- 2023-12-07 02:44:33
- ព័ត៌មាន
ឃើញចំនួនលក់ iPad ធ្លាក់ចុះ Apple មិនព្រងើយកន្តើយទេ គឺនឹងត្រៀមបញ្ចេញ iPad កែរូបរាងថ្មីតែម្តង
- 2023-12-07 02:44:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញចំនួនលក់ iPad ធ្លាក់ចុះ Apple មិនព្រងើយកន្តើយទេ គឺនឹងត្រៀមបញ្ចេញ iPad កែរូបរាងថ្មីតែម្តង
ចន្លោះមិនឃើញ
ថ្វីត្បិតតែ Apple កំពុងតែរីករាយជាមួយនឹងការលក់ iPhone 15 ដែលបានចូលរួមចំណែកពាក់កណ្តាលនៃចំណូលរបស់ខ្លួនក្តី ប៉ុន្តែសម្រាប់ផលិតផលធំៗផ្សេងទៀតរបស់ក្រុមហ៊ុននេះ ដូចជា iPad, កុំព្យូទ័រ និង នាឡិកា iWatch សុទ្ធតែធ្លាក់ចុះចំនួនលក់។
ដើម្បីដោះស្រាយបញ្ហានៃការធ្លាក់ចុះនេះ ក្រុមហ៊ុន Apple នឹងបញ្ចេញ iPad និង MacBook Air ស៊េរីថ្មី នៅដើមឆ្នាំ២០២៤ខាងមុខនេះ។
តាមការចុះផ្សាយរបស់ Bloomberg បានឱ្យដឹងថា Apple នឹងមានការផ្លាស់ប្តូរជាទ្រង់ទ្រាយធំបំផុតនូវឧបករណ៍ iPad របស់ខ្លួន២ម៉ូឌែល ដែលមានអេក្រង់ ១២,៩អ៊ីញ និង ១០,៩អ៊ីញ ប្រភេទ OLED។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏នឹងបញ្ចេញ Apple Pencil ជំនាន់ទី៣ និង Magic Keyboards សម្រាប់ iPad ថ្មីនោះផងដែរ។
សារព័ត៌មានដដែលនេះ បានអះអាងថា iPad ដែលនឹងមកដល់ឆ្នាំ២០២៤ខាងមុខនេះ នឹងកែរូបរាងថ្មីជាលើកដំបូង គិតចាប់ពីឆ្នាំ២០១៨មក។
ដោយឡែកកុំព្យូទ័រ MacBook Air ថ្មីនោះវិញ នឹងបំពាក់ឈីបជំនាន់ក្រោយរបស់ខ្លួន M3 បន្ទាប់ពីបានប្រកាសចេញ MacBook Pro (១៤អ៊ីញ និង ១៦អ៊ីញ) និង iMac (២៤អ៊ីញ) កាលពីចុងខែតុលាកន្លងទៅ។ គួរដឹងថា ពេលនោះ Apple បានបង្ហាញចេញឈីបថ្មីដ៏ខ្លាំងបំផុតចំនួន៣ គឺ M3, M3 Pro និង M3 Max។ ឈីបថ្មីនេះ គឺជាបច្ចេកវិទ្យា 3-nanometer ដែលវាមានទំហំតូចជាងមុន ប៉ុន្តែមានប្រសិទ្ធភាពប្រតិបត្តិការខ្ពស់។ លើសពីនេះ វាក៏ជួយដល់ការសន្សំសំចៃថ្មដល់ ៣៥% ឯណោះ ពោលគឺជារួម អ្នកប្រើប្រាស់អាចធ្វើការងារច្រើនក្នុងពេលតែមួយ និងលឿន តែប្រើថាមពលអស់តិច៕