• 2015-10-02 22:36:57
  • ព័ត៌មាន

Google អំពាវនាវ​ឱ្យ​អ្នក​ជំនាញ​ក្នុង​ស្រុក​រួម​គ្នា​កែ​លម្អ​គុណភាព​បកប្រែ​ភាសា​ខ្មែរ​លើ​អ៊ីនធឺណិត

  • 2015-10-02 22:36:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​សិក្ខាសាលា​ស្ដី​អំពី​បច្ចេកវិទ្យា Google Translate ក្រោម​ប្រធានបទ "ស្រឡាញ់​ភាសា​ខ្មែរ​យើង (Love Your Language: Khmer)” ដែល​បាន​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) លោក​ស្រី Amy Kunrojpanya ​ប្រធាន​ទំនាក់ទំនង​និង​កិច្ចការ​សាធារណៈ​​សម្រាប់​ទីផ្សារ​ថ្មី​របស់​ក្រុមហ៊ុន Google ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​សិស្ស​និស្សិត​និង​អ្នក​ជំនាញ​ផ្នែក​ខេមរភាសា​ទាំង​អស់ ឱ្យ​រួម​គ្នា​កែ​លម្អ​គុណភាព​បកប្រែ​ភាសា​ខ្មែរ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង ដើម្បី​ជា​ការ​ផ្សព្វផ្សាយ​វប្បធម៌​និង​ភាសា​ខ្មែរ​ទៅ​កាន់​ពិភពលោក​។

 

លោក​ស្រី Amy Kunrojpanya 

 

លោក​ស្រី​បាន​ឱ្យ​ដឹង​ថា ការ​ជួយ​កែ​លម្អ​គុណភាព​នៃ​ការ​បក​ប្រែ​ភាសា​ខ្មែរ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ជា​រឿង​មួយ​​ដ៏​ចាំ​បាច់​បំផុត ដើម្បី​បង្កើន​ភាព​ងាយ​ស្រួល​ដល់​សិស្ស​និស្សិត សិក្សា​ស្រាវជ្រាវ​ឯកសារ​ពី​ភាសា​ដទៃ ដោយ​ការ​បក​ប្រែ​​មក​ជា​ខេមរភាសា។ លើស​ពី​នេះ​វា​ក៏​ជួយ​ឱ្យ​ពិភពលោក​ទាំង​មូល​ស្គាល់ ក៏​ដូចជា​ជួយ​អភិរក្ស​និង​ផ្សព្វផ្សាយ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​របស់​ប្រទេស​​ខ្មែរ តាម​រយៈ​ការ​ប្រើប្រាស់ Google Translate នេះ​ផង​ដែរ។

 

បច្ចុប្បន្ន​គុណភាព​នៃ​ដំណើរ​ការ​បកប្រែ​ភាសា​ខ្មែរ​លើ Google Translate នៅ​មាន​កម្រិត​ តែ​លោក​ស្រី​សង្ឃឹម​យ៉ាង​មុតមាំ​ថា បើ​សិន​​អ្នក​ប្រើ​ប្រាស់​សេវាកម្ម Google Translate ក្នុង​ប្រទេស​​កម្ពុជា​ទាំង​អស់​ រួម​គ្នា​កែ​លម្អ​ការ​បក​ប្រែ​ភាសា​ខ្មែរ​​​លើ​អ៊ីនធឺណិត​​កាន់​តែ​ទូលំទូលាយ​ឡើង នោះ​​គុណភាព​បកប្រែ​ភាសា​ខ្មែរ​លើ Google Translate នឹង​កាន់​​​ប្រសើរ​​ ហើយ​​​ក៏​អាច​ក្លាយ​​​ជា​ធនធាន​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​​មួយ​ផ្នែក​ក្នុង​ប្រព័ន្ធ​អប់រំ​របស់​ប្រទេស​កម្ពុជា​ផង​ដែរ។

 

បច្ចុប្បន្ន​ភាសា​ដែល​និយម​​ប្រើ​លើ​បណ្ដាញ​អ៊ីនធឺណិត​ទូទាំង​សាកលលោក​ មាន​ចំនួន ១០ ធំៗ​ដូចជា ចិន អេស្បាញ អង់គ្លេស ហិណ្ឌូ អារ៉ាប ព័រទុយហ្គាល់ បេន្កាលី រុស្ស៊ី ជប៉ុន និង​ជ្វា។ ដូច្នេះ ដើម្បី​ឱ្យ​ភាសា​ខ្មែរ​ក្លាយ​ជា​ភាសា​ពេញ​និយម​មួយ​ក្នុង​ចំណោម​ភាសា​ទាង​១០​ខាង​លើ គប្បី​អ្នក​ជំនាញ​ផ្នែក​ភាសា​ខ្មែរ​ទាំង​អស់​រួម​គ្នា​កែ​លម្អ​ការ​បក​ប្រែ​ភាសា​ខ្មែរ​លើ Google Translate ​ឱ្យ​កាន់​តែ​ទូលំទូលាយ និង​ត្រឹម​ត្រូវ​តាម​ក្បួនខ្នាត​​​​ពាក្យ​និង​វេយ្យាករណ៍​ខ្មែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ស្រី Amy ។

 

 

 

ក្នុង​មួយ​ខែ​មាន​អ្នក​ប្រើ​ប្រាស់​សេវាកម្ម Google Translate ដល់​ទៅ ៥០០លាន​នាក់ ហើយ​មាន​ការ​បក​ប្រែ​ក្នុង​មួយ​ថ្ងៃ​ដល់​ទៅ ១ពាន់​លាន​ដង​ឯណោះ។ Google ក៏​បាន​ណែនាំ​កម្មវិធី​បញ្ចូល​សំណេរ​ដោយ​ដៃ (Google Handwriting Input) សម្រាប់​ភាសា​ខ្មែរ ដែល​ជា​វិធី​មួយ​សាមញ្ញ​ក្នុង​ការ​បញ្ចូល​អត្ថបទ​ឬ​ពាក្យ​ផ្សេងៗ​ជា​ភាសា​ខ្មែរ​​ទៅ​ក្នុង​កុំព្យូទ័រ ទូរសព្ទ​ដៃ និង​ថេប្លែត ដោយ​​ប្រើ​ម្រាម​​ដៃ​ឬ​​ប៊ិក Stylus ក៏​បាន៕

 

អត្ថបទ៖ ប៉ែត ផាន់និត

មតិយោបល់