- 2017-01-09 04:15:40
- ព័ត៌មាន
ទីបំផុតកម្ពុជាមានខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រហើយ!
- 2017-01-09 04:15:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុតកម្ពុជាមានខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រហើយ!
ចន្លោះមិនឃើញ
ប្រព័ន្ធខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ MCT ដែលតភ្ជាប់ពីប្រទេសម៉ាឡេស៊ី មកប្រទេសកម្ពុជា និង ប្រទេសថៃបានមកដល់ខេត្តព្រះសីហនុនាថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ៦:៣៧នាទីល្ងាច។
នាវា និងក្រុមវិស្វករជំនាញរបស់ក្រុមហ៊ុន អ៉ឺហ្ស៊ីខម បានធ្វើការអូស និងតភ្ជាប់ខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រនេះ ទៅស្ថានីយ៍ខ្សែកាប្លិ៍មិត្តភាពនៅខេត្តព្រះសីហនុ នៅវេលាម៉ោង ៦:១៧នាទីព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ ក្រោមអធិបតីភាព និងការចុះត្រួតពិនិត្យពីឯកឧត្តម ម៉ូវ ចរិយា ប្រធាននិយ័តករទូរគនាគមន៍កម្ពុជា និងសហការី។
ក្រុមហ៊ុន តែលកូថេក ដែលជាក្រុមហ៊ុនមួយរបស់អ៊ីហ្ស៊ីខម បានប្រកាសការធ្វើការ សាងសង់ខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ MCT កាលពីខែមិថុនា ឆ្នាំ២០១៣ និងប្រកាសចាប់ផ្តើមប្រតិបត្តិការនៅត្រីមាសទីមួយនៃឆ្នាំ២០១៧។ នាពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន តែលកូថេក បានបញ្ចប់ការសាងសង់ស្ថានីយ៍កណ្តាលសម្រាប់ខ្សែកាប្លិ៍ MCT ក្នុងខេត្តព្រះសីហនុដែលមានឈ្មោះថា “ស្ថានីយ៍ខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រមិត្តភាព” ដែលមានទីតាំងស្ថិតនៅឆ្នេរអូត្រះ ខេត្តព្រះសីហនុ។
ខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ MCT មានវិសាលភាពប្រហែល ១៣០០គីឡូម៉ែត្រ និងអនុម័តនូវបច្ចេកវិទ្យា ១០០Gbps ជាមួយនឹងសមត្ថភាពគាំទ្រយ៉ាងហោចណាស់ ៣០Tbps។ វានឹងធ្វើឲ្យកម្ពុជា ក្លាយជាច្រកចេញចូលទៅកាន់តំបន់អាស៊ី និងជួយពង្រីកការតភ្ជាប់របស់កម្ពុជាទៅកាន់អាស៊ានក៏ដូចជាពិភពលោកទាំងមូលតាមរយៈប្រទេសម៉ាឡេស៊ី និងប្រទេសថៃ។ខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រនេះ មានតម្លៃវិនិយោគជិត ១០០ លានដុល្លារសហរដ្ឋអាមេរិក។
លោក ថាន ថេន នាយកផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុនអ៊ីហ្ស៊ីខម បានឲ្យដឹងថា “ក្រុមហ៊ុន អ៊ីហ្ស៊ីខម តែលកូថេក កំពុងខិតខំរួមចំណែកធ្វើអោយកម្ពុជាមានឯករាជ្យភាពក្នុងវិស័យទូរគមនាគមន៍ និងប្រព័ន្ធអ៊ីនធឺណិត ព្រមទាំងលើកកម្ពស់សមត្ថភាពសេវាសារគមនាគមន៍ទូទៅរបស់ប្រទេស ដែលធានាបាននូវសន្តិសុខ និងសុវត្ថិភាពទិន្នន័យតាមរយៈការនាំមកនូវខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រលើកដំបូងនៅកម្ពុជា។” លោកបានបញ្ជាក់ថែមទៀតថា “លទ្ធភាពដែលកម្ពុជាអាចតម្លើងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ នេះគឺជាការបង្ហាញនូវភាពខ្លាំងរបស់កម្ពុជាក្នុងឯករាជ្យភាពនៃការផ្គត់ផ្គង់សេវាអ៊ីនធឺណិតដែលមានល្បឿនលឿន ហើយអាចធានាបាននូវសន្តិសុខ និងសុវត្ថិភាពព័ត៌មាន និងទិន្នន័យទូរគមនាគមន៍ព័ត៌មានវិទ្យា។”
ឯកឧត្តម ម៉ូវ ចរិយា ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា ដែលជាអ្នកចុះត្រួតពិនិត្យការអូសខ្សែកាប្លិ៍អុបទិក បានមានប្រសាសន៍ថា “ការចុះពិនិត្យខ្សែកាប្លិ៍អុបទិកនាពេលនេះ គឺដើម្បីពិនិត្យទៅលើបច្ចេកទេសរបស់ក្រុមហ៊ុនក្នុងការអូសខ្សែកាប្លិ៍ក្រោមបាតសមុទ្រជាលើកទី១សម្រាប់ប្រទេសកម្ពុជាយើង។
ទាំងនេះគឺជាការរីកចម្រើនរបស់ប្រទេសកម្ពុជាដែលមានបណ្ដាញខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រល្បឿនលឿនសម្រាប់ការប្រើប្រាស់ នឹងកាត់នូវរយៈចំងាយដែលកន្លងមកយើងធ្វើការអូសឆ្លងកាត់ប្រទេសថៃ ប្រទេសវៀតណាម តាមបណ្តាញផ្លូវគោកមកដល់ប្រទេសកម្ពុជា”៕
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង អ្នកប្រតិបត្តិផ្នែកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុនអ៊ីហ្ស៊ីខម កញ្ញា វីរៈ វីនិច តាមរយៈទូរស័ព្ទ 012 370 174 ឬអ៊ីម៉ែល៖ virak.vinich@ezecomcorp.com
ក្រុមហ៊ុនអ៊ីហ្ស៊ីខម បានបង្កើតឡើងដើម្បីបម្រើសេចក្តីត្រូវការរបស់បណ្តាសហគ្រាសអាជីវកម្មទាំងឡាយ ព្រមទាំងអ្នកប្រើប្រាស់នៅតាមគេហដ្ឋាន ដែលកំពុងមានតម្រូវការកើនឡើងយ៉ាងឆាប់រហ័សក្នុងទីផ្សារកម្ពុជា។ ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៧ អ៊ីហ្ស៊ីខម បានក្លាយខ្លួនជាអ្នកនាំមុខគេមួយ ក្នុងការផ្គត់ផ្គង់សេវាកម្មផ្នែកទំនាក់ទំនងថ្មីៗយ៉ាងសម្បូរបែប។
ក្រុមហ៊ុនអ៉ឺហ្ស៊ីខម ផ្តល់នូវសេវាខ្សែកាប្លិ៍អុបទិក ការទំនាក់ទំនងជាសំឡេងតាមអ៉ឺនធឺណិត (VoIP) ការតភ្ជាប់ក្នុងស្រុក (VPN) និងដំណោះស្រាយតាមអ៊ីនធឺណិត និងទូរគនាមគមន៍ ដទៃទៀត។ ក្រុមហ៊ុនអ៉ឺហ្ស៊ីខម បានទិញយកក្រុមហ៊ុនខ្សែកាប្លិ៍អុបទិក Telcotech ដែលនឹងនាំមកនូវសេវាអ៉ឺនធឺណិតដែលមានល្បឿនលឿន និងទុកចិត្តបំផុតមកកាន់ប្រទេសកម្ពុជានៅឆ្នាំក្រោយនេះ តាមរយៈការបង្កើតខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រម៉ាឡេស៊ី-កម្ពុជា-ថៃ (MCT)។