• 2023-03-01 06:18:54
  • ព័ត៌មាន

TikTok របស់ចិន ត្រូវអាមេរិក កាណាដា និងអឺរ៉ុប ព្រួតដៃគ្នាហាមឃាត់​មិនឱ្យប្រើ

  • 2023-03-01 06:18:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហរដ្ឋអាមេរិក កាណាដា និងអឺរ៉ុប កំពុងព្រួតដៃគ្នា​ដាក់ចេញបម្រាម​មិនឱ្យ​ប្រើបណ្តាញសង្គមវីដេអូខ្លីៗ Tiktok របស់​ចិន ក្រោមហេតុផល​ទប់ស្កាត់​ការគំរាម​កំហែង​ដល់​សន្តិសុខជាតិ និង​សុវត្ថិភាព​ទិន្នន័យ​របស់​ពួកគេ។

រដ្ឋបាល​លោក ចូ​ បៃឌិន បាន​ទុកពេល​ឱ្យភ្នាក់ងារ​សហព័ន្ធ រយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃទី២៨កុម្ភៈ ដើម្បីធានា​ថា គ្មាន​កម្មវិធី TikTok នៅលើ​ឧបករណ៍​របស់​ភ្នាក់ងារ​សហព័ន្ធណាមួយឡើយ។ វិធានការ​នេះ គឺ​ដើម្បី​ធានាសន្តិសុខ​​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​របស់ខ្លួន ព្រមទាំងការការពារ​សុវត្ថិភាព និង​ឯកជនភាព​របស់​ប្រជាជនអាមេរិក។

ចំណែក​ប្រទេសបងប្អូនជាប់របងគ្នាគឺ​កាណាដា ក៏បានចាត់វិធានការ​ដូចគ្នាផងដែរ ពោលគឺ​បាន​ហាមឃាត់​នូវការ​ដំឡើង App TikTok នៅក្នុង​ឧបករណ៍​របស់​រដ្ឋាភិបាល​ទាំងអស់ ចាប់ពីថ្ងៃទី១ ខែមីនានេះតទៅ។ ការសម្រេច​ចិត្ត​នេះ បន្ទាប់ពី​ប្រធាន​មន្រ្តី​ព័ត៌មានកាណាដា បាន​ពិនិត្យឃើញ​ថា App បណ្តាញ​សង្គមនេះ ស្ថិតក្នុង​កម្រិត​ហានិភ័យ​​ចំពោះ​ឯកជនភាព និង​សន្តិសុខ​ដែល​មិនអាច​ទទួលយកបាន។

សភាអឺរ៉ុប​ឯណោះវិញ បាន​ហាមឃាត់មិនឱ្យមាន​ TikTok នៅលើ​ទូរសព្ទរបស់​មន្រ្តីខ្លួនឡើយ ចាប់ពីថ្ងៃទី២០ ខែមីនាតទៅ ដែលជាការដើរតាមគន្លងផ្លូវរបស់​គណៈកម្មការ​អឺរ៉ុប និង​ក្រុមប្រឹក្សា​អឺរ៉ុប។ វិធានការ​នេះ ដោយសារបារម្ភថា រដ្ឋាភិបាលចិនអាចនឹងប្រមូលទិន្នន័យអ្នកប្រើប្រាស់​ តាមរយៈ​ App ដែល​ជារបស់​ក្រុមហ៊ុន ByteDance នេះ ខណៈពលរដ្ឋ EU ដែល​ប្រើ App នេះ មានដល់ ១២៥លាននាក់ឯណោះ។

យ៉ាងណាមិញ ការហាមឃាត់ TikTok របស់​អាមេរិកនេះ ត្រូវបាន​ក្រសួង​ការបរទេសចិន បញ្ចេញ​ប្រតិកម្មថា វាសមទាល់តែសោះ ដែល​អាមេរិក​ក្នុងនាម​ជាកំពូលមហាអំណាចមួយ​តែបែរជាខ្លាច​ប៉ះពាល់​សន្តិសុខ​ ដោយសារតែ App មួយនេះ។ ក្រុងប៉េកាំង​បានហៅ​សកម្មភាព​នេះ​ថា ជាការប្រើអំណាច​គាបសង្កត់​ក្រុមហ៊ុនរបស់​ប្រទេស​ដទៃ៕

អត្ថបទ៖ សំភី

មតិយោបល់