• 2024-10-16 01:57:04
  • ព័ត៌មាន

បាត់ដំបង នឹងបើកព្រឹត្តិការណ៍បច្ចេកវិទ្យាឌីជីថលធំជាងគេនាឆ្នាំ២០២៤ ក្រោមប្រធានបទ “សន្និសីទបច្ចេកវិទ្យាឌីជីថល និងធុរកិច្ចថ្មី"

  • 2024-10-16 01:57:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បារខែម​បាត់ដំបង ២០២៤ ( BarCamp Battambang) “សន្និសីទបច្ចេកវិទ្យាឌីជីថល និងធុរកិច្ចថ្មី" នឹង​រៀបចំប្រព្រឹត្តទៅនាថ្ងៃទី ២៥ ដល់ ២៦ ខែ តុលា ឆ្នាំ ២០២៥ ចាប់ពី ម៉ោង៨:០០ ព្រឹក ដល់ម៉ោង៥:០០ ល្ងាច នៅសាកលវិទ្យាល័យ ជាតិបាត់ដំបង ខេត្តបាត់ដំបង។

កម្មវិធីនេះ សហការរៀបចំដោយ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យ បាត់ដំបង និង​បារខែម​ កម្ពុជា ដោយ​មាន​ការ​គាំទ្រពី ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ​ក្រសួង​អប់រំ​ យុវជន និងកីឡា គណៈកម្មការរដ្ឋាភិបាលឌីជីថល និង​សាលាខេត្តបាត់ដំបង ព្រមទាំងចូលរួមឧបត្ថម្ភដោយមូលនិធិ ស.អ. និង​ក្រុមហ៊ុន Smart Axiata។

បារខែម​បាត់ដំបង ២០២៤ ជាព្រឹត្តិការណ៍បច្ចេកវិទ្យាឌីជីថល និងធុរកិច្ចថ្មី ប្រចាំឆ្នាំដ៏ធំបំផុត នៅភាគពាយព្យនៃប្រទេសកម្ពុជា ដែលមានគោលបំណងប្រមូលផ្តុំសិស្សនិស្សិតសាកលវិទ្យាល័យ មន្ត្រីរាជការ ធុរកិច្ចថ្មី និងអ្នកចូលចិត្តបច្ចេកវិទ្យា ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ បច្ចេកវិទ្យា ការច្នៃប្រឌិត និងគំនិតអាជីវកម្ម។ ឆ្នាំនេះកម្មវិធីបារខែមបាត់ដំបងនឹងផ្តោត ក្នុងការឲ្យអ្នកចូលរួម ទទួលបានអត្ថប្រយោជន៍កាន់តែច្រើនពីបច្ចេកវិទ្យាឌីជីថលដែលពួកគេប្រើប្រាស់ និងគំនិតអាជីវកម្ម បែបផែនធុរកិច្ចថ្មីឌីជីថល ដែលពួកគេអាចរៀនបន្ថែមពីវាគ្មិន ដែលមាន ជំនាញវិជ្ជាជីវៈ និងបទពិសោធន៍ផ្សេងៗគ្នា។ សន្និសីទនេះនឹងលើកយកនូវប្រធានបទចម្រុះដូចជា៖

  • ការរចនា និងច្នៃប្រឌិត
  • ការអភិវឌ្ឍន៍ និងការសរសេរកម្មវិធី
  • AI / BlockChain / Robotic / Cloud Computing / IoT
  • ការអភិវឌ្ឍន៍អាជីព
  • ឧបករណ៍ឌីជីថលសម្រាប់របៀបរស់នៅកាន់តែប្រសើរ និងកំណើនអាជីវកម្ម
  • មូលដ្ឋានគ្រឹះនៃការធ្វើបទបង្ហាញ និងការរៀបចំអាជីវកម្ម
  • ទីផ្សារឌីជីថល
  • អ៊ីនធឺណិត | សុវត្ថិភាពតាមអ៊ីនធឺណិត
  • ការជំរុញការចាប់យកបច្ចេកវិទ្យាឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យម
  • គំរូអាជីវកម្ម / ការអភិវឌ្ឍន៍អតិថិជន / យុទ្ធសាស្រ្តលក់ / ភាពជាដៃគូ / ការគ្រប់គ្រងហិរញ្ញវត្ថុ / ការអភិវឌ្ឍន៍ក្រុម ។ល។

សន្និសីទបច្ចេកវិទ្យាឌីជីថល និងធុរកិច្ចថ្មីឌីជីថលនៅឆ្នាំនេះនឹងជំរុញអ្នកចូលរួមឱ្យយល់អំពី លក្ខខណ្ឌថ្មីៗ នៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថល និងប្រើប្រាស់ដើម្បីរៀនសូត្រ កែលម្អប្រតិបត្តិការ អាជីវកម្មរបស់ពួកគេ ក៏ដូចជាបង្កើតអាជីវកម្មដោយប្រើប្រាស់គំនិតច្នៃប្រឌិតរបស់ពួកគេ។ ជាពិសេសសិស្សានុសិស្សអាច បង្កើនការរៀបចំរបស់ពួកគេ ហើយនឹងយល់កាន់តែច្បាស់អំពី អាជីពផ្សេងៗគ្នានៅក្នុងវិស័យបច្ចេកវិទ្យា ឌីជីថល ដែលពួកគេអាចជ្រើសរើស និងក្រុមហ៊ុន ដែលពួកគេអាចសម្រេចចិត្តធ្វើការនាពេលអនាគត។

ព្រឹត្តិការណ៍នេះនឹងមានការចូលរួមពីវាគ្មិនចំនួន ៣៥រូប ក្រុមហ៊ុនបច្ចេកវិទ្យានិងធុរកិច្ចថ្មី ឌីជីថលចំនួន ២៥ ចូលរូមតាំងពិរព័រណ៌ សិស្សនិស្សិត មន្ត្រីរាជការ សហគ្រាសធុនតូចនិង មធ្យម ប្រមាណ ២៥០០នាក់។

ចូលរួមកម្មវិធីដោយសេរី និង​ឥតគិតថ្លៃ! សូមចុះឈ្មោះតាមតំណរ https://bit.ly/BarCampBTB24

សម្រាប់ព័ត៌មាន​បន្ថែម​សូមទំនាក់ទំនង៖

  • កញ្ញា ធី សូហ្វី ប្រធានផ្នែកទំនាក់ទំនងសាធារណៈ
  • ទូរសព្ទ៖ 012-537-356
មតិយោបល់