- 2015-05-21 16:27:28
- ព័ត៌មាន
ស្ថាបនិកយូនីកូដកើតកង្វល់ការប្រើប្រាស់អក្សរខ្មែរខុសស្តង់ដារ
- 2015-05-21 16:27:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថាបនិកយូនីកូដកើតកង្វល់ការប្រើប្រាស់អក្សរខ្មែរខុសស្តង់ដារ
ចន្លោះមិនឃើញ
ការអភិវឌ្ឍកម្មវិធីភាសាខ្មែរសម្រាប់ប្រើប្រាស់លើឧបករណ៍នានា បានផ្តល់ប្រយោជន៍ជាច្រើនដែលអាចពលរដ្ឋប្រើប្រាស់អក្សរខ្មែរកាន់តែទូលំទូលាយ ប៉ុន្តែការអភិវឌ្ឍដែលមិនគោរពតាមស្តង់ដារត្រឹមត្រូវ បានធ្វើឲ្យស្ថាបនិកអក្សរខ្មែរយូនីកូដលោកដាញ់ ហុងមានការព្រួយបារម្ភហើយជំរុញអ្នកអភិវឌ្ឍកម្មវិធីត្រូវមានការសិក្សាឲ្យបានច្បាស់លាស់ពីអក្សរសាស្រ្តខ្មែរ។
លោក ដាញ់ ហុងដែលពលរដ្ឋកម្ពុជាស្គាល់ជាស្ថាបនិកបង្កើតអក្សរខ្មែរយូនីកូដបានសំដែងការព្រួយបារម្ភនេះ នៅពេលលោកមើលឃើញអ្នកអភិវឌ្ឍកម្មវិធីភាសាខ្មែរមួយចំនួនបានអភិវឌ្ឍកម្មវិធីមួយចំនួន ដោយមិនអនុលោមតាមស្តង់ដារអក្សរខ្មែរបានត្រឹមត្រូវ។
លោកថា អ្នកអភិវឌ្ឍមួយចំនួន បានខិតខំប្រឹងប្រែងអភិវឌ្ឍកម្មវិធីភាសាខ្មែរសម្រាប់ប្រើប្រាស់នៅលើឧបករណ៍នានាជារឿងគួរឲ្យកោតសរសើរ តែអ្វីគួរឲ្យព្រួយបារម្ភគឺការមិនគោរពតាមស្តង់ដារអក្សរខ្មែរបានត្រឹមត្រូវ ដែលមិននាំការរីកចម្រើនបែរជានាំភាពស្មុគស្មាញបន្ថែមទៀតទៅវិញ។
នៅពេលសួរថា អ្វីទៅជាស្តង់ដារត្រឹមត្រូវរបស់អក្សរខ្មែរ។ លោកថា ក្រុមការងារជាតិផ្នែកភាសា បានសម្រេចឯកភាពការប្រើប្រាស់អក្សរខ្មែរស្តង់ដារដើម្បីបញ្ចូលប្រើនៅក្នុងអក្សរយូនីកូដ។ ក្នុងសេចក្តីសម្រេចបានកំណត់យកស្រះខ្មែរតែ ១៦ ទេ សម្រាប់ប្រើប្រាស់ជាផ្លូវការ ប៉ុន្តែអ្នកអភិវឌ្ឍកម្មវិធីមួយចំនួនបានបង្កើតស្រះផ្សំកាន់តែរញ៉េរញ៉ៃបន្ថែមដោយខ្លួនឯងលើសពី ១៦។ ការបង្កើតតាមការនឹកឃើញនេះ អាចនាំអ្នកប្រើប្រាស់កាន់តែមានភាពច្របូកច្របល់មិនច្បាស់លាស់ពីការប្រើប្រាស់អក្សរខ្មែរបានត្រឹមត្រូវ។
ការប្រើប្រាស់អក្សរខ្មែររហូតមកដល់ពេលនេះគឺយោងតាមវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត ប៉ុន្តែវាមានបញ្ហាត្រង់ការកំណត់យកចំនួនស្រះខ្មែរ ដែលធ្វើឲ្យអ្នកសិក្សាផ្នែកភាសាខ្មែរចាត់ទុកថាជាកង្វះខាត។
លោក ដាញ់ ហុងបានបញ្ជាក់ថា ក្រុមគណៈកម្មការអក្សរសាស្ត្រខ្មែរ មុនស្នើដាក់ឲ្យអក្សរខ្មែរប្រើនៅក្នុងប្រព័ន្ធយូនីកូដ បានជជែកពិភាក្សាគ្នាជាច្រើនលើកហើយក៏សម្រេចយកស្រះខ្មែរតែ ១៦ ដើម្បីប្រើប្រាស់ជាផ្លូវការ។ ការសម្រេចនេះក៏បានការគាំទ្រពីអ្នកបច្ចេកទេស ជាពិសេសអ្នកបង្កើតក្តារចុចខ្មែរមួយចំនួន។ ប៉ុន្តែអ្នកអភិវឌ្ឍកម្មវិធីមួយចំនួនទៀត បានបង្កើតស្រះផ្សំបន្ថែមកាន់តែច្រើនដើម្បីយកចិត្តអ្នកគ្រប់គ្រងរបស់ខ្លួន ដោយមិនយកតាមការសម្រេចរបស់អ្នកជំនាញអក្សរសាស្រ្ត ដើម្បីធ្វើឲ្យការប្រើប្រាស់មានស្តង់ដារួមនោះទេ។
លោកបានស្នើឲ្យអ្នកអភិវឌ្ឍកម្មវិធីភាសាខ្មែរ ត្រូវសិក្សាពីអក្សរខ្មែរឲ្យបានច្បាស់លាស់និងអនុវត្តតាមស្តង់ដាររួមឲ្យបានត្រឹមត្រូវ ដើម្បីជួយលើកកម្ពស់អក្សរសាស្រ្តជាតិ ចៀសវាងការបង្កើតភាពស្មុគស្មាញដល់អ្នកប្រើប្រាស់ទៅវិញ។
បន្តអាន៖ ដាញ់ ហុង ធ្លាប់រងអតិថិជនស្តីបន្ទោស ដោយសារភាពស្មុគស្មាញអក្សរសាស្រ្តខ្មែរ
បន្តអាន៖ អ្នកបង្កើតវចនានុក្រមខ្មែរដំបូងគេលើទូរសព្ទ លាតត្រដាងពីជីវិតពិត
អត្ថបទ៖ ប៊ុណ្ណារ៉ា