• 2023-08-15 04:19:08
  • ផលិតផលថ្មី

Mazda ចិញ្ចឹមចិត្ត​បន្ត​រក្សា​ផលិត​រថយន្ត​ប្រើម៉ាស៊ូត​ បន្ទាប់ពី​រថយន្តអគ្គិសនី​មួយ​ត្រូវអស់​ជីវិត​ហើយ

  • 2023-08-15 04:19:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Mazda ទើបតែបាន​បញ្ចេញ​រថយន្ត​ថ្មីរបស់ខ្លួនគឺម៉ូឌែល CX-90 មកជាមួយជម្រើស​ប្រើម៉ាស៊ូត បើទោះបី​ជាប្រភេទ​ម៉ាស៊ីននេះ បាន​នឹង​កំពុង​បាត់ចេញពី​ពពួក SUV បន្តិចម្តងក៏ដោយ។ Mazda អះអាងថា នៅតែ​បន្តការរក្សា​រថយន្តប្រើម៉ាស៊ីន​ម៉ាស៊ូតដល់ពេលអនាគត​ដរាប​ណា អតិថិជន​នៅតែមាន​តម្រូវការ។

លោក Mitsuru Wakiie អ្នកគ្រប់គ្រងកម្មវិធីរថយន្ត​ Mazda CX-90 បាននិយាយថា «ប្រសិន​បើ​អតិថិជន ចង់បាន​រថយន្តម៉ាស៊ូត នាពេល​ខាងមុខ​យូរទៀត​ យើង​ក៏នឹង​ធ្វើគ្រប់យ៉ាង​ដើម្បី​បំពេញ​តាមច្បាប់​ស្តីពីការបញ្ចេញ​ផ្សែង ដែល​យើង​អាចបន្តផ្តល់​ជម្រើសម៉ាស៊ីននេះ»។

លោកបន្តថា តម្រូវការ​រថយន្តម៉ាស៊ូត​គឺ​ពិតជាចុះខ្សោយខ្លាំងណាស់​នាពេលបច្ចុប្បន្ន ដូច្នេះ​តម្រូវការ​សម្រាប់​ម៉ាស៊ីនម៉ាស៊ូត​នឹង​មិនពង្រីកនោះទេ ប៉ុន្តែនឹង​ផលិតសម្រាប់​តាមទីផ្សារ​ដូចជា​នៅជប៉ុន និងអូស្រ្តាលីជាដើម។

គួររំលឹកថា Mazda បានដកជម្រើសប្រើម៉ាស៊ីនម៉ាស៊ូត​ចេញពីរថយន្ត Mazda 6 ក្នុងឆ្នាំ​២០១៩ និង CX-3 ក្នុងឆ្នាំ​២០២០ ដោយ​សារធ្លាក់ចុះការលក់។ យ៉ាងណាមិញ​សម្រាប់ជប៉ុន គឺអតិថិជន​នៅតែ​អាច​មានជម្រើស​ទិញ​រថយន្តប្រើម៉ាស៊ូត ដែលរួមមានដូចជា Mazda 2, Mazda 3, Mazda 6, CX-3, CX-30, CX-5 និង CX-8។

គួរកត់សម្គាល់​ដែរថា កាលពីខែកក្កដាកន្លងទៅ Mazda បានសម្រាប់បញ្ចប់​ជីវិត​រថយន្តអគ្គិសនី​របស់ខ្លួន​មួយម៉ូឌែលគឺ MX-30 លើទឹកដីអាមេរិក ដោយសារតែមានតម្រូវការតិច​តួចស្តួចស្តើង​បំផុត។ រថយន្ត​នេះ មិន​ទទួល​ជោគជ័យ​នោះទេ បើទោះជា​មានតម្លៃ​សមរម្យ​ក៏ដោយ ព្រោះ​តែទំហំ​អាគុយ​របស់វា​តូចត្រឹមតែ ៣៥,៥គីឡូវ៉ាត់ម៉ោង ធ្វើដំណើរបានចម្ងាយតែ ១៦១គីឡូម៉ែត្រតែប៉ុណ្ណោះ៕

អត្ថបទ៖ សំភី

មតិយោបល់