- 2015-06-09 15:53:30
- ព័ត៌មាន
iOne និយាយពីរយៈពេល 10 ឆ្នាំ ការឈរជើងនាំផលិតផល Apple មកកាន់ទីផ្សារប្រទេសកម្ពុជា
- 2015-06-09 15:53:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iOne និយាយពីរយៈពេល 10 ឆ្នាំ ការឈរជើងនាំផលិតផល Apple មកកាន់ទីផ្សារប្រទេសកម្ពុជា
ចន្លោះមិនឃើញ
រយៈពេល ១០ ឆ្នាំហើយដែលក្រុមហ៊ុន iOne បានឈរជើងយ៉ាងរឹងមាំក្នុងការនាំផលិតផល Apple លក់ជាផ្លូវការលើទីផ្សារប្រទេសកម្ពុជា។ សប្ដាហ៍មុន ក្រុមហ៊ុន iOne បានរៀបចំខួប ១០ ឆ្នាំដើម្បីអបអរសាទរការសម្រេចបានជោគជ័យ ក្នុងនាមក្រុមហ៊ុនឈានមុខមួយសម្រាប់ការនាំផលិតផលបច្ចេកវិទ្យាទំនើបៗបម្រើទីផ្សារអ្នកប្រើប្រាស់ក្នុងស្រុក។
Sabay បានជួបសម្ភាសន៍ពិសេសជាមួយកញ្ញាកៅ ដាម៉ៃទីម៉ា អនុប្រធានគ្រប់គ្រងផ្នែកទីផ្សាររបស់ក្រុមហ៊ុន iOne ដើម្បីសាកសួរពីដំណើរវិវត្តរយៈពេល ១០ ឆ្នាំរបស់ក្រុមហ៊ុន ជាមួយការសម្រេចបានលទ្ធផលនិងគោលដៅក្នុងពេលអនាគត។
Sabay៖ តើរយៈពេល ១០ ឆ្នាំនេះ iOne បានសម្រេចលទ្ធផលយ៉ាងណាក្នុងនាមជាក្រុមហ៊ុនដែលទទួលបានសិទ្ធិលក់ផលិតផល Apple ក្នុងទីផ្សារប្រទេសកម្ពុជា?
កៅ ដាម៉ៃទីម៉ា៖ យើងអាចនិយាយបានថា អតិថិជនបានស្គាល់យើងយ៉ាងច្បាស់ជាក្រុមហ៊ុនដំបូងក្នុងប្រទេសកម្ពុជា ដែលទទួលបានសិទ្ធិក្នុងការនាំម៉ាកផលិតផលដ៏ល្បីឈ្មោះរបស់ពិភពលោក Apple មកកាន់ទីផ្សារប្រទេសកម្ពុជា។ ក្នុងនាមក្រុមហ៊ុនស្របច្បាប់ ក្រុមហ៊ុនតែងតែនាំផលិតផល Apple ថ្មីៗប្រកបដោយគុណភាពខ្ពស់ជាច្រើនប្រភេទ ដើម្បីបម្រើទីផ្សារអ្នកប្រើប្រាស់។ ក្នុងរយៈពេល ១០ ឆ្នាំនេះដោយសារតែទទួលបានការគាំទ្រឥតឈប់ឈរពីអតិថិជន ក្រុមហ៊ុនបានពង្រីកបន្ថែមសាខាជាបន្តបន្ទាប់ដែលគិតមកទល់ពេលនេះយើងបានពង្រីកទីតាំងលក់បាន ៥ សាខាបន្ថែមទៀតនៅក្នុងរាជធានីភ្នំពេញនិងខេត្តសៀមរាប។
Sabay៖ អ្វីជាគន្លឹះសំខាន់សម្រាប់ការទទួលបានជោគជ័យនិងការគាំទ្រពីអតិថិជន?
កៅ ដាម៉ៃទីម៉ា៖ យើងយកចិត្តទុកដាក់ខ្លាំងក្នុងការផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះដល់អតិថិជន បន្ថែមពីការនាំផលិតផលដ៏ល្អប្រកបដោយគុណភាពខ្ពស់ រួមទាំងការផ្តល់តម្លៃដ៏សមស្របដើម្បីឲ្យអតិថិជនមានទំនុកចិត្តលើការទិញប្រើប្រាស់ផលិតផលរបស់យើង។
Sabay៖ ថ្មីៗនេះ iOne ក៏ទើបតែទទួលសិទ្ធិក្នុងការនាំទូរសព្ទ iPhone ពី Apple តើនេះអាចចាត់ទុកថាជោគជ័យបន្ថែមទៀតដែរឬទេ? កៅ ដាម៉ៃទីម៉ា៖ ការពិតហើយ នេះជាជោគជ័យបន្ថែមទៀតរបស់ iOne ដែលជាក្រុមហ៊ុនក្នុងស្រុកដ៏មានកេរ្តិ៍ឈ្មោះដែលក្រុមហ៊ុន Apple បានផ្តល់ទំនុកចិត្តលើការផ្តល់សិទ្ធិក្នុងការនាំយីហោទូរសព្ទដ៏ល្បីឈ្មោះ iPhone សម្រាប់បម្រើទីផ្សារប្រទេសកម្ពុជា ដែលនេះធ្វើឲ្យ iOne ជាក្រុមហ៊ុនដែលមានលក់គ្រប់ផលិតផលពី Apple ដែលអតិថិជនអាចស្វែងរកគ្រប់តម្រូវការ។ ការទទួលបានសិទ្ធិនេះក៏ដោយសារក្រុមហ៊ុនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចបំពេញតាមលក្ខខណ្ឌរបស់ក្រុមហ៊ុន Apple ទាំងការរចនាហាង ការផ្តល់សេវាកម្មដល់អតិថិជន ជាពិសេសតម្លៃដែលគោរពតាមស្តង់ដាដែលធ្វើឲ្យអតិថិជនអាចទុកចិត្តក្នុងការទិញប្រើប្រាស់ផលិតផលពីក្រុមហ៊ុន។
Sabay៖ តើនរណាជាទីផ្សារជាគោលដៅដែលទិញផលិតផលពី iOne?
កៅ ដាម៉ៃទីម៉ា៖ ទីផ្សារគោលដៅរបស់ iOne គឺអតិថិជនដែលស្រលាញ់ផលិតផល Apple។ អតិថិជនដែលស្រលាញ់ផលិតផល Apple ពួកគេគិតរួចទៅហើយថា iOne ជាគោលដៅដែលពួកគេអាចស្វែងរកផលិតផលប្រកបដោយគុណភាពខ្ពស់ពី Apple។
Sabay៖ តើកញ្ញាមើលឃើញឥរិយាបថទិញផលិតផលប្រើប្រាស់របស់ពលរដ្ឋកម្ពុជាបច្ចុប្បន្នយ៉ាងម៉េចដែរ?
កៅ ដាម៉ៃទីម៉ា៖ អ្វីដែលអតិថិជនកម្ពុជាផ្តោតការយកចិត្តទុកដាក់លើការជ្រើសរើសផលិតផលគឺភាពទុកចិត្ត និងភាពសុទ្ធលើផលិតផល។ ពួកគេចង់បានផលិតផលដែលមានការធានាត្រឹមត្រូវ ដែលនឹងមិនធ្វើឲ្យពួកគេមានការព្រួយបារម្ភពីការប្រើប្រាស់។
Sabay៖ តើអ្វីជាគូប្រកួតប្រជែងរបស់ iOne សម្រាប់ការលក់ផលិតផល Apple? កៅ ដាម៉ៃទីម៉ា៖ បច្ចុប្បន្នមានផលិតផល Apple មួយចំនួនដែលលក់ពីប្រភពខាងក្រៅដែលគ្មានការទទួលស្គាល់ពី Apple ជាគូប្រកួតប្រជែងផលិតផលរបស់យើង។ យ៉ាងណាអតិថិជនដែលប្រើប្រាស់ផលិតផល Apple ពួកគេសុទ្ធតែមានការស្វែងយល់ច្រើនក្នុងការជ្រើសរើសផលិតផលដ៏ល្អ ដែលមានការធានាត្រឹមត្រូវសម្រាប់ការប្រើប្រាស់។
Sabay៖ ថ្ងៃអនាគត iOne មានគោលដៅអ្វីបន្ថែមទៀតសម្រាប់ការពង្រីកអាជីវកម្មការលក់ផលិតផល Apple សម្រាប់ទីផ្សារប្រទេសកម្ពុជា? កៅ ដាម៉ៃទីម៉ា៖ យើងនឹងប្រឹងប្រែងនាំផលិតផលថ្មីៗជំនាន់ក្រោយរបស់ Apple ដើម្បីបំពេញតម្រូវការដល់អតិថិជន។ ជាមួយគ្នានេះយើងក៏មិនភ្លេចក្នុងការការផ្តល់សេវាកម្មកាន់តែល្អប្រសើរថែមទៀត ដើម្បីធ្វើឲ្យអតិថិជនមានភាពពេញចិត្តនិងជឿជាក់ក្នុងការជ្រើសរើសផលិតផលរបស់ក្រុមហ៊ុន។
អត្ថបទ៖ ប៊ុណ្ណារ៉ា