• 2016-09-12 17:03:23
  • ផលិតផលថ្មី

Bentayga ០១៧ រថយន្ត​កំពូល​ថ្លៃ​ បន្ទាប់ Rolls-Royce ដាក់​លក់​ទីផ្សារ​ក្នុង​ស្រុក​

  • 2016-09-12 17:03:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bentley Bentayga 2017 ជា​រថយន្ត​ប្រណិត​ប្រភេទ SUV ដំបូង​របស់ Bentley ហើយ​មាន​ល្បឿន​លឿន​ជាង​គេ​ក្នុង​ចំណោម​ឡាន SUV ដទៃ​លើ​ពិភពលោក។ ល្បឿន​របស់​វា​ដល់​ទៅ ៣០០ គីឡូម៉ែត្រ/ម៉ោង បើ​ធៀប​នឹង​រថយន្ត​ដទៃ​ផ្សេង​ទៀត​ដូចជា Porsche Cayenne Turbo S (281 KPH), RANGE ROVER SPORT (260 KPH), BMW X6 M (249 KPH)។

 

 

ឡាន​នេះ​ទើប​មក​ដល់​កម្ពុជា​កាល​ពី​ដើម​ខែ កក្កដា​កន្លង​ទៅ។ វា​ជា​រថយន្ត​ប្រណិត​តម្លៃ​ថ្លៃ​មួយ​ទៀត​បន្ទាប់​ពី Rolls Royce ដែល​កំពុង​ដាក់​លក់​លើ​ទីផ្សារ​ស្រុក។ ចំពោះ​តម្លៃ​ប្រភព​ហាង​ក្នុង​ស្រុក​មិន​បាន​បញ្ជាក់ តែ​ដោយ​សារ​វា​ជា​ប្រភេទ​រថយន្ត​ប្រណិត តម្លៃ​ក៏​មិន​តិច​សែន​ដុល្លារ​ដែរ។ តម្លៃ Bentayga 2017 នៅ​បរទេស​ប្រមាណ ៣០ម៉ឺន​ដុល្លារ។

 

កន្លង​មក តារា​ម៉ូដែល​អាមេរិក​វ័យ​ក្មេង Kylie Jenner ​បាន​ចំណាយ​លុយ​៣០​ម៉ឺន​​ដុល្លារ​ទិញ​រថយន្ត​ថ្មី​ម៉ាក Bentley Bentayga នេះ ឲ្យ​មិត្ត​ប្រុស​ Tyga បន្ទាប់​ពី​ឡាន​របស់​តារា​រ៉េប​រូប​នេះ​ត្រូវ​ធនាគារ​រឹបអូស។

 

 

កាង​ផ្នែក​ខាង​មុខ Bentayga បំពាក់​ដោយ​សំណាញ់​និង​អំពូល​មូល​ប្លែក។ ការ​រចនា​របស់​វា​ច្របាច់​បញ្ចូល​ម៉ូដ​​បុរាណ​និង​សម័យ​ទំនើប ធ្វើ​ឲ្យ​រថយន្ត​មើល​ទៅ​កាន់​តែ​ទាក់ទាញ និង​ស៊ីវិល័យ​បំផុត។

 

សម្ភារៈ​ខាង​ក្នុង​បំពាក់​ដោយ​បរិក្ខារ​ទំនើប​មាន​តម្លៃ​ថ្លៃ ផលិត​ដោយ​ដៃ មិន​ខុស​ពី​រថយន្ត Rolls Royce នោះ​ទេ ដែល​នេះ​កាន់​តែ​ស័ក្ដិសម​សម្រាប់​អ្នក​មាន​លំដាប់ High Class។

 

Bentayga 017 បំពាក់​ម៉ាស៊ីន​ស៊ីឡាំង ១២ ទំហំ ៦លីត្រ ហើយ​បើ​និយាយ​ពី​​កម្លាំង​ម៉ាស៊ីន​វិញ ដល់​ទៅ ៦០០សេះ ឯ​ប្រអប់​លេខ​វិញ​គឺ ៨វគ្គ​ស្វ័យ​ប្រវត្តិ។ វា​អាច​បង្កើន​សន្ទុះ​ល្បឿន​កុងទ័រ ពីរ ០ ទៅ ៩៦ KPH ក្នុង​រយៈ​ពេល​តែ ៤វិនាទី​ប៉ុណ្ណោះ។

 

ឡាន SUV ប្រណិត​នេះ​អាច​ដំឡើង​កម្ពស់​ផុត​ពី​ដី​បាន​ដល់​ទៅ ២៣ ស.ម សម្រាប់​ការ​បើកបរ​លើ​ផ្លូវ រដិបរដុប និង​មាន​ឧបសគ្គ​ច្រើន។

 

 

នៅ​ខាង​ស្តាំ​ដៃ​​តៃកុង​ឡាន​មាន​ប៊ូតុង Start ​សម្រាប់​បញ្ឆេះ​ម៉ាស៊ីន។ ចំណែក​ឯ​អេក្រង់ Tochscreen នៅ​ខាង​មុខ នឹង​បង្ហាញ​វីដេអូ​ពី​កាមេរ៉ា ៣៦០ដឺក្រេ ងាយ​ស្រួល​ចូល​ចត និង​អាច​បង្ហាញ​ពី​រូបរាង​ឡាន​ពី​ខាង​លើ និង​ចំហៀង​បាន​យ៉ាង​ច្បាស់។

 

គូថ​ឡាន​ខាង​ក្រោយ បំពាក់​សិនស័រ ដោយ​គ្រាន់​តែ​វាស​ជើង​ពី​ខាង​ក្រោម​គូថ​រថយន្ត នោះ​​ទ្វារ​គូថ​ឡាន​នឹង​បើក ហើយ​វាស​ជើង​ម្តង​ទៀត​ដើម្បី​ឲ្យ​ទ្វារ​បិទ។

 

Bentley នឹង​ផលិត​ឡាន SUV Bentayga ចំនួន ៥ ៥០០ គ្រឿង ដោយ​សង្ឃឹម​ថា​នឹង​ជួយ​បំបែក​កំណត់ត្រា​លក់​រថយន្ត​របស់​ខ្លួន ចំនួន​ជាង ១ម៉ឺន​គ្រឿង​ក្នុង​មួយ​ឆ្នាំ​កាល​ពី ៣ឆ្នាំ​កន្លង​ទៅ៕

 

 

 

 

 

 

 

 

អាន៖ Rolls-Royce Wraith​ ​ម៉ូដែល​ ​២០១៥​ ​​លក់​តែ​ជាង ១ម៉ឺនដុល្លារ

 

អត្ថបទ៖ ប៉ែត ផាន់និត

មតិយោបល់