• 2015-03-23 16:20:29
  • ព័ត៌មាន

ស្វែង​យល់​ពី​ការ​សិក្សា​មុខ​ជំនាញ​វិស្វកម្ម​និង​បច្ចេកទេស​នៅ​សាលា​តិចណូ

  • 2015-03-23 16:20:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (សាលាតិចណូ) មាន​ភាព​ល្បីល្បាញ​និង​ការ​ទទួល​ស្គាល់​ពី​សិស្ស​និស្សិត​កម្ពុជា​ជា​ច្រើន​ជំនាន់​ សម្រាប់​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិស្វកម្ម​និង​បច្ចេកទេស។ ជំនាញ​បច្ចេកទេស​និង​វិស្វកម្ម ជា​ជំនាញ​ដ៏​មាន​សារប្រយោជន៍​សម្រាប់​ការ​ចូលរួម​អភិវឌ្ឍ​ជាតិ ហើយ​ដែល​តិចណូ​បាន​ចូលរួម​បណ្តុះបណ្តាល​ធនធាន​មនុស្ស​បាន​រាប់​ពាន់​រាប់​ម៉ឺន​នាក់​​គិត​មក​ទល់​បច្ចុប្បន្ន​នេះ។

 

 

បន្ត​ទៀត​នេះ Sabay នឹង​បង្ហាញ​ពី​មុខ​ជំនាញ​បច្ចេកទេស​និង​វិស្វកម្ម​សំខាន់​ៗ​ដែល​កំពុង​បណ្ដុះបណ្ដាល​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។

 

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ផ្ដោត​លើ​ការ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​និង​វិស្វកម្ម​ដែល​មាន​ជំនាញ​ឯកទេស​សំខាន់ៗ​ចំនួន ៧ ក្នុង​នោះ​រួម​មាន៖

 

-ទេពកោសល្យ​ គីមី និង​បច្ចេកទេស​អាហារ -ទេពកោសល្យ​ស៊ីវិល (សំណង់​ស៊ីវិល និង​ស្ថាបត្យកម្ម) -ទេពកោសល្យ​អគ្គិសនី ថាមពល និង​ទូរគមនាគមន៍ -ទេពកោសល្យ ធនធាន​រ៉ែ និង​ភូគព្ភសាស្ត្រ -ទេពកោសល្យ ព័ត៌មានវិទ្យា​និង​ទំនាក់ទំនង -ទេពកោសល្យ​ឧស្សាហកម្ម​និង​មេកានិច -ទេពកោសល្យ ជនបទ

 

ទេពកោសល្យ​គីមី និង​បច្ចេកវិទ្យា​អាហារ

 

ដេប៉ាតឺម៉ង់​ទេពកោសល្យ គីមី និង​បច្ចេកវិទ្យា​អាហារ​បណ្ដុះបណ្ដាល​លើ​មុខ​ជំនាញ​ពីរ​គឺ​ឯកទេស​គីមី​ឧស្សាហកម្ម និង​ឯកទេស​បច្ចេកវិទ្យា​អាហារ។

 

មុខវិជ្ជា​បណ្ដុះបណ្ដាល​មាន៖ មីក្រូ​ជីវៈ​អតិសុខុមប្រាណ​ដែល​បង្ក​ជំងឺ​ក្នុង​ចំណី​អាហារ មូលដ្ឋាន​គ្រឹះ​នៃ​រូបធាតុ កែច្នៃ​ផលិតផល​កសិឧស្សាហកម្ម កែច្នៃ​ផលិតផល​ដើម្បី​ទុក​បាន​យូរ ស្តង់ដារ​ចំណី​អាហារ ផ្នែក​វេច​ខ្ចប់​ចំណី​អាហារ ប្រព្រឹត្តិកម្ម​នៃ​ការ​សម្អាត​ទឹក ផ្នែក​កម្តៅ ឧស្សាហកម្ម ការ​គ្រប់គ្រង​និង​ការ​សិក្សា​ទីផ្សារ

 

ទេពកោសល្យ​ស៊ីវិល

 

ដេប៉ាតតឺមង់​ទេពកោសល្យ​និង​ស៊ីវិល​បណ្ដុះបណ្ដាល​ពីរ​ជំនាញ​ឯកទេស​គឺ វិស្វកម្ម​សំណង់​ស៊ីវិល និង​វិស្វកម្ម​ស្ថាបត្យកម្ម។

 

វិស្វកម្ម​សំណង់​ស៊ីវិល៖ ផ្តោត​សំខាន់​លើ​សំណង់​អាគារ ស្ពាន​និង​ថ្នល់។ មុខ​វិជ្ជា​សិក្សា​មាន​ ការ​សិក្សា​ភាព​ធន់​នៃ​សម្ភារៈ ការ​វិភាគ​និង​គណនា​គ្រឿង​បង្គំ (អំពី​ដែក បេតុង​អាម៉េ ឈើ បេតុង​ប្រ៉េកុងត្រាំង) គណនា​គ្រឹះ​សំណង់ សិក្សា​និង​គណនា​ស្ពាន​និង​ថ្នល់ គ្រប់គ្រង​ការដ្ឋាន​សំណង់ និង​សំណង់​សិល្បៈ​ការណ៍។

 

វិស្វកម្ម​ស្ថាបត្យកម្ម៖ ជំនាញ​ឯកទេស​នេះ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​បង្កើត​ប្លង់​ស្ថាបត្យកម្ម ការ​រចនា​ផ្នែក​ខាង​ក្នុង និង​ខាងក្រៅ​នៃ​សំណង់​អាគារ​ព្រម​ទាំង​ការ​រៀបចំ​ប្លង់​នគរោបនីយកម្ម។ ក្នុង​នោះ​និស្សិត​ក៏​នឹង​បាន​សិក្សា​លម្អិត​ពី​ជំនាញ​ស្ថាបត្យកម្ម​បូក​បន្ថែម​ចំណេះដឹង​ខ្លះៗ​ពី​ជំនាញ​សំណង់​ស៊ីវិល។

 

ទេពកោសល្យ ធនធាន​រ៉ែ​និង​ភូគព្ភសាស្ត្រ

 

ដេប៉ាតតឺមង់​ធនធាន​រ៉ែ​និង​ភូគព្ភសាស្ត្រ​ ផ្ដល់​ការ​បណ្ដុះបណ្ដាល​លើ​វិស័យ​ធនធាន​រ៉ែ​និង​ភូគព្ភសាស្ត្រ​លើ​ជំនាញ​ឯកទេស​ដូចជា៖ វិស្វកម្ម​ធនធាន​រ៉ែ វិស្វកម្ម​ប្រេង ការ​អនុវត្ត​ផ្នែក​ភូគព្ភសាស្ត្រ​និង​វិស្វកម្ម​គ្រឹះ​ភូគព្ភសាស្ត្រ។

 

ទេពកោសល្យ​អគ្គិសនី អគ្គិសនី​ថាមពល​និង​ទូរគមនាគមន៍

 

ដេប៉ាតតឺមង់​ទេពកោសល្យ អគ្គិសនី និង​ថាមពល​ផ្ដល់​ការ​បណ្ដុះបណ្ដាល​លើ​វិស័យ​អគ្គិសនី​និង​ថាមពល​រួម​មាន ៣ ជំនាញ៖ ថាមពល អេឡិចត្រូនិក និង​ទូរគមនាគមន៍។

 

ថាមពល៖ អគ្គិសនី​ក្នុង​អាគារ​និង​ឧស្សាហកម្ម​ ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ក្នុង​ផ្នែក​ឧស្សាហកម្ម រោងចក្រ​អគ្គិសនី​និង​អនុ​ស្ថានីយ​អគ្គិសនី បណ្តាញ​អគ្គិសនី​និង​ការ​ចែកចាយ​ថាមពល​អគ្គិសនី។

 

អេឡិចត្រូនិក៖ ស្វ័យប្រវត្តិកម្ម​ទំនើប សម្រាប់​បម្រើការ​ក្នុង​សហគ្រាស​ឧស្សាហកម្ម។ ទូរគមនាគមន៍៖ ប្រព័ន្ធ​ទូរគមនាគមន៍​ចល័ត​និង​អចល័ត។

 

ទេពកោសល្យ​ព័ត៌មានវិទ្យា​និង​ទំនាក់ទំនង

 

កម្មវិធី​សិក្សា​នៅ​ក្នុង​ដេប៉ាតតឺមង់​ទេពកោសល្យ​ព័ត៌មានវិទ្យា​និង​ទំនាក់ទំនង​រួម​មាន វិធីសាស្ត្រ​ក្នុង​ការ​សរសេរ​កម្មវិធី​កុំព្យូទ័រ ប្រព័ន្ធ​ប្រតិបត្តិការ​ម៉ាស៊ីន​កុំព្យូទ័រ ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ បណ្តាញ​កុំព្យូទ័រ តក្កវិទ្យា កម្មវិធី​អ៊ីនធឺណិត និង​កម្មវិធី​ពហុ​ព័ត៌មាន និង​បញ្ញា​សិប្បនិម្មិត។

 

ទេពកោសល្យ​ឧស្សាហកម្ម និង​មេកានិច

 

ទេពកោសល្យ​ឧស្សាហកម្ម និង​មេកានិច​មាន​ទិសដៅ​តម្រង់​លើ​ពីរ​ឯកទេស៖ មេកានិច និង​ផលិតកម្ម​ភាព​ត្រជាក់។

 

មេកានិច៖ មេកានិច​នៃ​អង្គធាតុ​រឹង វិទ្យាសាស្ត្រ​នឹង​ភាព​ធន់​នៃ​សម្ភារៈ ការ​ច្នៃ​សម្ភារៈ ផលិតកម្ម​មេកានិច មាត្រសាស្រ្ត សិក្សា​គម្រោង និង​ប្លង់​ម៉ូទ័រ​ចំហេះ​ក្នុង។

ផលិតកម្ម​ភាព​ត្រជាក់៖ មេកានិច​នៃ​អង្គធាតុ​រាវ​ទែម៉ិច​និង​ទែរម៉ូឌីណាម៉ិច ម៉ាស៊ីន​បរិក្ខារ​ត្រជាក់​ស្វ័យប្រវត្តិកម្ម អេឡិចត្រូនិក ការ​រៀបចំ​និង​គ្រប់គ្រង​សហគ្រាស។

 

ទេពកោសល្យ​ជនបទ

 

ដេប៉ាតឺម៉ង់​ទេពកោសល្យ​ជនបទ ធានា​ការ​បណ្តុះបណ្តាល​ជំនាញ​វិស្វកម្ម​ធនធាន​ទឹក​និង​ហេដ្ឋារចនាសម្ពន្ធ​សម្ព័ន្ធ​ជនបទ​រួម​មានៈ ការ​សិក្សា​អំពី​របប​ទឹក​លើ​ដី និង​ក្រោម​ដី សំណង់​ធារាសាស្រ្ត ប្រព័ន្ធ​ស្រោចស្រព ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត ការ​រំដោះ​ទឹក​កខ្វក់ ឋាន​លេខា ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្រ្ត​ អភិវឌ្ឍ​ជនបទ សំណង់​ផ្លូវ​លំ​និង​អាគារ​ជនបទ។

 

សម្រាប់​ការ​សិក្សា​ជំនាញ​ឯកទេស​ទាំង​នេះ និស្សិត​ត្រូវ​សិក្សា​រយៈ​ពេល ៥ ឆ្នាំ ជាមួយ​ការ​សិក្សា​ថ្នាក់​ឆ្នាំ​មូលដ្ឋាន​រយៈ​ពេល​ពីរ​ឆ្នាំ ដើម្បី​និស្សិត​មាន​សមត្ថភាព​និង​ចំណេះដឹង​គ្រប់គ្រាន់​អាច​បន្ត​សិក្សា​យក​ជំនាញ​ឯកទេស​មួយ​ក្នុង​ចំណោម​ជំនាញ​ទាំង ៧ ដែល​បណ្ដុះបណ្ដាល​នៅ​សាលា​តិចណូ។

 

មុខវិជ្ជា​បណ្ដុះបណ្ដាល​នៅ​ក្នុង​ដេប៉ាតឺម៉ង់​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន​មាន​ដូចជា៖ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា មូលដ្ឋាន​គ្រឹះ​ព័ត៌មានវិទ្យា គំនូរ​បច្ចេកទេស បរិស្ថាន ទីផ្សារ គ្រប់គ្រង​និង​គណនេយ្យ ទស្សនវិជ្ជា ប្រវត្តិវិទ្យា ភាសា​បារាំង និង​ភាសា​អង់គ្លេស។

 

បន្ត​អាន៖ តិចណូ​​ល្បី​តាំង​ពីសង្គម​ចាស់ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកវិទ្យា​និង​វិស្វកម្ម​ដល់​និស្សិត​កម្ពុជា

បន្ត​អាន៖ ឧកញ៉ា​ល្បី​ឈ្មោះ​​នៅ​ពី​ក្រោយ​ការ​នាំ Rolls-Royce មក​កម្ពុជា

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

មតិយោបល់