• 2024-04-22 04:09:48
  • គន្លឹះ

ឆ្ងល់ទេ! ហេតុអ្វី​បើកឡានលេខអូតូ គេឱ្យប្រើតែជើងមួយ?

  • 2024-04-22 04:09:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​បើលោកអ្នកបើករថយន្តលេខដៃ គឺ​ត្រូវប្រើជើងទាំងពីរ ប៉ុន្តែប្រសិនបើបើក​រថយន្ត​លេខអូតូ គឺគេតម្រូវឱ្យប្រើតែជើងមួយប៉ុណ្ណោះ។ តើហេតុអ្វីទៅ?

រថយន្តលេខដៃ គឺគេប្រើជើងពីរ ដោយសារតែជើងមួយ​ត្រូវជាន់អំប្រ៊ីយ៉ា និងជើងម្ខាងទៀត​ប្រើសម្រាប់ជាន់ហ្វ្រាំង ឬជាន់ហ្គែរ។ ដោយឡែក​រថយន្ត​លេខអូតូ គឺមានតែឈ្នាន់ហ្វ្រាំង និងឈ្នាន់ហ្គែរតែប៉ុណ្ណោះ។

សម្រាប់​រថយន្ត​លេខអូតូ ប្រសិន​បើអ្នកប្រើជើងម្ខាងជាន់ហ្វ្រាំង និងជើងម្ខាងទៀតជាន់ហ្គែរ វានឹង​អាចបង្កគ្រោះថ្នាក់​ ដូចខាងក្រោម៖

១. ធ្វើឱ្យអ្នកបើកបរអាច​ច្រឡំគ្នារវាងហ្វ្រាំង និងហ្គែរ ជាពិសេស​គឺនៅពេល​ត្រូវការជាន់ហ្វ្រាំងបន្ទាន់។ ពិតណាស់ នៅពេល​ស្លន់ អ្នកបើកបរប្រាកដ​ជាជាន់ឈ្នាន់ទាំងពីរ ហ្វ្រាំង និងហ្គែរ ក្នុងពេលតែមួយជាមិនខាន ដែលមិនអាចឱ្យរថយន្តឈប់ទាន់ពេលឡើយ។

២. ប្រសិនបើ​អ្នក គងជើងលើឈ្នាន់ហ្វ្រាំងផង និងឈ្នាន់ហ្គែរផង វា​នឹង​ធ្វើឱ្យរថយន្តចេញភ្លើងហ្វ្រាំង​ជាប់គ្រប់ពេល បណ្តាល​ឱ្យ​អ្នកបើកបរថយន្តខាងក្រោយមានការភាន់ច្រលំ ហើយនឹង​ជួបគ្រោះថ្នាក់ទៀតផង ព្រោះគេមិនដឹងថា រថយន្តអ្នក​ជាន់ហ្វ្រាំង​ពេលណាឱ្យពិតប្រាកដនោះទេ។

ដូច្នេះ សម្រាប់​រថយន្ត​លេខអូតូ ដើម្បីសុវត្ថិភាព គឺប្រើប្រាស់​តែជើង​ស្តាំមួយប៉ុណ្ណោះ ដើម្បីជាន់ហ្វ្រាំង និងហ្គែរ ហើយ​ទម្លាប់ប្រើជើងមួយ ចាប់តាំងពីរៀនបើកបរដំបូងតែម្តងទៅ។ ការប្រើជើងមួយបែបនេះ មានសុវត្ថិភាពណាស់ ជាពិសេស​នៅលើផ្លូវដែលមានចរាចររញេ៉រញៃ៉ គឺ​អ្នកបើកបរ ប្រើតែជើង​គងលើហ្វ្រាំង ជាការស្រេច ពោលគឺទោះបីជាមានការស្លន់ ក៏ជាន់តែឈ្នាន់ហ្វ្រាំងដែរ៕

អត្ថបទ៖ សំភី

មតិយោបល់