- 2024-07-09 02:57:58
- ព័ត៌មាន
បន្ទាប់ពីរោងចក្រដំឡើងរថយន្ត! សម្តេចធិបតី ស្នើឱ្យ Toyota បើករោងចក្រផលិតគ្រឿងបន្លាស់ និង Accessories ផ្គត់ផ្គង់ក្នុងស្រុក និងក្រៅប្រទេសទៀត
- 2024-07-09 02:57:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បន្ទាប់ពីរោងចក្រដំឡើងរថយន្ត! សម្តេចធិបតី ស្នើឱ្យ Toyota បើករោងចក្រផលិតគ្រឿងបន្លាស់ និង Accessories ផ្គត់ផ្គង់ក្នុងស្រុក និងក្រៅប្រទេសទៀត
ចន្លោះមិនឃើញ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឱ្យក្រុមហ៊ុន Toyota ពិនិត្យលទ្ធភាពក្នុងការផលិតគ្រឿងបន្លាស់របស់ក្រុមហ៊ុនតូយ៉ូតា ដែលមិនត្រឹមតែសម្រាប់ការផ្គត់ផ្គង់ដល់ក្រុមហ៊ុន Toyota នៅកម្ពុជានោះទេ ប៉ុន្តែថែមទាំងផ្គត់ផ្គង់ដល់ក្រុមហ៊ុន Toyota នៅតាមបណ្ដាប្រទេសផ្សេងៗទៀត និងពិនិត្យលទ្ធភាពលើការភ្ជាប់កិច្ចសហការជាមួយនឹងបណ្ដាក្រុមហ៊ុនក្នុងស្រុកដែលអាចផ្គត់ផ្គង់ជាសម្ភារបរិក្ខារបន្ទាប់បន្សំ (Accessories) បំពាក់លើរថយន្តតូយ៉ូតា។
ការលើកឡើងរបស់សម្តេចធិបតីខាងលើនេះ ធ្វើឡើងក្នុងជំនួបជាមួយលោក Fujita Ryoji នាយកក្រុមហ៊ុន Toyota Tsusho Manufacturing Cambodia កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤។
គួររំលឹកថា កាលពីដើមឧសភាកន្លងទៅ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន Toyota Tsusho Manufacturing Cambodia ត្រូវបានសម្ពោធជាផ្លូវការ ដោយមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ ជាមួយទុនវិនិយោគប្រមាណជិត ៣៧លានដុល្លារអាមេរិក។ វត្តមានរបស់រោងចក្រដំឡើងរថយន្ត Toyota នៅកម្ពុជា បង្ហាញពីទំនុកចិត្តរបស់វិនិយោគិនជប៉ុននៅកម្ពុជា និងសញ្ញាវិជ្ជមានអំពីសក្ដានុពលរបស់កម្ពុជាសម្រាប់ការវិនិយោគ ទាំងក្នុងវិស័យយានយន្ត ក៏ដូចជាវិស័យ កម្មន្តសាល និងវិស័យឧស្សាហកម្មធុនធ្ងន់ដទៃទៀត។
សម្រាប់ឆ្នាំ២០២៤ រោងចក្រនេះ មានសមត្ថភាពដំឡើងរថយន្ត ២ប្រភេទ បានចំនួន ១៣២០គ្រឿង ក្នុងនោះ ម៉ាក Fortuner ចំនួន ២៩០គ្រឿង និង Hilux ចំនួន ១០៣០គ្រឿង។
ក្នុងឱកាសនៃជំនួបនេះដែរ លោកនាយកក្រុមហ៊ុន ក៏បានគោរពរាយការណ៍ជូនសម្ដេចធិបតីអំពីវឌ្ឍនភាព និងដំណើរការអាជីវកម្មរបស់រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុន។ បន្ថែមលើនេះ លោកនាយកក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្ដេចធិបតី អំពីគំនិតផ្ដួចផ្ដើមរបស់ក្រុមហ៊ុនក្នុងការបង្កើតសាលាបណ្ដុះបណ្ដាលជំនាញយានយន្ត (Toyota Academy) នៅកម្ពុជា។
សម្តេចធិបតី ក៏បានផ្ដល់អនុសាសន៍ដល់ក្រុមហ៊ុនក្នុងការរៀបចំបង្កើតសាលាបណ្តុះបណ្តាលនេះជា២ជម្រើស៖ (១)ក្រុមហ៊ុនអាចរៀបចំបង្កើតសាលាបណ្ដុះបណ្ដាល ដោយក្រុមហ៊ុនផ្ទាល់តែម្តង និង(២) ជាទម្រង់កូនកាត់ (Hybrid) ដោយសហការជាមួយនឹងសាលាបណ្តុះបណ្តាលរបស់រាជរដ្ឋាភិបាលដែលមានស្រាប់ តាមរយៈកិច្ចសហការជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕