• 2025-02-05 07:29:19
  • ព័ត៌មាន

ព្រះអាទិត្យ សប្បនិម្មិត របស់ចិន សម្រេចបានកំណត់ត្រាថ្មី ដើម្បីឈានទៅបង្កើត ថាមពលស្អាត

  • 2025-02-05 07:29:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះអាទិត្យសប្បនិម្មិត របស់ចិន បានបំបែកកំណត់ត្រាថ្មី របស់ពិភពលោក ដោយអាចរក្សាបាន Plasma រយៈពេល ១៧ នាទី។ នេះជាការបើកផ្លូវថ្មីមួយទៀត សម្រាប់ការឈានទៅអភិវឌ្ឍន៍ ថាមពល Fusion ដើម្បីបង្កើតថាមពលស្អាត មិនប៉ះពាល់បរិស្ថាន សម្រាប់ប្រើប្រាស់ក្នុងរយៈពេលវែង។

ព្រះអាទិត្យសប្បនិម្មិតរបស់ចិន ឬ China Artificial Sun គឺជាកម្មវិធីស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រនុយក្លេអ៊ែរ ដែលមានគោលដៅ បង្កើតព្រះអាទិត្យសប្បនិម្មិតមួយ មានសមត្ថភាព ដូចជាព្រះអាទិត្យពិត ដែលអាចផ្តល់ថាមពលដ៏ច្រើនដោយប្រើប្រតិកម្ម Nuclear Fusion។ គោលដៅនៃការបង្កើត ព្រះអាទិត្យសប្បនិម្មិតនេះ គឺដើម្បីបង្កើតប្រភពថាមពលដែលអាចប្រើបានយូរ និងមិនមានផលប៉ះពាល់ ដល់បរិស្ថាន។ វាផ្តោតលើការធ្វើឲ្យប្រតិកម្ម Fusion កើតឡើងក្រោមសីតុណ្ហភាពខ្ពស់បំផុត ដូចដែលកើតឡើងនៅក្នុងផ្ទៃក្នុងរបស់ព្រះអាទិត្យពិត។

ចិន បានប្រើឧបករណ៍ មួយមានឈ្មោះថា EAST (Experimental Advanced Superconducting Tokamak)។ ឧបករណ៍នេះ ធ្វើឲ្យអ៊ីដ្រូសែនបញ្ចូលគ្នាបានក្រោមសីតុណ្ហភាពខ្ពស់បំផុត ដើម្បីបង្កើតថាមពល។ ចំណែក ប្រតិកម្ម Fusion គឺជាការបញ្ចូលគ្នានៃអាតូមអ៊ីដ្រូសែនដើម្បីបង្កើតអ៊ីល្យូម (Helium) និងផលិតថាមពលដ៏ច្រើន។ វាមិនបង្កបញ្ហា ដល់បរិស្ថានដូចជាការប្រើថាមពលនុយក្លេអ៊ែរបែបប្រតិកម្មបំបែក (Nuclear Fission) ទេ។

ក្នុងការធ្វើការស្រាវជ្រាវនេះ សីតុណ្ហភាពត្រូវតែខ្ពស់ជាងសីតុណ្ហភាព ក្នុងផ្ទៃរបស់ព្រះអាទិត្យ។ ឧទាហរណ៍មួយដែលបានធ្វើឡើងដោយចិនគឺបានឈានដល់សីតុណ្ហភាព 120 លានដឺក្រេ Celsius ដែលខ្ពស់ជាងសីតុណ្ហភាព របស់ព្រះអាទិត្យពិតទៅទៀត។

ប្រសិនបើការស្រាវជ្រាវនេះជោគជ័យ វានឹងជួយកាត់បន្ថយបញ្ហាផ្នែកបរិស្ថាន ដូចជាការកកើតឡើងនៃឧស្ម័នកាបូនជាដើម។ មួយផ្នែកទៀត វានឹងជួយដល់ប្រទេសផ្សេងទៀត ក្នុងការដោះស្រាយបញ្ហាថាមពល នៅក្នុងពេលអនាគត៕

ប្រភព ៖ SciTechDaily

អត្ថបទ ៖ គីម ណារ៉ាក់

មតិយោបល់