• 2022-09-12 03:14:54
  • ព័ត៌មាន

មុខងារពិសេសៗទាំង ៩ នឹងមកដល់យប់នេះលើ iOS 16

  • 2022-09-12 03:14:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បានកំណត់ ថ្ងៃទី១២ ខែកញ្ញា នឹងបញ្ចេញ iOS 16 (public version) ជំនាន់ពេញលេញជាសារធារណៈ ដែលត្រូវនឹងម៉ោង ១២អាធ្រាត ថ្ងៃទី១២ ម៉ោងនៅកម្ពុជា ឈានចូលថ្ងៃទី១៣។ ដូចនេះ យើងនឹងមកដឹងចំណុចសំខាន់ៗទាំង ៩ ដែលនឹងធ្វើឱ្យ iPhone កាន់តែឆ្លាត ងាយប្រើជាមុន សម្បូរបែប និងមានភាពដាច់ដោយឡែក ខុសពី OS ផ្សេងៗ ដូចជា៖

១. ផ្ទាំង Lock Screen មានជម្រើសប្ដូរច្រើនជាងមុន ដូចជាការប្ដូរស្ទាយ font របស់ម៉ោង និងជម្រើសប្ដូរផ្ទៃខាងក្រោយ ប្ដូររូប បន្ថែមមនុស្ស ប្រើ emoji និងប្ដូរពណ៌ជាដើម។ ផ្ទាំង lock screen នេះក៏អាចបន្ថែម widgets បានផងដែរ។

២. ផ្ទាំងបង្ហាញ Notification ថ្មី អំឡុងពេល lock screen វាមានទីតាំងនៅខាងក្រោមអេក្រង់ និងអាចលាក់ពីការបង្ហាញ និងបង្ហាញវិញដោយពង្រីកពង្រួមទៅមក ផ្ដល់បទពិសោធន៍ថ្មីដល់អ្នកប្រើ។

៣. កម្មវិធី Photos ផ្ដល់មុខងារថ្មី អាចចែករំលែករូបទើបថតភ្លាមៗចេញពីកាមេរ៉ាតែម្ដង គ្រាន់តែចុចមួយប៊ូតុងតែប៉ុណ្ណោះs។

៤. កម្មវិធីផ្ញើសារ Messages ផ្ដល់ជម្រើសថ្មី អាចឱ្យអ្នកប្រើកែសារបានផ្ញើ លុបសារ ឬ unsend និងអាចដាក់សញ្ញាសម្គាល់ unread ប្រសិនបើអ្នកមិនទាន់ចង់ឆ្លើយតបភ្លាមៗនោះទេ។

៥. កម្មវិធី Mail ផ្ដល់ជម្រើស unsend អ៊ីមែលដែលទើបផ្ញើចេញ អាចដាក់កាលវិភាគផ្ញើ និងអាចដាក់ reminders ដើម្បីរំលឹកឱ្យតាមដានការងារបានផងដែរ។

៦. កម្មវិធី Safari ផ្ដល់ជម្រើសថ្មីអាចចែករំលែក tabs និង bookmarks ឱ្យរួមគ្នាច្រើន ខណៈយើងចង់ពិភាក្សាការងាររួមណាមួយ ជាមួយមិត្តភក្ដិជាដើម។

៧. មុខងារវៃឆ្លាត អាចឱ្យអ្នកឆ្កៀល subject ចេញពី background។ វាដំណើរការនៅលើកម្មវិធី Photos, រូប Screenshot, Quick Look និងកម្មវិធី Safari ជាដើម។

៨. មុខងារ Live Text ផ្ដល់ភាពងាយស្រួលជាងមុន សម្រាប់ការហៅទូរសព្ទ បើកវ៉ិបសាយ ប្ដូរលុយ បកប្រែភាសា តាមរយៈរូបថត វីដេអូ និងកម្មវិធីកាមេរ៉ា។

៩. មុខងារសរសេរអក្សរតាមសំឡេង Dictation ផ្ដល់ជម្រើសងាយស្រួល អាចប្រើដំណាលគ្នាជាមួយនឹងក្ដារចុច មានន័យថាពេលក្ដារចុចកំពុងវាយដល់ណា នោះមុខងារសរសេរតាមអានអាចប្រើបាននៅទីនោះ។ មុខងារនេះថែមទាំងអាចហៅ emoji មកប្រើបានផងដែរ។

គួរបញ្ជាក់ថា iOS 16 អាចអាប់ឌែតបានចាប់ពី iPhone 8 និង iPhone SE ជំនាន់ទី២ ឡើងទៅ៕

អត្ថបទ៖ កុសល

មតិយោបល់