• 2024-03-05 09:25:13
  • គន្លឹះ

ក្រោយមាន​ផ្លូវល្បឿនលឿន! ការប្រើ​មុខងារ Cruise Control កាន់តែ​ពេញនិយម តែគួរកុំប្រើផ្តេសផ្តាស

  • 2024-03-05 09:25:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកបើកបរ​រថយន្ត​នៅក្នុងប្រទេសកម្ពុជា បានចាប់ផ្តើម​ប្រើប្រាស់​មុខងារ​ Cruise Control កាន់តែច្រើន ខណៈបណ្តាញផ្លូវថ្នល់កាន់តែស្អាតធំទូលាយ ជាពិសេស​ ប្រើនៅលើផ្លូវល្បឿនលឿន។

Cruise Control ងាយស្រួលប្រើបំផុត ដែល​មានទីតាំង​ស្ថិតនៅ​ម្តុំដៃចង្កូត គ្រាន់តែខុសរូបរាង​គ្នា​ទៅតាម​ប្រភេទរថយន្ត ដោយខ្លះជាកុងតាក់កាច់ចុះឡើង និង​ខ្លះជាប៊ូតុងចុច។

មុខងារ​នេះ​វាបាន​ផ្តល់​ប្រយោជន៍​យ៉ាងច្រើនជាជំនួយ​ដល់​ការបើកបរ​របស់លោកអ្នក រួមមាន​ដូចជា៖

១. សន្សំសំចៃ​នៃការ​ប្រើប្រាស់​សាំង៖ ពេល​បើក​មុខងារ Cruise Control អ្នកមិនចាំបាច់​ត្រូវជាន់ហ្គែរបន្ថែមល្បឿន​នោះទេ ដោយ​មុខងារ​នេះគឺ​វាជួយមិនឱ្យរថយន្ត​ថយល្បឿនវិញឡើយ។ ដូច្នេះ​វាក៏​មិនស៊ីសាំង​ដូចការជាន់ហ្គែរនោះដែរ។

២. មិនចុកជើង និង​កាត់​បន្ថយភាព​ភ័យខ្លាច​បុកប៉ះ​ជាមួយគេ៖ រាល់ពេល​ដែល​អ្នកបើកបរ​ជាន់ហ្គែរបង្កើនល្បឿន គឺប្រាកដ​ជាមានការ​បារម្ភខ្លាចជាន់ជ្រុល ហើយ​ជាន់ហ្វ្រាំង​មិនទាន់បុកប៉ះជាមួយយានយន្តដទៃ ឬឧបសគ្គអ្វីមួយនៅខាងមុខ។ អ៊ីចឹង​ អ្នក​បើកបរ​គ្រាន់តែប្រើមុខងារCruise Control ហើយដាក់​ជើង​គងលើឈ្នាន់​ហ្វ្រាំង​ត្រៀម​តែជាន់ប៉ុណ្ណោះ មិនមានអ្វីត្រូវគិត​បារម្ភច្រើនឡើយ និង​មិនចុកជើងទៀត។

៣. គេចផុតពីការចាប់ល្បឿន​របស់​ប៉ូលិស៖ នេះ​ជាចំណុច​ដ៏មាន​ប្រយោជន៍​បំផុត​សម្រាប់​អ្នកបើកបរ ពិសេស​នៅតាមផ្លូវដែល​មានផ្លាកសញ្ញាកំណត់ល្បឿន។ ឧទារណ៍​នៅពេល​បើកបរ​ដល់​ចំណុច​ដែល​មានការដាក់ផ្លាកសញ្ញាកំណត់​ល្បឿនអតិបរមា ៦០គីឡូម៉ែត្រ/១ម៉ោង អ៊ីចឹង​គ្រាន់តែប្រើ Cruise Control កំណត់​តាមល្បឿនហ្នឹង ជាការស្រេច ប្រសើរជាងការជាន់ហ្គែរ ឬបន្ថយល្បឿន ដែល​ត្រូវឧហ្សាហ៍ងាកមើលកុងទ័រចុះឡើងនាំតែពិបាក ហើយមិនស្រួលច្រលំជាន់ជ្រុលលើសល្បឿនកំណត់​នេះទៀត។

៤. បច្ចុប្បន្នវា​ត្រូវបាន​អភិវឌ្ឍន៍​កាន់តែ​មាន​ប្រសិទ្ធភាព​ជាងមុន ដែល​វា​បំពាក់​ជាមួយសេនស័រ ក្នុងការ​ចាប់ចម្ងាយ និងល្បឿន​រថយន្ត​ខាងមុខ ពោលគឺ​ជួយរក្សា​ល្បឿន​រថយន្តអ្នកដោយ​ស្វ័យប្រវត្តិ មិនឱ្យទៅកៀក​រថយន្តខាងមុខឡើយ ដែល​គេហៅថា Adaptive Cruise Control។

យ៉ាងណាមិញ ក្នុងស្ថានភាពខាងក្រោមនេះ អ្នកបើកបរមិនគួរប្រើមុខងារ Cruise Control នោះទេ៖

១. អាកាសធាតុមិនល្អ ដូចជា ភ្លៀង ធ្លាក់ព្រិល ចុះអ័ព្ទ ដោយ​ក្នុងស្ថានភាព​នេះ អ្នកបើកបរមិនអាចរក្សាល្បឿនថេរបានឡើយ ព្រោះផ្លូវអាចមានសភាពរអិល និងពិបាកមើលឆ្ងាយ​នូវឧបសគ្គខាងមុខ។

២. នៅលើផ្លូវដែលមានការធ្វើចរាចរណ៍ច្រើន និងនៅទីប្រជុំជន គឺ​តម្រូវឱ្យអ្នកបើកបរ ត្រូវជាន់ហ្វ្រាំង និងហ្គែរជាញឹកញាប់។

៣. ផ្លូវកោង ឬផ្លូវអន្ទង់អាំង ដែល​ជាផ្លូវឡើងចុះ​ភ្នំ ដោយផ្លូវបែបនេះ ត្រូវការផ្លាស់ប្តូរល្បឿនជារឿយៗផងដែរ។

៤. ដឹកធ្ងន់ ឬសណ្តោង ដោយវាបន្ថែមទម្ងន់របស់​រថយន្ត​ ប៉ះពាល់ទៅដល់​ល្បឿន​ និង​ការជាន់ហ្វ្រាំង។

៥. នៅពេលយប់ មិនគួរប្រើ Cruise Control ទេ ទោះជាផ្លូវស្ងាត់ក៏ដោយ ព្រោះវាអាចបណ្តាល​ឱ្យអ្នកបើកបរ កាន់តែងងុយដេកខ្លាំង និងបាត់ការផ្តោត​ទៅលើផ្លូវ៕

អត្ថបទ៖ សំភី

មតិយោបល់