• 2023-01-06 03:08:03
  • ផលិតផលថ្មី

រថយន្តអគ្គិសនីថ្មីរបស់ Volkswagen មួយ​នេះ​អាចប្រែពណ៌បាន ហើយគ្រាន់ថ្នាំលាបដល់ទៅ ៤០ឯណោះ!

  • 2023-01-06 03:08:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងបេសកកម្មជំរុញការប្រើប្រាស់រថយន្តអគ្គិសនី ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់បានសម្ពោធរថយន្តរបស់ខ្លួនឈ្មោះថា ID.7 ជាមួយការលេងពណ៌ពេញមួយតួឡាន ក្នុងពិព័រណ៍បច្ចេកវិទ្យាអេឡិចត្រូនិក Consumer Electronics Show (CES) នៅទីក្រុង Las Vegas សហរដ្ឋអាមេរិក។ រថយន្ត ID.7 ជាប្រភេទតួទាបទ្វារបួន ដែលត្រូវបានបង្ហាញក្នុងពិព័រណ៍ផលិតផលបច្ចេកវិទ្យាអេឡិចត្រូនិកដ៏ធំបំផុតក្នុងពិភពលោក។

ម៉ូដែលអគ្គិសនីនេះត្រូវបានស្រោបដោយថ្នាំប្រែពណ៌ឆ្លាតវៃ ដែលលាយបញ្ចូលរវាងបច្ចេកវិទ្យាទឹកថ្នាំ និងការលាបជាច្រើនស្រទាប់នៅលើតួរថយន្ត ដែលបង្កើតបានជាចំណាំងពន្លឺយ៉ាងឡូយលើរថយន្ត ID.7។

ក្រុមហ៊ុន Volkswagen បានហៅរថយន្តនេះថា ជាយានដែលបំពាក់ដោយបច្ចេកវិទ្យាអន្តរសកម្ម ដែលជានិមិត្តរូបនៃដំណើរឆ្ពោះទៅរកបច្ចេកវិទ្យាឌីជីថលទំនើបចុងក្រោយនៃត្រកូលរថយន្តអាល្លឺម៉ង់ដ៏ល្បីល្បាញនេះ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន បានឱ្យដឹងថា ការលាបពណ៌លើរថយន្តមិនតិចជាង ៤០ស្រទាប់នោះទេ ហើយស្រទាប់ខ្លះមានធាតុលោហៈចម្លងអគ្គិសនី និងកម្ដៅ រីឯស្រទាប់ខ្លះទៀតជាទឹកថ្នាំអីុសូឡង់។ ទីតាំង ២២ចំណុចលើតួរថយន្តអាចត្រូវបានបញ្ជាដាច់ដោយឡែកពីគ្នា ហើយវាត្រូវបានដំណើរការដោយថាមពលអគ្គិសនីស្ថិតនៅស្រទាប់ក្រោមនៃ ទឹកថ្នាំស្រោបផ្នែកខាងក្រៅបំផុត ដែលជាស្រទាប់អេឡិចត្រូបញ្ចេញពន្លឺ។ប្រសិនបើវាត្រូវបានភ្ជាប់នឹងប្រព័ន្ធសម្លេង ក្រុមហ៊ុន Volkswagen អះអាងថា ចង្វាក់ភ្លេងនឹងត្រូវបានរំលេចតាមរយៈពន្លឺនៅទីតាំងណាមួយនៃតួរថយន្ត។

កាន់តែចម្លែកទៅទៀតនោះ QR codes នៅលើរថយន្តទាំងសងខាង នឹងអនុញ្ញាតឱ្យម្ចាស់រថយន្តបញ្ជាពណ៌វាតាមរយៈស្មាតហ្វូន។ សមត្ថភាពប្ដូរពណ៌របស់វា ក៏ជួយបិទបាំងផ្នែកផត និងប៉ោងនៃតួរថយន្តផងដែរ។

តាមការពិតរថយន្តនេះត្រូវបានរចនាឡើងដោយផ្ដោតលើម៉ូដែល ID.Aero ដែលក្រុមហ៊ុន Volkswagen ធ្លាប់បង្ហាញនៅប្រទេសចិនកាលពីឆ្នាំមុន។

រថយន្ត ID.7 ត្រូវបានគេរំពឹងថា នឹងអាចរត់បានចម្ងាយ ៧០០គីឡូម៉ែត្រ សម្រាប់ការសាកអគ្គិសនីម្ដង។ នៅចំកណ្ដាលរថយន្តមានអេក្រង់ ១៥អីុញ ដែលបញ្ជាចរន្តខ្យល់។ សូម្បីតែដៃចង្កូតក៏នឹងអាចបញ្ចេញកម្ដៅឧណ្ណៗ ដល់ដៃអ្នកបើកបរផងដែរ។

លោក Thomas Schäfer អគ្គនាយកក្រុមហ៊ុន Volkswagen បាននិយាយថា ID.7 ជារថយន្តមួយក្នុងចំណោមឡានអគ្គិសនីទាំង ១០ម៉ូដែលរបស់អាល្លឺម៉ង់ ដែលគ្រោងនឹងសម្ពោធការលក់នៅឆ្នាំ ២០២៦។ ពេលនេះក្រុមហ៊ុនកំពុងឆ្លើយតបនឹងមតិពីបទពិសោធន៍អ្នកប្រើប្រាស់ដើម្បីធ្វើការកែល្អ ហើយម៉ូដែល ID.7 ដែលផលិតតម្រូវសម្រាប់ទីផ្សារនឹងបង្ហាញខ្លួនជាថ្មីនៅពាក់កណ្ដាលឆ្នាំ ២០២៣ មុនការសម្ពោធលក់ជាផ្លូវការ៕

អត្ថបទ៖ ទារិកា

មតិយោបល់