• 2024-01-23 04:15:21
  • ព័ត៌មាន

ត្រៀម​ទទួល​យករថយន្តម៉ាស៊ីន​ចំហេះ​អ៊ីដ្រូសែន​ឱ្យហើយទៅ ព្រោះ BMW Honda និង Hyundai សុទ្ធតែយល់ឃើញដូចគ្នា

  • 2024-01-23 04:15:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិតរថយន្តធំៗ បានចាប់ផ្តើម​មើលឆ្ងាយហួសពី​រថយន្តអគ្គិសនីទៅទៀត ដែលមិនប៉ះពាល់​ដល់បរិស្ថាន នោះគឺ​ពួកគេ​បានយល់​ឃើញ​ដូចគ្នា​លើ​រថយន្ត​ប្រើម៉ាស៊ីនចំហេះក្នុងអ៊ីដ្រូសែន ដែល​ជាជម្រើស​បន្ទាប់​ដ៏ធំបំផុត។

លោក Mark Freymueller អនុប្រធាន​ជាន់ខ្ពស់​ផ្នែកធុរកិច្ច​រថយន្ត​ពាណិជ្ជកម្មសាកល​របស់​ក្រុមហ៊ុន Hyundai Motor បាន​និយាយក្នុងកិច្ចសម្ភាសន៍​មួយនៅព្រឹត្តិការណ៍ CES 2024ថា «យើងមើលឃើញ​អ៊ីដ្រូសែន ដើរតួនាទីសំខាន់​ក្នុងឧស្សាហកម្ម​ទំនិញធុនធ្ងន់ ខណៈបច្ចេកវិទ្យានេះ សក្តិសម​ចំពោះ​រថយន្តដឹកទំនិញធំៗ។ មិនតែប៉ុណ្ណោះ វា​ក៏ងាយ​ស្រួលដល់ការបើកចម្ងាយឆ្ងាយ និងការបង្កើតហេដ្ឋារចនាសម្ព័ន្ធ​ដែល​បម្រើ​ឱ្យថាមពលនេះ។ ត្រង់ចំណុចនេះ គេ​នឹង​អាច​យកវាធ្វើជាគម្រូ​សម្រាប់​រថយន្ត​គ្រួសារ​នាពេលអនាគត។»

ចំណែក​ប្រធាន​ក្រុមហ៊ុន Honda Motor ប្រចាំអឺរ៉ុប លោក Inoue Katsushi បាននិយាយ​ថា ក្នុងទស្សនៈរបស់​លោក​មើលឃើញ​ថា យុគសម័យ​រថយន្តអគ្គិសនី មកមុន ហើយ​ដំណាក់កាល​បន្ទាប់ គឺ​ជា​រថយន្តចំហេះអ៊ីដ្រូសែន គ្រាន់​តែ​វាត្រូវការចំណាយ​ពេល​ច្រើនទៀត ជាពិសេស​គឺ​ត្រូវការ​ហេដ្ឋារចនាសម្ព័ន្ធរបស់វាសិន។

ថ្មីៗនេះដែរ ក្រុមហ៊ុន BMW ក៏បានធ្វើតេស្ត​រថយន្តអ៊ីដ្រូសែន​ជាហូរហែមកដែរ។ លោក Milan Nedeljkovic បាន​ប្រាប់​ Top Gear ថា «អ៊ីដ្រូសែន នៅតែ​ជាជម្រើស​ដ៏សំខាន់​មួយ។ នោះហើយ​ជាមូលហេតុ​ដែល​យើង​មាន​រថយន្តអ៊ីដ្រូសែនជាច្រើន​គ្រឿង បាន​ធ្វើតេស្ត​ និងប្រឹងប្រែង​ធ្វើការ​ដើម្បី​ធ្វើឱ្យប្រសើរឡើង​នូវបច្ចេកវិទ្យា​នេះ​បន្ថែមទៀត។

ក្រៅពីនេះ ក្រុមហ៊ុន Toyota ក៏បាន​ចាប់ផ្តើមគម្រោង​អភិវឌ្ឍម៉ាស៊ីន​ចំហេះក្នុងអ៊ីដ្រូសែន​ផងដែរ បន្ទាប់ពីធ្វើតេស្ត​រថយន្ត​ប្រើម៉ាស៊ីនប្រភេទនេះរួចមកហើយ។ Toyota បានលើកឡើងថា រថយន្ត​អគ្គិសនី មិនមែន​ជាដំណោះស្រាយ​ការមិនបញ្ចេញ​ផ្សែង​តែមួយនោះទេ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី

មតិយោបល់