- 2016-11-22 02:17:32
- ព័ត៌មាន
ធ្វើអ្នកឌីហ្សាញ មានធ្លាប់ប្រកាន់គោលការណ៍ទាំងនេះអត់?
- 2016-11-22 02:17:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើអ្នកឌីហ្សាញ មានធ្លាប់ប្រកាន់គោលការណ៍ទាំងនេះអត់?
ចន្លោះមិនឃើញ
ធ្វើជា Web និង Graphic Designer ជាការងារស្មុគស្មាញនិងទាមទារការអត់ធ្មត់ ហើយទាមទារឲ្យមានគោលការណ៍ផ្ទាល់ខ្លួនក្នុងការរចនាផលិតផលជូនអតិថិជន។
វត្តី អ្នកជំនាញផ្នែក Web និង Graphic Design រកប្រាក់បានជិតខ្ទង់ពាន់ដុល្លារមួយខែៗ អះអាងថាចំពោះកញ្ញាផ្ទាល់ តែងប្រកាន់គោលការណ៍ផ្ទាល់ខ្លួន ជាអ្នកឌីហ្សាញផលិតផល ទើបអាចរីកចម្រើនក្នុងអាជីព។ ចំពោះគោលការណ៍ និងជំហរ ដែលវត្តីតែងប្រកាន់ខ្ជាប់ជានិច្ចនោះមានដូចជា៖
-យល់ពីតម្រូវការ គំនិត គោលដៅ និងបំណងរបស់អតិថិជន ឲ្យបានច្បាស់លាស់សិន មុននឹងចាប់ផ្តើមរចនា ជៀសវាងមានកំហុស។ -សិក្សាស្រាវជ្រាវ ឲ្យកាន់តែស៊ីជម្រៅអំពីប្រធានបទដែលត្រូវរចនា ដើម្បីស្គាល់ និងយល់ដឹងអំពីវាឲ្យកាន់តែច្បាស់លាស់។
-ប្រកាន់ខ្ជាប់ និងគោរពតាម មូលដ្ឋានគ្រឹះក្នុងការរចនា ដូចជា ការរៀបប្លង់ ទំហំ និងទម្ងន់នៃរូបភាព ទីចំហ គំលាត ពុម្ពអក្សរ ចិត្តសាស្ត្រនៃការប្រើប្រាស់ពណ៌ កម្រិតពន្លឺ និងស្រមោល រយៈចម្ងាយនៃក្រសែភ្នែកជាដើម។
-ត្រូវមានចំណេះដឹង អំពី សិល្បៈគំនូរ ទស្សនវិជ្ជាទូទៅ ចិត្តសាស្ត្រ និងយុទ្ធសាស្ត្រក្នុងការផ្សព្វផ្សាយ។ -តែងតែរិះរក និងបង្កើត គំនិតច្នៃប្រឌិតថ្មីៗ ឲ្យកាន់តែ អស្ចារ្យបែបសិល្បៈ។ -ព្យាយាមរួមបញ្ចូល សិល្បៈវប្បធម៌ជាតិ ក្នុងការរចនា។
-ណែនាំ ព្រឹក្សា និងផ្តល់យោបល់បន្ថែមឲ្យអស់លទ្ធភាព លើចំណុចល្អនានា ដែលអតិថិជនមិនបានគិតដល់។
-ផ្តល់ជូននូវការរចនា ដែលមានគុណភាពខ្ពស់ អក្ខរាវិរុទ្ធ និងវេយ្យាករណ៍ត្រឹមត្រូវ មានភាពច្នៃប្រឌិតខ្ពស់ និងមានប្រសិទ្ធភាពខ្ពស់។
-តែងតែរៀន និងស្វែងរករចនាបទនិងបច្ចេកទេសថ្មីៗជានិច្ច។ -ស្គាល់ពីលទ្ធភាព និងសមត្ថភាពរបស់ខ្លួនឲ្យបានច្បាស់ មុននឹងសម្រេចចិត្តទទួលកិច្ចការមកបំពេញ។ -ទទួលយកការរិះគន់ ស្ថាបនា ពីអ្នកដទៃ មកកែសម្រួលឡើងវិញ ដោយវិចារណញ្ញាណ។ -សម្រេចកិច្ចការឲ្យបានទាន់ពេលវេលាកំណត់ ជាកំហិត។
វត្តី បញ្ជាក់ថា កញ្ញាមានមោទនភាពចំពោះការងារ ឌីហ្សាញ ព្រោះមានមនុស្សជាច្រើនបានឃើញពីស្នាដៃរបស់ខ្លួន តែសារភាពថាធ្លាប់ត្អូញត្អែរចំពោះការងារឌីហ្សាញនេះ ដោយសារភាគច្រើនត្រូវប្រឈមមុខនឹងភ្ញៀវ ហើយកាន់តែពិបាកគឺពេលអតិថិជនជំទាស់នូវគំនិតរបស់អ្នកឌីហ្សាញ។ យ៉ាងណា វត្តីនិងអតិថិជនតែងថយមួយជំហានរៀងខ្លួន ដើម្បីឲ្យការផលិតផលរចនាមក ត្រូវចិត្តទាំងសងខាង៕