- 2023-04-26 07:20:59
- ព័ត៌មាន
ព័ត៌មានចុងក្រោយអំពីយានអវកាសជប៉ុនទីមួយ ដែលប៉ុនប៉ងចុះចតលើដីភពព្រះចន្ទ
- 2023-04-26 07:20:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព័ត៌មានចុងក្រោយអំពីយានអវកាសជប៉ុនទីមួយ ដែលប៉ុនប៉ងចុះចតលើដីភពព្រះចន្ទ
ចន្លោះមិនឃើញ
ក្រុមហ៊ុនជប៉ុន ispace បានប្រកាសនៅថ្ងៃនេះថា យានអវកាសរបស់ខ្លួនដែលប៉ុនប៉ងចុះចតលើផ្ទៃដីភពព្រះចន្ទ គឺត្រូវបរាជ័យហើយ។
ispace បញ្ជាក់ថា យានចុះចត Hakuto-R Mission 1 បានបាត់ការទាក់ទងនៅពេលកំពុងចុះចតលើផ្ទៃដីភពព្រះចន្ទ ដូច្នេះក្រុមហ៊ុននេះបានសន្និដ្ឋាន វាទំនងជាធ្លាក់នៅលើផ្ទៃដីភពនេះតែម្តង។
តែទោះជាយ៉ាងណាក៏ដោយ យាន Hakuto-R Mission 1 បានសម្រេចបេសកកម្មរបស់ខ្លួនចំនួន៨រួចស្រេចទៅហើយ ក្នុងចំណោម ១០កម្មវត្ថុ ដែលវាបានជួយផ្តល់ទិន្នន័យយ៉ាងច្រើន សម្រាប់ការប៉ុនប៉នចុះចតលើភពព្រះចន្ទម្តងទៀតនៅឆ្នាំក្រោយ។
ជារួមមកដល់ពេលនេះ នៅមិនទាន់មានក្រុមហ៊ុនឯកជនណាមួយដែលអាចបញ្ជូនយានទៅចុះចតលើផ្ទៃដីភពអង្គារបាននៅឡើយទេ ហើយប្រទេសដែលបានជោគជ័យគឺ អាមេរិក សហភាពសូវៀត និងចិន ដែលសុទ្ធតែបញ្ជូនដោយភ្នាក់ងារអវកាសរបស់រដ្ឋទាំងអស់។
សូមរំលឹកថា កាលពីឆ្នាំ២០១៩ មានប្រទេស៣ ដែលបានបញ្ជូនយានរបស់ខ្លួនទៅចុះចតលើផ្ទៃដីភពព្រះចន្ទ គឺប្រទេសចិន អ៊ីស្រាអែល និងឥណ្ឌា។ ក្នុងចំណោម៣ប្រទេសនេះ គឺមានតែចិនប៉ុណ្ណោះ ដែលទទួលបានជោគជ័យ។ ចិនបានសម្រេចជោគជ័យលើកដំបូងជាប្រវត្តិសាស្រ្ត ក្នុងការចុះចតយាន Yutu-2 នៃបេសកកម្ម Chang'e-4 នៅលើផ្នែកម្ខាងទៀតនៃភពព្រះចន្ទ (តំបន់ងងឹតដែលមនុស្សលើផែនដីមិនអាចមើលឃើញ និងជាតំបន់ដែលមិនទាន់មានប្រទេសណាបញ្ជូនយានអវកាសទៅដល់) កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩។
យានអវកាសរបស់អ៊ីស្រាអែល ឈ្មោះ Beresheet បានធ្លាក់លើភពព្រះចន្ទ ដោយសារបញ្ហាបច្ចេកទេសគ្រឿងម៉ាស៊ីន ក្នុងអំឡុងពេលព្យាយាមចុះចតលើផ្ទៃដីភពនេះ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩។
អង្គការអវកាសឥណ្ឌា (ISRO) កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ បានប្រកាសពីការបាត់ទំនាក់ទំនងជាមួយយាន Vikram នៃបេសកកម្ម Chandrayaan ដែលប៉ុនប៉ងចុះចតលើផ្ទៃដីប៉ូលខាងត្បូងនៃភពព្រះចន្ទ៕