- 2024-05-08 08:39:04
- ព័ត៌មាន
ឡាន BYD លក់ដាច់ខ្លាំងក្នុងពិភពលោក តែមកដល់ពេលនេះ មិនទាន់បានចូលទីផ្សារអាមេរិកនៅឡើយទេ
- 2024-05-08 08:39:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡាន BYD លក់ដាច់ខ្លាំងក្នុងពិភពលោក តែមកដល់ពេលនេះ មិនទាន់បានចូលទីផ្សារអាមេរិកនៅឡើយទេ
ចន្លោះមិនឃើញ
ក្រុមហ៊ុនចិន BYD កំពុងប្រដេញគ្នាយ៉ាងខ្លាំងជាមួយក្រុមហ៊ុនអាមេរិក Tesla លើការលក់រថយន្តអគ្គិសនីក្នុងពិភពលោក ពោលគឺ BYD បានលក់ដាច់ខ្លាំងនៅតាមបណ្តាប្រទេសជាច្រើន រួមទាំងអឺរ៉ុបផងដែរ។ ប៉ុន្តែរហូតមកដល់ពេលនេះ BYD នៅមិនទាន់បានចូលទីផ្សារអាមេរិកនៅឡើយទេ។
ការមិនទាន់ឈានចូលទីផ្សារអាមេរិកនេះ ត្រូវបាន BYD បន្ទោសទៅលើគោលនយោបាយរឹតត្បិតរបស់អាមេរិក និងរបាំងពាណិជ្ជកម្ម មកលើផលិតផលបច្ចេកវិទ្យារបស់ចិន។ ម៉្យាងទៀត អាមេរិក ក៏ទំនងជាមានការបារម្ភដែរថា រថយន្តធូរថ្លៃរបស់ក្រុមហ៊ុនចិនជាពិសេសរថយន្តអគ្គិសនី នឹងប៉ះពាល់ខ្លាំងដល់ក្រុមហ៊ុនរថយន្តអាមេរិក។ កន្លងមក នៅទីផ្សារអាមេរិកនេះ គឺគ្របដណ្តប់ដោយរថយន្តជប៉ុន និងកូរ៉េរួចមកហើយ។
លោកស្រី Stella Li នាយកប្រតិបត្តិ BYD ប្រចាំនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បាននិយាយថា ក្រុមហ៊ុនខ្លួន មិនទាន់មានគម្រោងនាំយករថយន្តមកកាន់ទីផ្សារអាមេរិកនេះនៅឡើយទេ។ លោកស្រីអះអាងថា ទីផ្សារនេះគឺពិតជាគួរឱ្យចាប់អារម្មណ៍ ប៉ុន្តែវាបែរជាមានភាពស្មុគ្រស្មាញខ្លាំង នៅពេលនិយាយពីរថយន្តអគ្គិសនី។ យ៉ាងណាក៏ដោយ BYD បានត្រៀមខ្លួនរួចស្រេចសម្រាប់ទីផ្សារអាមេរិក ទាំងបច្ចេកវិទ្យា និងខ្សែចង្វាក់ផ្គត់ផ្គង់។
កាលពីខែមករា ឆ្នាំ២០២៤កន្លងទៅ ស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk បានបង្ហាញក្តីបារម្ភថា ក្រុមហ៊ុនរថយន្តចិន នឹងកម្ទេចគូប្រជែងសាកលទាំងអស់ ប្រសិនបើគ្មានរនាំងពាណិជ្ជកម្មទេនោះ ខណៈការលក់រថយន្តចិនដែលមានតម្លៃធូរថ្លៃ បាននឹងកំពុងក្តោបក្តាប់ទីផ្សារក្នុងដៃកាន់តែណែន។ ការបារម្ភរបស់លោក Elon Musk នេះ បន្ទាប់ពីក្រុមហ៊ុនចិន BYD បានទម្លាក់តំណែងរបស់ក្រុមហ៊ុន Tesla ក្នុងនាមជាអ្នកលក់រថយន្តអគ្គិសនីដាច់ខ្លាំងជាងគេបង្អស់ នៅត្រីមាសចុងក្រោយ ឆ្នាំ២០២៣។
យ៉ាងណាក៏ដោយចុះ BYD ក៏មិនបានបោះបង់ចោលដែរ ពោលគឺនឹងដាក់រោងចក្រផលិតរថយន្តនៅប្រទេសក្បែរខាងអាមេរិកតែម្តង គឺប្រទេសម៉ិចស៊ីកូ។ BYD រំពឹងថា នឹងអាចលក់រថយន្តខ្លួននៅម៉ិចស៊ីកូ ប្រមាណ ៥ម៉ឺនគ្រឿងក្នុងឆ្នាំនេះ ហើយនឹងបន្តកើនឡើងទ្វេរដងនៅឆ្នាំក្រោយ៕