- 2024-03-01 03:18:21
- ព័ត៌មាន
តើ AI របស់ Apple ដែល Tim Cook និយាយក្តែងៗនោះ វានឹងអស្ចារ្យយ៉ាងណាទៅ? រង់ចាំមើលទាំងអស់គ្នា!
- 2024-03-01 03:18:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើ AI របស់ Apple ដែល Tim Cook និយាយក្តែងៗនោះ វានឹងអស្ចារ្យយ៉ាងណាទៅ? រង់ចាំមើលទាំងអស់គ្នា!
ចន្លោះមិនឃើញ
នាយកប្រតិបត្តិរបស់ Apple លោក Tim Cook បាននិយាយក្នុងកិច្ចប្រជុំមួយជាមួយម្ចាស់ភាគហ៊ុនកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ថា Apple នឹងបញ្ចេញបច្ចេកវិទ្យា Generative AI ដ៏អស្ចារ្យនៅក្នុងឆ្នាំនេះ ខណៈក្រុមហ៊ុនបានចាយលុយ និងពេលវេលា យ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើការស្រាវជ្រាវបច្ចេកវិទ្យានេះ។
លោកបញ្ជាក់ថា ក្រុមហ៊ុនបានមើលឃើញនូវសក្តានុពលដ៏ត្រចះត្រចង់មិនគួរឱ្យជឿសម្រាប់ AI នេះ ដែលជាមូលហេតុធ្វើឱ្យក្រុមហ៊ុនសម្រេចចិត្តវិនិយោគយ៉ាងខ្លាំងក្នុងវិស័យនេះ។ «យើងជឿជាក់ថា វានឹងដោះស្រាយបញ្ហាសម្រាប់អ្នកប្រើប្រាស់របស់យើង នៅពេលវាចូលក្នុងផលិតភាព»។
ជាមួយគ្នានោះ លោកក៏បានសង្កត់ធ្ងន់ដែរថា ក្រុមហ៊ុនបានធ្វើការលើបច្ចេកវិទ្យានេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ក្នុងនោះ ផលិតផល Apple មួយចំនួន ក៏បានបំពាក់ AI មកដែរ ដូចជា Vision Pro និង Apple Watch ព្រមទាំងឈីបដែលបំពាក់លើកុំព្យូទ័រ MacBook ដែលមានសមត្ថភាពដំណើរការ AI។ សម្រាប់ iPhone វិញ គឺនៅពេលអ្នកប្រើប្រាស់ជួបគ្រោះថ្នាក់ចរាចរណ៍ វានឹងខលស្វែងរកជំនួយដោយខ្លួនវាតែម្តង។
គួរកត់សម្គាល់ដែរថា ការលើកឡើងរបស់លោក Tim Cook នេះ បន្ទាប់ពីម្ចាស់ភាគហ៊ុន Apple បានច្រានចោលសំណើដែលក្រុមហ៊ុននេះចង់ធ្វើរបាយការណ៍តម្លាភាព AI យ៉ាងលម្អិត ថាតើ AI នេះត្រូវបានប្រើប្រាស់ដោយត្រឹមត្រូវឬអត់។
ប្រភពមួយចំនួនបានអះអាងថា Apple នឹងបន្ថែមមុខងារ Generative AI ថ្មីនៅលើ iOS 18 ជាមួយគម្រោងប្រើប្រាស់ AI ដើម្បីជំរុញសមត្ថភាពរបស់ app ក្នុង iOS៕