• 2024-05-13 03:04:56
  • ផលិតផលថ្មី

មកដឹងពីខ្សែសង្វាក់ផលិតកម្មឡានខ្មែរ​ GTV ដែល​កំពុងប្រគល់​ជូនអតិថិនរបស់ខ្លួនហើយ

  • 2024-05-13 03:04:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន GTV Motor Cambodia បាន​ឱ្យដឹងកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ​២០២៤ថា គិត​មកដល់បច្ចុប្បន្ននេះ រថយន្ត GTV ទទួលបាន​ការបញ្ជាទិញជាច្រើនគ្រឿង​ ខណៈ​រថយន្ត​ជាច្រើនគ្រឿង​កំពុងស្ថិតក្នុងដំណើរការផលិត និងមួយចំនួនទៀត​កំពុងតែប្រគល់ជូនអតិថិជន​ជាបន្តបន្ទាប់។

ជាមួយគ្នានេះ ក្រុមហ៊ុន​ GTV ក៏បាន​បង្ហាញ​នូវខ្សែសង្វាក់ផលិតកម្ម​​របស់រថយន្ត​ប្រេន​ខ្មែរនេះផងដែរ​រួមមានដូចខាងក្រោម៖

១. ការប្រើប្រាស់ខ្សែសង្វាក់ផលិតកម្មរថយន្តដោយស្វ័យប្រវត្តិដំបូងគេរបស់កម្ពុជា ខ្សែសង្វាក់ផលិតកម្ម GTV គឺជាខ្សែសង្វាក់បញ្ជូនដោយស្វ័យប្រវត្តិ និង ដំណើរការដោយឆ្លាតវៃ នៃ ប្រព័ន្ធ AGV ស្របតាមស្តង់ដារអន្តរជាតិ ដែលអាចដឹងច្បាស់ពីដំណើរការនៃខ្សែសង្វាក់ដំឡើងរថយន្ត មិនតែប៉ុណ្ណោះក៏ជួយដល់ការផលិតកាន់តែមានប្រសិទ្ធភាព និងមានភាពត្រឹមត្រូវ។

២. AGV (Automated Guided Vehicle): ជីធីវី ម៉ូធ័រ គឺរោងចក្រតែមួយគត់ និង ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលបានប្រើប្រាស់ប្រព័ន្ធ AGV ជំនួយដល់សង្វាក់នៃការដំឡើងរថយន្ដ មានរចនាបថត្រឹមត្រូវ ស្របតាមស្ដង់ដា ព្រមទាំងមានប្រសិទ្ធិភាពខ្ពស់ក្នុងការដំឡើង។

៣. MES (Manufacturing Execution System): ជីធីវី គឺជាក្រុមហ៊ុនដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលបានប្រើប្រាស់កម្មវិធីប្រព័ន្ធប្រតិបត្ដិការណ៍ការផលិត(MES)។ ប្រព័ន្ធប្រតិបត្ដិការណ៍ដ៏សំខាន់មួយនេះមានតួនាទីគ្រប់គ្រង និង ផ្ដល់ព័ត៌មានបានយ៉ាងត្រឹមត្រូវ ទៅលើដំណើរការផលិតកម្ម ការកំណត់ពេលវេលា ដំណើរការគ្រប់គ្រង ការប្រមូលទិន្នន័យ ការគ្រប់គ្រងលើគុណភាពផលិតផល និងការគ្រប់គ្រងធនធានប្រើប្រាស់ជាដើម។

៤. Testing Line: ជាដំណើរនៃការធ្វើតេស្ដសាកល្បងសមត្ថភាពរថយន្ដ GTV ទៅលើផ្នែកសំខាន់នីមួយៗ ដូចជា ផ្នែកចង្កៀងមុខ កម្រិតស្ដង់ដារកង់រថយន្ដទាំង៤ ប្រព័ន្ធហ្វ្រាំង ប្រព័ន្ធស៊ីម៉ាំង កម្រិតសំឡេង កម្រិតផ្សែង កម្រិតល្បឿន ប្រព័ន្ធគ្រប់គ្រងលំនឹង និង សមត្ថភាពប្រព័ន្ធគ្រឿងក្រោម។

៥. Rain Testing Room: ការធ្វើតេស្ដបើកបរឆ្លងកាត់បន្ទប់ពិសោធន៍ដែលមានភ្លៀងដើម្បីត្រួតពិនិត្យលើប្រព័ន្ធការពារជម្រាបទឹកផ្នែកខាងក្រៅ និង ប្រព័ន្ធដំណើរការរថយន្ដ។

៦. The Final Inspection Line: សង្វាក់ត្រួតពិនិត្យលទ្ធផលសម្រេច ជាដំណាក់កាលចុងក្រោយ ដែលរថយន្ដត្រូវបានត្រួតពិនិត្យម៉តចត់ដើម្បីធានាឲ្យបាននូវគ្រប់លក្ខខណ្ឌស្ដង់ដាផលិតផល មុនពេលចេញពីរោងចក្រ។

៧. Test Drive Road: GTV បានបង្កើតទីតាំងបើកបរសាកល្បងមានទំហំធំជាងគេក្នុងប្រទេសកម្ពុជា ហើយក៏កំពុងរៀបចំសាងសង់ផ្លូវសម្រាប់ធ្វើតេស្ដល្បឿនរថយន្ដទៀតផង។ បន្ថែមពីនោះ គ្រប់ម៉ូឌែលរថយន្ដ GTV ទាំងអស់ក៏បានឆ្លងកាត់ការធ្វើតេស្ដបើកបរសាកល្បង លើប្រភេទផ្លូវផ្សេងៗ ដូចជា ផ្លូវកោង ផ្លូវរលាក់ ផ្លូវមានថ្ម ក្រួសតូចៗ។

៨. GTV Professional Team: បុគ្គលិកដែលបម្រើការនៅក្នុងរោងចក្រដំឡើង គឺជាក្រុមការងារដែលប្រកបដោយជំនាញ ច្បាស់លាស់ត្រឹមត្រូវ និង សុទ្ធសឹងជានិស្សិតដែលបានបញ្ចប់ការបណ្ដុះបណ្ដាល វិជ្ជាជីវៈពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាលើជំនាញផ្នែកវិស្វករមេកានិចរថយន្ដ។

៩. GTV Test Drive Event: ក្នុងពិធីដាក់ឲ្យដំណើរការបើកបរសាកល្បង ត្រឹមរយៈពេលមួយថ្ងៃ GTV បានចាប់ផ្ដើមទទួលការកក់ម៉ូឌែលរថយន្ដរហូតដល់ទៅ៨០គ្រឿង និង ត្រឹមរយៈពេល១ខែបានទទួលការកក់រហូតដល់ទៅ ១៨០៣​គ្រឿង។ ម៉ូឌែលរថយន្ដជាច្រើនគ្រឿងកំពុងតែស្ថិតក្នុងការផលិត និង មួយចំនួនទៀតត្រូវបានប្រគល់ជូនអតិថិជនបណ្ដើរៗហើយ៕

មតិយោបល់