក​ប្រើប្រាស់​ធម្មតា​អាច​ ទាញ​ទៅ​ប្រើ​ហ្វ្រី​បាន​ចាប់​ពី​ពេល​នេះ​ទៅ

ទោះ​មិន​បាន​កម្រៃ​មួយ​កាក់​មួយ​សេន តែ​​យ៉ាង​ហោច​ណាស់​ក្រុម​លោក ​បាន​រួម​ចំណែក​លើក​ស្ទួយ​អក្សរសាស្ត្រ​ជាតិ និង​​បាន​​​បង្ហាញ​ឲ្យ​មហា​​​គ្រួសារ​ខ្មែរ​ ឲ្យ​បាន​ស្គាល់​ពី​ភាព​រីកចម្រើន​ និង​ដឹង​ថា​ពុម្ព​អក្សរ​ខ្មែរ​សព្វថ្ងៃ​មាន​ប៉ុន្មាន​ដែរ៕

អត្ថបទ៖ ផាន់និត

មតិយោបល់