- 2023-08-02 02:08:53
- ផលិតផលថ្មី
Ford Ranger Raptor 2.0 ឆ្នាំ២០២៣ ប្រើម៉ាស៊ីនម៉ាស៊ូត និង បូម FOX សមត្ថភាពនៅតែខ្លាំង ពិសេសសន្សំសំចៃ
- 2023-08-02 02:08:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ford Ranger Raptor 2.0 ឆ្នាំ២០២៣ ប្រើម៉ាស៊ីនម៉ាស៊ូត និង បូម FOX សមត្ថភាពនៅតែខ្លាំង ពិសេសសន្សំសំចៃ
ចន្លោះមិនឃើញ
ថ្មីៗនេះ ក្រុមហ៊ុន Ford Cambodia ទើបតែនាំចូលភីកអាប់ដ៏ខ្លាំងរបស់ខ្លួនគឺ Ford Ranger Rapter 2.0 ស៊េរីឆ្នាំ២០២៣ ដែលជាប្រភេទប្រើម៉ាស៊ីនម៉ាស៊ូត។
ការឌីហ្សាញរូបរាងរបស់រថយន្តនេះ គឺចង្កៀងមុខ និងអំពូលបំភ្លឺពេលថ្ងៃរចនាថ្មី ជារាងអក្សរ C ប្រភេទ Matrix LED អាចបិទបើក បែងចែកពន្លឺ និងរេតាមចង្កូតដោយស្វ័យប្រវត្តិ ប៉ាណាមុខធំ ពណ៌ខ្មៅ បង្កប់អក្សរ FORD ផុសចំកណ្តាល កាច អង់អាច រឹងមាំ មានបង្កប់កាមេរ៉ាមួយគ្រាប់។
ជាមួយគ្នានេះ វាបានបំពាក់ខែលដែកថែបពិសេស ការពារផ្ទៃផ្នែកខាងក្រោម កញ្ចក់ចំហៀងក្តោបអូតូ មានបង្កប់អំពូលស៊ីញ៉ូ LED និងកាមេរ៉ាមួយគ្រាប់ ឈ្នាន់ជើងចំហៀង យ៉ាន់កង់អាលុយមីញ៉ូម ទំហំ 17 អ៊ីញ ជាមួយសំបកកង់ Off-road ទំហំ 33 អ៊ីញ និងបំពាក់ប្រព័ន្ធបូម FOX ទំហំ 2.5 អ៊ីញ។
ចំណែកផ្នែកខាងក្រោយ គឺស្តុបរចនាថ្មី ប្រភេទ LED មានបន្ថែមស្តុបចំកណ្តាល ដែលផ្តល់ពន្លឺភ្លឺ និងសុវត្ថិភាពជាងមុន ឃ្លុបក្រោយរចនាម៉ូដថ្មី ធូរងាយស្រួលបើក-បិទ ហើយមានបង្កប់តែមអក្សរផុស RANGER រន្ធសាកភ្លើងនៅលើឃ្លុបខាងក្រោយ អាចដោតប្រើឧបករណ៍អេឡិចត្រូនិចផ្សេងៗ ងាយស្រួលសម្រាប់ការងារ និងដំណើរកម្សាន្តបែបផ្សងព្រេង និងមានរន្ធសម្រាប់ភ្ជាប់ឧបករណ៍គ្រីបឈើ និង មានបន្ទាត់ម៉ែត្រក្រិត។
មកមើលក្នុងផ្នែកកាប៊ីនវិញ មានភាពធំទូលាយរចនាបែបស្ព័រ កុងទ័រឌីជីថល ទំហំ 12.4 អ៊ីញ បង្ហាញរូបភាពបានច្បាស់ បង្ហាញព័ត៌មានបានច្រើន អេក្រង់កម្សាន្ត Touchscreen ទំហំ 12.4 អ៊ីញ ដំណើរការដោយបច្ចេកវិទ្យា SYNC 4A ជំនាន់ថ្មី អាចភ្ជាប់មុខងារ Apple CarPlay & Android Auto ដោយមិនចាំបាច់ប្រើខ្សែ ហើយក៏អាចបើកមើលផែនទី Google Maps បានដែរ។ ទន្ទឹមនេះ វាក៏មានប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ កញ្ចក់មើលក្រោយស្រទុំអូតូ Speaker ម៉ាក Bang & Olufsen ចំនួន 10 គ្រាប់ រន្ធ AUX ចំនួន 6 ងាយស្រួលក្នុងការតភ្ជាប់ឧបករណ៍អេឡិចត្រូនិចបន្ថែមផ្សេងៗ ដៃចង្កូតបូមអេឡិចត្រូនិច មានហាយឡាយថ្នេរដេរពណ៌ក្រហម និងតែម RAPTOR ធូរងាយស្រួលបត់បែន ប្រអប់លេខអេឡិចត្រូនិចជំនាន់ថ្មី 10 វគ្គអូតូ (E-Shifter)។
រថយន្តភីកអាប់នេះ បានមកជាមួយប្រព័ន្ធគ្រប់គ្រងប៉ុងអេឡិចត្រូនិចជំនាន់ថ្មី (2H, 4H, 4L, 4A) ធ្វើការជាមួយប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ Selectable Drive Modes (Normal, Sport, Slippery, Mud-Ruts, Sand, Baja, Rock Crawl) ព្រមទាំងប្រព័ន្ធចាប់ប៉ុងមុខ និងក្រោយ សម្រាប់សម្រួលពេលជាប់ផុង និងប្រព័ន្ធទប់លំនឹងពេលចុះចំណោតផងដែរ។
Ford Ranger Rapter 2.0 ស៊េរីឆ្នាំ២០២៣ ប្រើម៉ាស៊ីនម៉ាស៊ូត ចំណុះ ២,០លីត្រ Bi-Turbo ទំហំ ៤ស៊ីឡាំង ផលិតបានកម្លាំង 210 PS និងកម្លាំងរមួល 400 NM ដំណើរការជាមួយប្រអប់លេខអូតូ ១០វគ្គ និងប៉ុង២ កាប់ពីតាស់។
ជាមួយគ្នានេះ វាក៏បំពាក់មកជាមួយប្រព័ន្ធសុវត្ថិភាពយ៉ាងច្រើនផងដែររួមមានដូចជា៖
ពោងសុវត្ថិភាព 7 គ្រាប់ ការពារទាំងផ្នែកខាងមុខ ចំហៀង និង ជង្គង់
ប្រព័ន្ធហ្វ្រាំង ABS & EBD
ប្រព័ន្ធទប់លំនឹង ESP & TCS
ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិបែបអក្សរ (P) និង ប្រព័ន្ធជំនួយចាកចេញពីចំណតដោយស្វ័យប្រវត្តិ
ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិបែបអក្សរ (T)
ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលថយក្រោយ
ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិពេលថយក្រោយ
ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាប់ដោយស្វ័យប្រវត្តិក្រោយពេលមានការប៉ះទង្គិច
ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀង និងខាងក្រោយ
ប្រព័ន្ធបន្ថយល្បឿន រក្សាគម្លាតសុវត្ថិភាព ឈប់ និង ទៅមុខដោយស្វ័យប្រវត្តិតាមយានយន្តខាងមុខ និងតម្រង់គន្លងផ្លូវ
ប្រព័ន្ធជំនួយលើចង្កូត និងរំលឹកអ្នកបើកបរឲ្យបើកក្នុងគន្លងត្រឹមត្រូវ
ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និង ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ស្វ័យប្រវត្តិ
ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ និង ប្រព័ន្ធជំនួយលើដៃចង្កូតបញ្ចៀសចេញពីគ្រោះថ្នាក់៕
សូមទស្សនាវីដេអូ Review ខាងក្រោមនេះ៖