• 2023-11-15 03:26:54
  • ព័ត៌មាន

ក្រោយប្រើ​៥ឆ្នាំ ឃើញថា រថយន្តអគ្គិសនី ធ្លាក់ថ្លៃខ្លាំងជាងគេបំផុត បើធៀបនឹងរថយន្តសាំង ម៉ាស៊ូត ឬ Hybrid

  • 2023-11-15 03:26:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តអគ្គិសនី បាន​បាត់បង់តម្លៃ​ជាងគេ​បំផុត​បន្ទាប់ពី​ប្រើប្រាស់​រយៈពេល ៥ឆ្នាំ បើប្រៀបធៀប​នឹងរថយន្តប្រើចំហេះក្នុង សាំង-ម៉ាស៊ូត ឬរថយន្ត Hybrid។ នេះបើតាម​ការ​សិក្សា​ថ្មីមួយ​របស់​ក្រុមហ៊ុន iSeeCars។

ការសិក្សានេះ ធ្វើឡើង​ទៅលើ​រថយន្តចំនួន ១,‌១លានគ្រឿង ដែល​លក់​នៅចន្លោះខែវិច្ឆិកា ឆ្នាំ​២០២២ ដល់ខែតុលា ឆ្នាំ​២០២៣ ដោយរកឃើញថា រថយន្តអគ្គិសនី​បានធ្លាក់ថ្លៃ ៤៩,១% បន្ទាប់ពីប្រើប្រាស់​រយៈពេល ៥ឆ្នាំ ខណៈទីផ្សាររថយន្ត​ជាមធ្យម​ធ្លាក់ចុះតម្លៃតែ ៣៨,៨% ប៉ុណ្ណោះ។

ជា​ឧទាហរណ៍ សម្រាប់​រថយន្ត Tesla Model S ធ្លាក់ថ្លៃ​ខ្លាំងបំផុតដល់ ៥៥,៥ % ក្រោយប្រើបាន ៥ឆ្នាំ ខណៈ Model 3 ធ្លាក់ថ្លៃទាបជាងគេ​ក្នុងចំណោម​រថយន្តអគ្គិសនី​របស់ Tesla នៅអត្រា ៤២,៩%។

ការពិតទៅ វាមានមូលហេតុ​ជាច្រើនដែល​បណ្តាល​ឱ្យរថយន្តអគ្គិសនី ធ្លាក់ថ្លៃខ្លាំង។ ក្នុងនោះ​មូលហេតុ​ធំជាងគេ​ គឺ​អាគុយតែម្តង ដោយសារតែវាមានអាយុកាលកំណត់ និងតម្លៃខ្ពស់។ ជាទូទៅ អាគុយ​​រថយន្ត​អគ្គិសនី ប្រើបាន​ត្រឹមតែ ៨ឆ្នាំប៉ុណ្ណោះ ដែលត្រូវផ្លាស់ប្តូរចេញ ហើយ​សមត្ថភាព​នៃការសាកភ្លើង ក៏ធ្លាក់ចុះប្រមាណ ២% ក្នុងមួយឆ្នាំផងដែរ។ ដូច្នេះ មនុស្ស​ជាច្រើន​មិនចង់ទិញ​រថយន្តអគ្គិសនី​មួយទឹកមកប្រើប្រាស់ឡើយ ដោយសារតែបារម្ភ​ពីបញ្ហាអាគុយនេះឯង។

យើងសូមលើកករណី​ជាក់ស្តែងមួយ គឺ​អាគុយប្រភេទថ្មីទំហំ ២២៩គីឡូវាត់ម៉ោង ដែលបំពាក់​លើ​រថយន្ត Ram 1500 REV 2025 មានតម្លៃ​រហូតដល់​ជាង ២ម៉ឺន ៥ពាន់ដុល្លារ។ តម្លៃអាគុយនេះ គឺសឹងតែស្មើនឹងរថយន្ត Toyota Prius 2024 ដែលមានតម្លៃចាប់ពីជាង ២ម៉ឺន ៧ពាន់ដុល្លារទៅហើយ ក្នុងទីផ្សារអាមេរិក។ បន្ទាប់មក​គឺ​អាគុយទំហំ ២០០គីឡូវ៉ាត់ម៉ោង ដែលបំពាក់​លើ​រថយន្ត Cadillac Escalade IQ 2025 មានតម្លៃជាង ២ម៉ឺន ២ពាន់ដុល្លារ។ ក្រៅពីនេះ អាគុយទំហំ ១៣៥គីឡូវ៉ាត់ម៉ោង បំពាក់លើ​រថយន្ត Rivian Amazon Delivery Van 2022 មានតម្លៃជាង ១ម៉ឺន ៣ពាន់ដុល្លារ និងអាគុយទំហំ ១០០គីឡូវ៉ាត់ម៉ោង បំពាក់លើ​រថយន្ត​ Tesla Model S 2023 មានតម្លៃជាង ១ម៉ឺន ២ពាន់ដុល្លារ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី

មតិយោបល់