- 2024-06-28 03:11:06
- ព័ត៌មាន
BYD នឹងបើករោងចក្រ EV ដំបូងគេនៅកម្ពុជា ក្រោយប្រកាសដំឡើងស្ថានីយសាកភ្លើងប្រមាណ ២០០ទីតាំងទូទាំងប្រទេស
- 2024-06-28 03:11:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
BYD នឹងបើករោងចក្រ EV ដំបូងគេនៅកម្ពុជា ក្រោយប្រកាសដំឡើងស្ថានីយសាកភ្លើងប្រមាណ ២០០ទីតាំងទូទាំងប្រទេស
ចន្លោះមិនឃើញ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងឱ្យដឹងក្នុងពិធីសំណេះសំណាលមួយកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ថា ក្រុមហ៊ុនរថយន្តអគ្គិសនីដ៏ធំមួយរបស់ចិន គឺ BYD គ្រោងនឹងបើករោងចក្រផលិតរថយន្តនៅកម្ពុជា បន្ទាប់ពី Ford, Toyota និង Hyundai។
ដូច្នេះ BYD អាចជាក្រុមហ៊ុនដំបូងគេ ដែលបើករោងចក្ររថយន្តអគ្គិសនីនៅកម្ពុជា ខណៈដែលក្រុមហ៊ុនចិនមួយនេះ បានបង្ហាញពីគម្រោងដំឡើងស្ថានីយសាកភ្លើងសម្រាប់ EV ប្រមាណ ២០០ទីតាំង នៅទូទាំងប្រទេសកម្ពុជា នាពេលកន្លងមក។
ថ្មីៗនេះ ក៏មានក្រុមហ៊ុនចិនឈ្មោះ Jilin Jiqi Longshan Light Vehicle Co., Ltd បានបង្ហាញពីគោលបំណងវិនិយោគលើការដំឡើងរថយន្តដឹកជញ្ជូនធុនតូចនៅតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអាចឈានដល់ការនាំចេញថែមទៀតនាពេលអនាគតផងដែរ។
សូមជម្រាបថា បច្ចុប្បន្ននេះ កម្ពុជា មានរោងចក្រដំឡើងរថយន្តចំនួន ៦ហើយ រួមមាន៖
១. រោងចក្ររបស់ក្រុមហ៊ុន DAEHAN AUTO (CAMBODIA) CO., LTD. ចាប់ផ្តើមប្រតិបត្តិការឆ្នាំ២០២២, នៅខេត្តស្វាយរៀង, ផលិតរថយន្ត SAMYUNG។
២. រោងចក្ររបស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO LTD. ចាប់ផ្តើមឆ្នាំ២០២២, នៅខេត្តពោធិ៍សាត់, ផលិតរថយន្ត FORD។
៣. រោងចក្ររបស់ក្រុមហ៊ុន CAMKO MOTOR CO., LTD. ចាប់ផ្តើមឆ្នាំ២០២២, នៅខេត្តកោះកុង, ផលិតរថយន្ត HYUNDAI។
៤. រោងចក្ររបស់ក្រុមហ៊ុន HGB MOTORS ASSEMBLY CO., LTD. ចាប់ផ្តើមឆ្នាំ២០២៣, នៅខេត្តបន្ទាយមានជ័យ, ផលិតរថយន្ត KIA។
៥. រោងចក្ររបស់ក្រុមហ៊ុន GTV MOTOR CO., LTD. នៅខេត្តកណ្តាល។
៦. រោងចក្ររបស់ក្រុមហ៊ុន Toyota Tsusho នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដំឡើងរថយន្ត Toyota Fortuner និង Hilux សម្ពោធជាផ្លូវការកាលពីដើមខែឧសភា ឆ្នាំ២០២៤៕